ដោយ:សៅវ៉ាន់ឌី /ព្រះវិហារ:ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទម្នាក់ពីបទកាប់រុករានទន្ទ្រាដីរដ្ឋជាកម្មសិទ្ធិទៅឃុំខ្លួនកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។យុវជននេះត្រូវបានចាប់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៅក្នុងដែនព្រៃការពារធម្មជាតិនៅប្រាសាទតាម៉ៅក្នុងភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥កុម្ភៈ។

លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃ២៦កុម្ភៈនេះថាការកាប់រានដីព្រៃរដ្ឋនោះត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀតនិងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរបស់រដ្ឋ។

លោកអនុប្រធានមន្ទីរបរិស្ថានបានបន្តថានៅល្ងាចថ្ងៃទី២៥កុម្ភៈលោកទីវគឹមពិសាលចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរនិងបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះឆុងផាន់ភអាយុ១៩ឆ្នាំ។ជននេះត្រូវបានចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕