ដង្កូវនាងអ៊ីរី (philosamia ricini) គឺជាដង្កូវនាងពូជព្រៃដែលស៊ីស្លឹករុក្ខជាតិ ដូចជា ល្ហុងប្រេង ដំឡូងមី ។ នៅក្នុងផលិតកម្ម សំបុករបស់ដង្កូវនាងពូជនេះត្រូវបានគេយកទៅធ្វើជាក្រណាត់ គ្រឿងសំអាង និងវត្ថុតាំងលម្អផ្សេងៗ ។ ដឹកដឿរបស់ដង្កូវនាងនេះ អាចហូបបាន និងអាច យកធ្វើជាចំណីសត្វដ៏ល្អព្រោះវាមានប្រូតែអ៊ីនខ្ពស់ ។ សីតុណ្ហភាពដែលប្រសើរបំផុត សម្រាប់ដង្កូវនាងពូជនេះគឺ២៦-២៨ អង្សាសេ ហើយសំណើមគឺ ៧៥-៩០ ភាគរយ ។ ប៉ុន្តែវាក៏អាចរស់បានដែរ នៅសីតុណ្ហភាព និងសំណើមទាប ឬខ្ពស់ជាងនេះ ។
នៅប្រទេសកម្ពុជាយើង ដំណាក់កាលដង្កូវដល់ឡើងរុំសំបុកមានរយៈពេល១៣-១៥ថ្ងៃ ។ នៅពេលដែលសីតុណ្ហភាពទាប ការលូតលាស់របស់វា ក៏មានរយៈពេលយូរ ផ្ទុយមកវិញ នៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ (៣០-៣៥ អង្សាសេ) អាយុកាលនៃការលូតលាស់ របស់វាក៏មានរយៈពេលខ្លី ។
ជាទូទៅនៅដំណាក់ដង្កូវចែកជា៥វគ្គ គឺវគ្គទី១មានរយៈពេល៣-៤ថ្ងៃ វគ្គទី២ មានរយៈពេល ៣-៤ថ្ងៃ វគ្គទី៣ មានរយៈពេល ៣-៤ ថ្ងៃ វគ្គទី៤ មានរយៈពេល ៤-៥ថ្ងៃ និងវគ្គទី៥ មានរយៈ ពេល ៤-៥ថ្ងៃ ។ ដំណាក់កាលរុំសំបុកមានរយៈពេល៣ថ្ងៃ ដំណាក់កាលដឹកដឿមានរយៈ ពេល៧ថ្ងៃ ដំណាក់កាលមេអំបៅមានរយៈពេល៣ថ្ងៃ និងដំណាក់កាល ស៊ុត មានរយៈពេល ៩ថ្ងៃ ។
ដង្កូវនាងអ៊ីរី ត្រូវចិញ្ចឹមនៅក្នុងផ្ទះ ដែលមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ប៉ុន្តែមិនត្រូវ ឲ្យមានពន្លឺថ្ងៃចាំងមកផ្ទាល់នោះទេ ។ កន្លែងចិញ្ចឹមត្រូវតែស្អាតមានអានម័យល្អ ហើយត្រូវ នៅឲ្យឆ្ងាយពីសារធាតុគីមី និងផ្សែងពុល ។ ការចិញ្ចឹមដង្កូវនាងអ៊ីរីមានលក្ខណៈសាមញ្ញ ដែលមិនទាមទារនូវអ្នកបច្ចេកទេសជំនាញនោះទេ ។ ដើម្បីជោគជ័យក្នុងការចិញ្ចឹម អ្នក ចិញ្ចឹមត្រូវតែ មានចំណីគ្រប់គ្រាន់ ការថែទាំ ដោយរក្សាសំណើម ពន្លឺ និងខ្យល់ចេញចូល ឲ្យបានស្រមស្រប ៕/PC ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ