ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានធ្វើការវាយបក លើសេចក្តីថ្លែងការណ៍ របស់អង្គការលើកលែង ទោសអន្តរជាតិ (Amnesty International) ទាក់ទងនឹងស្ថានភាព នៃការការពារ និងអភិរក្សដែនជម្រក សត្វព្រៃព្រៃឡង់ ដែលអង្គការនេះ បានប្រើប្រាស់រូបភាព ផ្សាយរណពិពណ៌នា ពីបទល្មើស និងការទាមទារ ឱ្យក្រុមបណ្តាញសហគមន៍ព្រៃឡង់ គ្មានច្បាប់បន្តសកម្មភាពបែប អនាធិបតេយ្យរបស់ខ្លួន នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
ជុំវិញបញ្ហានេះ លោក នេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុក សេចក្តីថ្លែងការណ៍ បែបទម្លាប់អាក្រក់ ដែលអង្គការមួយនេះ ធ្វើឡើង ក្នុងចរិតរិះគន់ ដើម្បីបំផ្លាញកម្ពុជា ជ្រកក្រោមស្លាកសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ និងការពារក្រុមជនបំពានច្បាប់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈ ” អង្គការលើកលែងទោសអន្តរជាតិ តែងតែចេញសេចក្តីថ្លែងការណ៍ ផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ក្រុមជនបំពានច្បាប់ និងញុះញង់ ដោយមិនចេះខ្មាសអៀន ឱ្យជនទាំងនោះ បន្តប្រព្រឹត្តល្មើសច្បាប់។ អង្គការនេះ គួរប្រកាន់យកភាពស្មោះត្រង់ សុច្ចរិតភាព និងវិជ្ជាជីវៈក្នុងការចេញសេចក្តីថ្លែងការណ៍ ណាមួយ ” ។
ជុំវិញបញ្ហានេះ លោក នេត្រ ភក្ត្រា បានថ្លែងថាៈ ” ដើម្បីធ្វើឱ្យសេចក្តីថ្លែងការណ៍ របស់ខ្លួន ទាក់ទាញការចាប់អារម្មណ៍ អង្គការលើកលែងទោសអន្តរជាតិ បានបំភ្លៃការពិតលើ ការប្រើប្រាស់រូបភាព ផ្កាយរណប អំពីរថយន្តដឹកនាំឈើ និងការសម្អាតដៃ ដែលតាមការពិត ទីតាំងមួយចំនួន ដែលអង្គការនេះថា ស្ថិតក្នុងដែនជម្រក សត្វព្រៃព្រៃឡង់ គឺជាទីតាំង ដែលបានបោសសម្អាត នៅក្នុងគម្រោង សម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុនឯកជន។
លោកបានចាត់ទុកថាៈ នេះគឺជាកំហុសវិជ្ជាជីវៈមួយ ដែលអង្គការលើកលែង ទោសអន្តរជាតិ ដែលតាំងខ្លួនជាជើងឯក ផ្នែកសិទ្ធិមនុស្ស បានបំភ្លៃលើទិន្នន័យផ្កាយរណប ដើម្បីពិពណ៌នា ការបាត់បង់ព្រៃឈើ តាមរបៀបវារៈទុច្ចរិតរបស់ខ្លួន ក្នុងទិសដៅបំភ្លៃការពិត។
មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថានរូបនេះ បានថ្លែងបន្ថែមថាៈ បទល្មើសធនធានធម្មជាតិ ពិតជានៅបន្តកើតមាន នៅក្នុងតំបន់ការពារធម្មជាតិ រួមនឹងដែនជម្រក សត្វព្រៃព្រៃឡង់ បើទោះបីជាមន្ត្រីឧទ្យានុរក្ស និងកម្លាំងសមត្ថ កិច្ចពាក់ព័ន្ធរួមនឹងសហគមន៍ តំបន់ការពារធម្មជាតិ ខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ក្នុងការចុះល្បាត ទប់ស្កាត់បង្ក្រាបបទល្មើស។ ប៉ុន្តែបទល្មើសទ្រង់ទ្រាយធំលែងមានទៀតហើយ នៅមានកើតឡើងបទល្មើស ទ្រង់ទ្រាយតូចៗ ដែលជនល្មើស មួយចំនួន បន្តលួចធ្វើសកម្មភាព ដោយលួចលាក់កាប់ឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់។ លោកបានបញ្ជាក់បន្ថែមថាៈ ស្ថានភាព វាមិនអាក្រក់ ដូចអ្វីដែលក្រុមអង្គការសង្គមស៊ីវិលខ្លះ និងក្រុមសកម្មជន នយោបាយ ព្យាយាមបំប៉ោងព័ត៌មាននោះទេ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកឡើងថាៈ ក្នុងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិ ដោយមានការគាំទ្រ ពីគម្រោងព្រៃឡង់បៃតងរបស់ USAID ផង បានចុះល្បាតចំនួន ១.៧២៨ លើក បង្ក្រាបបទល្មើស បានចំនួន ១.០១៩ ករណី ក្នុងនោះបានបញ្ជូនសំណុំរឿង ទៅតុលាការចំនួន ៤៧ ករណី រឹបអូសរណាយន្ត បានចំនួន ៤៨១ គ្រឿង គោយន្តកន្ត្រៃ ចំនួន ១១៦ គ្រឿង រឹបអូសម៉ូតូចំនួន ៤៧ គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់ បានចំនួន ២.៦៣០ អន្ទាក់ ដកហូតកាំភ្លើងកែច្នៃ ចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ ម៉ែត្រគូប ពិន័យអន្តរការណ៍ ចំនួន ៦៩ ករណី និងធ្វើកិច្ចសន្យា និងអប់រំ ចំនួន ៣៧៩ ករណី។
រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាៈ សេចក្តីថ្លែងការណ៍ ដែលបង្កប់ ដោយរបៀបវារៈ នយោបាយទុច្ចរិត របស់អង្គការលើកលែងទោសអន្តរជាតិនេះ នឹងបន្ទរដោយក្រុមសង្គមស៊ីវិល ក្នុងស្រុក ដែលភាគច្រើន ធ្វើសកម្មភាព ដោយគ្មានច្បាប់ ហើយព្យាយាមបន្តតាំងខ្លួន ជាតួឯកផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីផលចំណេញនយោបាយ សម្រាប់ក្រុមខ្លួន ដោយមិនគិតពី គោលការណ៍ច្បាប់ជាធំ។
ទាក់ទងនឹងបណ្តាញ សហគមន៍ព្រៃឡង់វិញ ត្រូវបានលោក នេត្រ ភក្ត្រា លើកឡើងថាៈ បណ្តាញសហគមន៍ព្រៃឡង់ គឺជាយន្តការប្រតិបត្តិការ ក្រោមទម្រង់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែមិនបានចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ ជាពិសេសច្បាប់ ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ហើយថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះខែសីហា ឆ្នាំ២០២០ ក៏បានតម្រូវ បណ្តាញនេះទៅចុះបញ្ជីត្រឹមត្រូវ តាមនីតិវិធីច្បាប់ ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការសហការ និងអនុវត្តសកម្មភាព ការងាររបស់ខ្លួន ជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ចរបសរាជរដ្ឋាភិបាល។
លោកបានថ្លែងថាៈ អ្វីដែលសមាជិកនៃ បណ្តាញសហគមន៍ព្រៃឡង់នេះ បាននិងកំពុងធ្វើ ស្ថិតក្រោមការសម្របសម្រួល និងគាំទ្រមួយច្បាស់លាស់ ពីក្រុមជនមួយក្រុមតូច ដែលមានរបៀបវារៈនយោបាយ ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា បង្កើតភាពអនាធិបតេយ្យ និងចិញ្ចឹមទំនាស់ លើវិស័យបរិស្ថាន និងធនធានធម្មជាតិ។
ទន្ទឹមគ្នានេះ លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានប្រកាសថាៈ ក្រសួងបរិស្ថាន រីករាយ និងស្វាគមន៍ជានិច្ច នូវរាល់ការចូលរួមការពារ និងអភិរក្ស ធនធានធម្មជាតិ និងជីវៈចម្រុះនានា ក្នុងតំបន់ការពារធម្មជាតិ សម្រាប់ដៃគូទាំងឡាយណា ដែលបានគោរព តាមគោលការណ៍ណែនាំ នីតិវិធីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តត្រឹមត្រូវ។ ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នា គោរពច្បាប់ជាធរមាន និងធ្វើសកម្មភាព ស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នា ថែរក្សាធនធានធម្មជាតិកម្ពុជា ឱ្យបានគង់វង្ស សម្រាប់មនុស្ស រាប់ជំនាន់ តទៅមុខទៀត។
លោក នេត្រ ភក្ត្រា បានលើកឡើងថាៈ កន្លងទៅនេះ ក្រសួងបរិស្ថាន បានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវ តាមច្បាប់ បាននិងកំពុងធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ច គ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ សកម្មភាពបំពានលើច្បាប់ យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាក ជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិត ក្នុងការធ្វើវិទ្ធង្សនា ប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តែប៉ុណ្ណោះ។ ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពាន ធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ និងខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន គ្មានជម្រើសអ្វី ក្រៅពីការអនុវត្ត វិធានការច្បាប់ ជាពិសេសច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាព បែបនេះទេ ហើយក្រសួង ក៏ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយតាមដាន ពិនិត្យ និងចាត់វិធានការតាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលធ្វើសកម្មភាព ដោយមិនមានច្បាប់ត្រឹមត្រូវ។
ពាក់ព័ន្ធក្នុងរឿងនេះ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិល និងក្រុមសកម្មជន នយោបាយ ជ្រកក្រោមស្លាក អ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិថាៈ ” សូមអស់លោកកុំមានជំងឺ តួឯកក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ! យើងខ្ញុំគ្មានជំងឺតួឯកនេះដូចអ្នកទេ។ តួឯករបស់យើងខ្ញុំ គឺធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ហើយយើងខ្ញុំ ខិតខំប្រឹងប្រែងការពារ និងអភិរក្ស ដើម្បីប្រយោជន៍មនុស្ស រាប់ជំនាន់ទៅមុខទៀត “៕/V