Home ព័ត៌មានជាតិ នយោបាយ តួនាទី​គ្រូបង...

តួនាទី​គ្រូបង្រៀន សម្រាប់​ការផ្សះផ្សា​គ្រួសារ ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ ​និង​បង្កើត​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

ដោយៈ​ផេង​ពង្ស​រ៉ាស៊ី មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្រាប់ ឆ្នាំ​២០២១ ក្នុងការ​អនុវត្ត​គម្រោង​ស្តីពី​ការអប់រំ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​ក្រសួងសុខាភិបាល ទាក់ទង​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ និង​ការការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​នេះ ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​អនុវត្ត​គម្រោង​ស្តីពី “​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​” ជាមួយ​គ្រូបង្រៀន​នៅក្នុង​ស្រុក​មេសាង និង​ស្រុក​ឯទៀត​ក្នុង​ខេត្តព្រៃវែង ពី​ខែមករា ឆ្នាំ​២០២១ តទៅ​។​

ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ជួប និង​សម្ភាស​គ្រូបង្រៀន​នៅតាម​ផ្ទះ​របស់គាត់​នៅក្នុង​ស្រុក​មេសាង និង​ស្រុក​ឯទៀត​ក្នុង​ខេត្តព្រៃវែង ក្រោម​គម្រោង​ស្តីពី «​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​» កាលពី​ខែមករា ឆ្នាំ​២០២១​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

គម្រោង​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានាថា ការផ្សះផ្សា​ផ្លូវចិត្ត​ក្នុងសង្គម​គ្រួសារ​ត្រូវបាន​យកចិត្តទុកដាក់​ហើយ​ការស្វែងយល់ និង​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ត្រូវបាន​ពង្រីក​ឥតឈប់ឈ​រ​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ​ដែល​ពុំ​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​។ ការចងចាំ​ពី​ប្រវត្តិសាស្ត្រ​នេះ គឺមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ដោយ​គ្មាន​អំពើហិង្សា អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​អមនុស្សធម៌​ផ្សេងៗ ដែល​កើតចេញពី​ការរំលោភ​សិទ្ធិ​ពី​ធម្មជាតិ និង​សិទ្ធិ​ជា​បុគ្គល​របស់​មនុស្ស​។​
​គ្រូបង្រៀន​ទាំងអស់ គឺជា​ទិសដៅ​នៃ​ការចុះ​ជួប​និង​សម្ភាស ក្នុងនោះ​គ្រូបង្រៀន​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​គឺជា​អត្ថិភាព​នៃ ការ​ណាត់ជួប​សម្រាប់​ការអនុវត្ត​គម្រោង​ដំបូង​របស់​ការិយាល័យ ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង ព្រោះថា​លោកគ្រូ​អ្នកគ្រូ​មិន​ត្រឹមតែ​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សាក្សី​រស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទៀតផង​។

​មកដល់ពេលនេះ ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​បាន​ជួប​សម្ភាស​ជាមួយ​គ្រូបង្រៀន​ដែល ជា​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ចំនួន​១៩​នាក់​រួចមកហើយ នៅតាម​គេហដ្ឋាន​ផ្ទាល់ខ្លួន​របស់​គ្រូបង្រៀន​ម្នាក់ៗ​។​រាល់​ការ​ណាត់ ជួប​ម្តងៗ ក្រុមការងារ​តែងតែ​ទទួលបាន​ការសហការ​យ៉ាង​ល្អ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ក្រុមការងារ​។
​កិច្ច​សម្ភាស​ដែល​បានមកពី​គ្រូបង្រៀន​ម្នាក់ៗ គឺជា​សាច់រឿង​បុគ្គល​និង​គ្រួសារ​ដ៏​មានតម្លៃ​បំផុត និង​មិនអាច​កាត់ថ្លៃ​បានឡើយ​។ ជាការ​ពិតណាស់ ដែលថា​មនុស្សម្នា​ក់មាន​សាច់រឿង​មួយ ហើយ​មនុស្ស​ប្រាំ​លាន​នាក់ មាន​សាច់រឿង​ប្រាំ​លាន​។​

ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ជួប និង​សម្ភាស​គ្រូបង្រៀន​នៅតាម​ផ្ទះ​របស់គាត់​នៅក្នុង​ស្រុក​មេសាង និង​ស្រុក​ឯទៀត​ក្នុង​ខេត្តព្រៃវែង ក្រោម​គម្រោង​ស្តីពី «​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​» កាលពី​ខែមករា ឆ្នាំ​២០២១​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅពេលដែល​សាច់រឿង​ទាំងអស់​ត្រូវបាន​សិក្សា​និង​ចងក្រង​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នឹង​អាច​ថែរក្សា​ប្រវត្តិសាស្ត្រ​នេះ រាប់រយ​ពាន់​ឆ្នាំ​ទៅមុខទៀត ហើយ​សាច់រឿង​ទាំងអស់ នៅតែ​ជា​មេរៀន​ជីវិត​ដ៏​មាន​ឥទ្ធិពល សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​មកទៀត ក្នុងការ​រៀនសូត្រ​ពីបទ​ពិសោធន៍​របស់​ម​នុស្ស​ជំនាន់​មុន​ដែល​ពោរពេញ​ដោយ​ទុក្ខលំបាក​វេទនា និរាស​ព្រាត់ប្រាស់ សាហាវឃោរឃៅ អមនុស្សធម៌ និង​សម្លាប់ រង្គាល​។ មេរៀន​ទាំងនេះ គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​យុវជន​ជំនាន់​ក្រោយៗ ឲ្យ​ចេះ​គិតគូរ​ពី​អនាគត​ខ្លួន គ្រួសារ សហគមន៍​និង​ប្រទេសជាតិ និង​ពិចារណា​ពី​យុទ្ធសាស្ត្រ​ដឹកនាំ​ដែល​អាច​នាំយក​ប្រទេស​កម្ពុជា​ចៀស​ផុតពី​អំពើហិង្សា ទារុណកម្ម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​

​ពេលវេលា​ដ៏​មានតម្លៃ​របស់​គ្រូបង្រៀន​ជាមួយ​ក្រុមការងារ​គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​បំផុត​នៃ​ការបង្រៀន​កូនចៅ​របស់ខ្លួន​ឲ្យ​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ ប៉ុល ពត ពី​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។ ក្រុមការងារ​របស់​កា​រិ​យា​ល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង បាន​បង្កើត​ឱកាស​នេះ​និង​លើកកម្ពស់​ឲ្យ មានការ​ពិភាក្សា ឬ​ការសន្ទនា​អន្តរ​ជំនាន់​រវាង​គ្រូបង្រៀន និង​ក្រុមគ្រួសារ​ផ្ទាល់ នៅក្រោម​ដំបូលផ្ទះ​តែមួយ​។ ឱកាស​នេះ​សបញ្ជាក់ ឲ្យ​ឃើញថា លោកគ្រូ​អ្នកគ្រូ​មិន​ត្រឹមតែ​ជា​គ្រូបង្រៀន​តាម​សាលារៀន និង​ជា​ឪពុកម្តាយ ឬ​ជីដូន​ជីតា​របស់​កូនៗ និង​ចៅៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​គ្រូបង្រៀន​ក្រៅ​ប្រព័ន្ធ ក្រៅ​ម៉ោង និង​គ្មាន​ប្រាក់ឧបត្ថម្ភ សម្រាប់​សមាជិកគ្រួសារ និង​អ្នកជិតខាង​ខ្លួន​។

ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ជួប និង​សម្ភាស​គ្រូបង្រៀន​នៅតាម​ផ្ទះ​របស់គាត់​នៅក្នុង​ស្រុក​មេសាង និង​ស្រុក​ឯទៀត​ក្នុង​ខេត្តព្រៃវែង ក្រោម​គម្រោង​ស្តីពី «​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​» កាលពី​ខែមករា ឆ្នាំ​២០២១​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​កិច្ចការងារ​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​លោកគ្រូ​អ្នកគ្រូ​គឺជា​កិច្ចការ​ស្ម័គ្រចិត្ត​ដ៏​សប្បុរស​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រើប្រាស់​ពេលវេលា ដ៏​មានតម្លៃ ដើម្បី​កសាង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ជាពិសេស​កូន ចៅ និង​ក្មេងៗ​ដែលជា​អ្នកជិតខាង ដែល​កំពុង​រស់នៅក្នុង​ភូមិ​ផង​របង​ជាមួយគ្នា​នាពេល​បច្ចុប្បន្ន​។

​ការិយាល័យ​ស្រាវជ្រាវ​និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​បានចាត់ទុក​កិច្ចការ​នេះ​ថា​មិន​ត្រឹមតែ​ជា​សកម្មភាព​នៃ​ការផ្សាភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រូបង្រៀន​ដែលជា​អតីតជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​និង​ការ​រំ​ឮ​ក​ឡើងវិញ​ពី​ប្រវត្តិ​បុគ្គល​និង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​សំណេះ សំ​ណា​ល​ជា​លក្ខណៈ​គ្រួសារ​និង​សហគមន៍​តាមរបៀប​នៃ​ការប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និង​សាសនា ដែល​រួមបញ្ចូល​ទាំង​ការសួរសុខទុក្ខ ការពិភាក្សា​ពី​បញ្ហា​សុខភាព​បុគ្គល និង​ការផ្តល់​វិធានការ ឬ​វិធី សាស្ត្រ​បន្ថែម​សម្រាប់​ការការពារ​ខ្លួន​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​រាតត្បាត​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។​

​ការិយាល័យ​ស្រាវជ្រាវ​និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​សូម​សម្តែង​នូវ​ការដឹងគុណ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ មក​ចូលរួម​ក្នុងការ​ពិភាក្សា​និង​ផ្តល់​បទ​សម្ភាស​ទាក់ទង​នឹង ដំណើរ​ជីវិត​ឆ្លងកាត់​របប​ខ្មែរក្រហម ក្នុង​គម្រោង​ស្តីពី «​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​»​។ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​លោកគ្រូ​អ្នកគ្រូ​ជាច្រើន​នាក់​ទៀត​ដែល​ពុំទាន់​ទទួល​បានការ​ណាត់ជួប​ឬ​ចូលរួម​នៅក្នុង​គម្រោង​នេះ​នឹង​ផ្តល់​ការសហការ​យ៉ាងរឹងមាំ​និង​កក់ក្តៅ​ដល់​ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ជួប និង​សម្ភាស​គ្រូបង្រៀន​នៅតាម​ផ្ទះ​របស់គាត់​នៅក្នុង​ស្រុក​មេសាង និង​ស្រុក​ឯទៀត​ក្នុង​ខេត្តព្រៃវែង ក្រោម​គម្រោង​ស្តីពី «​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​» កាលពី​ខែមករា ឆ្នាំ​២០២១​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ស្ថិតក្នុង​ទស្សនវិស័យ​ដ៏​វែងឆ្ងាយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ទាំងអស់​នឹងត្រូវ​បាន​ថែទាំ​សុខភាព​។ ក្នុងន័យនេះ​ការិយាល័យ​ស្រាវជ្រាវ​និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ទៅនឹង​ដំណើរការ​នៃ​ការត្រួតពិនិត្យ​សុខភាព និង​ពិគ្រោះ​ពី​បញ្ហា​សុខភាព ដើម្បី​ធានាបាន​ថា លោកគ្រូ​អ្នកគ្រូ​មាន​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង និង​អាចមាន​ពេលវេលា​ដ៏​យូរអង្វែង​តទៅទៀត ក្នុងការ​សាប​ព្រួស​ចំណេះដឹង និង​បទពិសោធន៍ ដល់​ក្មេងៗ​ជំនាន់​ក្រោយ​៕​សរន​

ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង នៃ​កម្មវិធី​អប់រំ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ជួប និង​សម្ភាស​គ្រូបង្រៀន​នៅតាម​ផ្ទះ​របស់គាត់​នៅក្នុង​ស្រុក​មេសាង និង​ស្រុក​ឯទៀត​ក្នុង​ខេត្តព្រៃវែង ក្រោម​គម្រោង​ស្តីពី «​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​» កាលពី​ខែមករា ឆ្នាំ​២០២១​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អ្នកគ្រូ ប៉ែន សុ​គុណ គឺជា​នាយិកា​នៃ​វិទ្យាល័យ​អង្គ​រស ក្នុងស្រុក​មេសាង ខេត្តព្រៃវែង​។
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular