ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់នៅឯកន្លែងប្រឆាំងតវ៉ាមួយក្នុងទីក្រុងយ៉ាងហ្គោន នេះបើតាមការបញ្ជាក់ប្រាប់ពីសហការីម្នាក់កាលពីថ្ងៃសុក្រទី២៦កុម្ភៈ។
វាជាការចាប់ខ្លួនអ្នកយកព័ត៌មានបរទេសលើកដំបូងនៅក្នុងប្រទេសនេះចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃ០១កុម្ភៈមក។
លោកយូគី គីតាហ្ស៊ុយមី ដែលមានក្រុមហ៊ុនសារព័ត៌មានមួយនិងធ្លាប់ជាអ្នកសារព័ត៌មានរបស់កាសែតពាណិជ្ជកម្មជប៉ុនNikkei ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ។
សហការីជនជាតិមីយ៉ាន់ម៉ារបស់លោក ឈ្មោះ លីន នីយ៉ាន់ ទុន បាននិយាយបង្ហោះក្នុងទំព័រហ្វេសប៊ុកថា « យោងតាមសាក្សី លោកត្រូវបានវាយដំ តែដោយសារពាក់មួកសុវត្ថិភាព វាមិនបង្កការប៉ះពាល់ខ្លាំងដល់គាត់ទេ។ខ្ញុំបានទាក់ទងស្ថានទូតតែមិនទាន់ទទួលបានព័ត៌មានទេ»។
លីន នីយ៉ាន់ ទុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា « ខ្ញុំអត់បានឃើញវាទេ តែបានទទួលសារមួយពីគាត់នៅម៉ោងប្រមាណ១១កន្លះព្រឹក ថាគាត់ត្រូវបានចាប់ខ្លួន។បន្ទាប់ពីនោះទៅ ខ្ញុំដាច់ការទាក់ទងជាមួយគាត់»។
ក្នុងពេលជាមួយគ្នា នាយខុទ្ទកាល័យជប៉ុន លោក កាត់ស៊ូណូប៊ូ កាតុ បានប្រាប់សន្និសីទកាសែតមួយថា ជប៉ុននៅបន្តស្វែងរកការបញ្ជាក់ការពិតនៃរឿងនេះ នៅពេលប៉ូលិសមីយ៉ាន់ម៉ាមិនបានឆ្លើយសំណួរនិងការសុំធ្វើអត្ថាធិប្បាយពីអ្នកសារព័ត៌មានទេ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា ស្ថិតក្នុងភាពវឹកវរនយោបាយ សង្គមនិងសេដ្ឋកិច្ចចាប់តាំងពីយោធាដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងចាប់ខ្លួនអ្នប្រឆាំងខ្លួនប្រមាណ៧០០នាក់តាំងពីពេលខ្លួនធ្វើរដ្ឋប្រហារ០១កុម្ភៈមក៕
រូបបង្ហាញក្នុងបណ្តាញសង្គម ទំនងជាលោកលោកយូគី គីតាហ្ស៊ុយមី ត្រូវប៉ូលិសនាំខ្លួន
ប៉ូលិសបង្ក្រាបបាតុកម្ម ឈរត្រៀមនៅផ្លូវមួយក្នុងក្រុងយ៉ាងហ្គោននៅថ្ងៃសុក្រទី២៦កុម្ភៈនេះ