​អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​ការស្ថាបនា​បើកផ្លូវ​ចូល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​

ដោយៈ ទេព មង្គល / ពោធិ៍សាត់ៈ លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​ខេត្ត នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បាន​ចុះ​ពិនិត្យ​ការស្ថាបនា​បើកផ្លូវ​ចូល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច (​ដី​លំនៅដ្ឋាន និង​ដី​កសិកម្ម​) ដែល​ត្រូវ​ប្រគល់ជូន អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​ក្នុង​ខេត្ត ចំនួន ៦២៨ គ្រួសារ ត្រង់ចំណុច​ដំណាក់​ត្រ​យឹ​ង ស្ថិតក្នុង​ភូមិ​សាយ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​នាឱកាស​នោះ លោក ម៉ៅ ធនិន បាន​មានប្រសាសន៍ថាៈ ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​នេះ ត្រូវបាន​ចាប់ឆ្នោត ប្រគល់ជូន​ដល់​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ក្នុង​ខេត្តពោធិ៍សាត់ ចំនួន ៦២៨ គ្រួសារ រួចរាល់​ហើយ កាលពី​ថ្ងៃទី​២១ ខែមករា កន្លងទៅ​ថ្មីៗ​នេះ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​ដី (​លំនៅដ្ឋាន និង​ដី​កសិកម្ម​) ទំហំ ៧០ ម៉ែត្រ គុណ​នឹង ១៥០ ម៉ែត្រ​។ ការផ្តល់ជូន​សម្បទាន​ដី​សង្គមកិច្ច គឺជា​ការមើលឃើញ ពី​ពលី​កម្ម​ដ៏​ធំធេង ពី​សំណាក់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា រដ្ឋបាលខេត្ត ដែល​បាន​ខិតខំ​បំពេញ បេសកកម្ម​ការពារជាតិ មាតុភូមិ រហូត​ទទួលបាន សុខសន្តិភាព មកដល់​សព្វថ្ងៃ​។​

​លោក ម៉ៅ ធនិន បាន​មានប្រសាសន៍​ទៀតថាៈ ដោយ​ពិនិត្យឃើញ​ពី​ការលំបាក របស់​អតីតយុទ្ធជន និង​គ្រួសារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បានផ្តល់​ថវិកា ចំនួន ៥០០.០០០ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ផ្ទះ ជូន​អតីតយុទ្ធជន ក្នុង​ខេត្តពោធិ៍សាត់ ដែល​ទើប​ទទួល បាន​សម្បទាន​ដី​សង្គមកិច្ច ពី​រាជរដ្ឋាភិបាល ហើយ​ការស្ថាបនា​ផ្ទះ​គម្រូ ក៏​នឹងត្រូវ​ធ្វើឡើង ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។​

​ជំនួសមុខ​ឱ្យ​អតីតយុទ្ធជន និង​គ្រួសារ លោក​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់ ជូន​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទ ក្រហម​កម្ពុជា និង​សម្តេច​តេ​ជោ ព្រមទាំង​ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ចំពោះ​ជំនួយ និង​ការចូលរួម​ដ៏​ថ្លៃថ្លា​នេះ ដែលជា​ការរួមចំណែក ដោះស្រាយ ទុក្ខលំបាក របស់​បងប្អូន​គ្រួសារ​អតីតយុទ្ធជន និង​បង្ហាញ​នូវ​កាយវិការ​មនុស្សធម៌ ដែល​សម្តេច តែងតែ​គិតគូរ យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​របស់ បងប្អូន​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ មាន​សុខ​ភាពល្អ និង​ជីវភាព កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ លោក​អភិបាលខេត្ត​ពោធិ៍សាត់ ក៏បាន​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ ការអនុវត្ត​វិធានការ​ការពារ ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ ច្រក​ល្អៀង ព្រមទាំង​បន្ត​ចុះ​ពិនិត្យ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​ទីប្រជុំជន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ឆ្ពោះ​មកកាន់​រមណីយដ្ឋាន ទឹកធ្លាក់​ច្រក​ល្អៀង ដែលមាន​ប្រវែង ១៤ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​របស់​ខេត្ត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular