Home ព័ត៌មានសំខាន់ៗ បាល់ទាត់​អឺរ៉...

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Man City រំពឹង​ឈ្នះ​លើក​ទី​២០​ជាប់ៗ​គ្នា​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍ ខណៈ​ស្អែក​កាំភ្លើង​ធំ​ទៅសួរសុខទុក្ខ​កញ្ជ្រោង​ខៀវ​, តោ​ខៀវ​ស្វាគមន៍​បិសាច​ក្រហម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ លី​ក​កំពូល​អឺរ៉ុប​ចុង​សប្តាហ៍​នេះ​វិលត្រឡប់​មក​ទៀត​ហើយ​នៅ​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ាញ និង បារាំង​។ ក្រុម​រំពឹង​ឈ្នះ​នៅ​ចុង​សប្តាហ៍​នេះ​មាន​ច្រើន ដូចជា ៖ Man City, Liverpool, Bayern Munich, Dortmund, Stuttgart, Leipzig, Atl. Madrid, Inter Milan, Juventus, Lille, Lyon និង PSG​។

​សម្រាប់​គូ​វិភាគ​គឺមាន ៣ គូ​នៅ​ក្របខ័ណ្ឌ EPL ដូចខាងក្រោម ៖

– Man City vs West Ham

​ក្រុម​មេឃ​ខៀវ Man City នឹង​ពង្រឹង​ចំណាត់​ថ្នាក់​កំពូល​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ពួកគេ​ទទួល​ក្រុម​ញញួរ​ធំ West Ham នៅ​កីឡដ្ឋាន Etihad Stadium​។ មេឃ​ខៀវ​ចាប់ផ្តើម​រដូវ​កាល​មិនបាន​ល្អ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​២០២១ ពួក​គេ​គ្មាន​នរណា​អាច​ទប់​ជាប់​បានឡើយ​។ ទ័ព​ខៀវ​របស់​លោក​ប៉េប ហ្គាឌី​អូ​ឡា​នឹង​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ឈ្នះ ២០ ប្រកួត​ជាប់ៗ​គ្នា​ថ្ងៃនេះ បើសិន​ឈ្នះ​ញញួរ​ធំ ហើយ​ពួកគេ​មាន​គ្រប់​មេទ័ព​ធំៗ​ដើម្បី​យកឈ្នះ​លើ​ទ័ព​ញញួរ​ធំ​។

​ដោយហេតុ​ថា​ឥឡូវនេះ ខ្សែការពារ​អាកេ​ជា​អ្នកអ​វត្ត​មាន​តែ​ម្នាក់​គត់​នៅក្នុង​ក្រុម​របស់​លោក​ប៉េប ម្ចាស់ផ្ទះ​ថ្ងៃនេះ​រំពឹង​ឈ្នះ​យ៉ាង​ងាយស្រួល​បំផុត​។ ញញួរ​ធំ West Ham កំពុង​លេង​ឡើង​ជើង​នៅ​រដូវ​កាល​នេះ ហើយ​ទើប​ឈ្នះ Spurs ២-១ សប្តាហ៍​មុន ប៉ុន្តែ​គីឡូ​របស់ Man City មិនមែន​ស្រាល​ដូច​មាន់​ខ្នាយ​មាស​ទេ​។ ញញួរ​ធំ​នឹង​មិន​មាន​វត្តមាន​របស់​កីឡាករ​អូកបូន​ណា​, ម៉ា​ស៊ូ​កា និង យ៉ាម៉ូ​លេន​កូ ដោយសារ​របួស​។​

​ត្បិត West Ham កំពុង​ឡើង​ជើង​ក៏ពិតមែន ប៉ុន្តែ​កម្រិត​លេង​នោះ​នៅ​ទាប​ជាង​មេឃ​ខៀវ​ឆ្ងាយ​ណាស់ ហើយ​មួយវិញទៀត ញញួរ​ធំ​មក​ទឹកដី​របស់​មេឃ​ខៀវ ៤ លើកចុងក្រោយ​ចាញ់​ទក់​សាច់​ទាំង ៤ លើក​។ លទ្ធផល​ព្យាករណ៍ ម្ចាស់ផ្ទះ​ឈ្នះ ៣-០​។​

– Leicester vs Arsenal

​ក្រសែភ្នែក​គ្រប់គ្នា​នឹង​ក្រឡេក​មក​មើល​ការប្រកួត​នេះ​នៅ​ក្បាល​ព្រលប់​ថ្ងៃអាទិត្យ​។ កញ្ជ្រោង​ខៀវ​កំពុង​លេង​ល្អ​ខ្លាំង​នៅ EPL និង​ហាក់​ផ្តោត​លើ​ការរក្សា​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​ដើម្បី​បាន​លេង​នៅ CL រដូវ​កាល​ក្រោយ ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​ពួក​គេ​លេង​មិនសូវ​ប្រឹង​ក្នុង EL ដោយ​ធ្លាក់​ក្រោម​ថ្វីដៃ​របស់​ក្រុម​ឆែក Slavia Prague ២-០ ក្នុង​ទឹកដី​ខ្លួនឯង​។ ពិតណាស់ កូនក្រុម​របស់លោក ប្រេន​ដាន់ រ៉ូ​ជើ កំពុង​ស្ថិត​លើ​មា​គា​រក្សាបាន​ចំណាត់​ថ្នាក់​សម្រាប់​លេង​នៅ CL រដូវ​កាល​ក្រោយ ប៉ុន្តែ​ពួកគេ​ត្រូវតែ​បន្ត​ប្រឹងប្រែង​ខ្លាំង​ដើម្បី​រក្សា​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ ឱ្យ​ជាប់​។ ចា​ស្ទីន​, ហ្វូ​ហ្វា​ណា​, ប៉េ​រ៉េស​, ប្រា​អែ​ត និងម័រ​ហ្គាន​នៅ​បន្ត​នៅក្រៅ​ការប្រកួត​ដោយសារ​របួស ខណៈ​ម៉ា​ដ​ឌី​សុន​នឹង​អាច​លេង​ទល់នឹង Arsenal បាន​។

​កាំភ្លើង​ធំ Arsenal ដែល​ទើប​យក​ឈ្នះ​លើ Benfica ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ EL មានបំណង​ស្តារ​ទម្រង់​លេង​ឡើងវិញ ក្រោយ​ចាញ់ Man City ១-០ ទាំង​ដែល​គេ​លេង​ទុក​មុខ​ឱ្យ​។ តែ​ទោះ​យ៉ាងណា កាំភ្លើង​ធំ​ក្នុង​ឆ្នាំ​២០២១​នេះ ហាក់​មាន​ទម្រង់​លេង​ល្អ​ជាង​ឆ្នាំមុន ជាពិសេស​ខ្សែប្រយុទ្ធ​អូ​បា​មេ​យ៉ាំង​ចាប់ផ្តើម​ស៊ុត​ចូល​ទី​សឹង​គ្រប់​ការប្រកួត​។

​កាលពីដើម​រដូវ​កាល កញ្ជ្រោង​ខៀវ​ធ្វើ​បាន​ល្អ​ដោយ​បំបាក់​កាំភ្លើង​ធំ​ដល់​ក្នុងផ្ទះ ១-០ ហើយ​ប្រវត្តិ​ទទួល​កាំភ្លើង​ធំ ៣ លើកចុងក្រោយ គឺ​ឈ្នះ​ទាំងអស់​។ ដោយហេតុ​ថា Leceister សុខចិត្ត​បោះបង់ EL ដើម្បី​លេខ​ល្អ​នៅ EPL ហើយ​កាំភ្លើង​ធំ​លេង​អន់​នៅក្រៅ​ទឹកដី យើង​រំពឹង​ម្ចាស់ផ្ទះ​ឈ្នះ​សាជាថ្មី​។

– Chelsea vs Man U

​ក្រោយ​ស្មើ​នៅ​ទឹកដី​របស់ Southampton ទាំង​ខកចិត្ត តោ​ខៀវ Chelsea រំពឹង​ត្រឡប់មក​វិថី​ឈ្នះៗ​វិញ​នៅ​ក្នុង EPL ពេល​ពួកគេ​ទទួល​បិសាច​ក្រហម Man U នៅ​កីឡដ្ឋាន Stamford Bridge​។ តោ​ខៀវ​បានបង្ហាញ​ទម្រង់​លេង​ល្អ​ដូច​ផ្កា​ក្រោម​ការដឹកនាំ​របស់​លោក​ថូ​ម៉ាស ធូ​ខល់ ហើយ​គ្មានអ្វី​ជា​មន្ទិល​ទេ​ដែល​ថា​ពួកគេ​អាច​រក្សា​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ បាន​នៅ​រដូវ​កាល​នេះ​។ ក្រោយ​យកឈ្នះ Atl. Madrid ១-០ នៅ CL តោ​ខៀវ​ក៏​នឹង​សម្លឹង​រក​ជ័យជម្នះ​លើក​ទី​៣​ជាប់​គ្នា​ក្នុង​ទឹកដី​ផងដែរ ពេល​ទទួល​បិសាច​ក្រហម ប៉ុន្តែ​វា​មិនមែន​ជា​ការប្រកួត​ងាយស្រួល​នោះទេ​។

​ខ្សែការពារ​ធី​អា​ហ្គោ ស៊ី​ល​វ៉ា​ជា​កីឡាករ​អវត្តមាន​តែ​ម្នាក់​គត់​សម្រាប់ Chelsea ។ រីឯ Man U បានដាក់​កីឡាករ​បម្រុង​លេង​យ៉ាងច្រើន​នៅក្នុង​ជំនួប ០-០ ជាមួយ Sociedad ក្នុង EL កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​កាលពី​សប្តាហ៍​មុន​ពួកគេ​បាន​យក​ឈ្នះ Newcastle ៣-១ យ៉ាង​ងាយ​។ កូនក្រុម​របស់​លោក​អូ​ឡេ ហ្គា​ន់​ន័​រ សូល​ឃ្យែ ចង់​រក្សា​ក្តីសង្ឃឹម​ប្រជែង​ពាន​ជាមួយ Man City ប៉ុន្តែ​ការ​ផ្តួល​តោ​ខៀវ​ឱ្យបាន​គឺ​ពិតជា​ពិបាក​ខ្លាំងណាស់​ឥឡូវនេះ​។ ត្បិត​ផូល ផុ​កបា​ជាកីឡាករ​អវត្ត​មាន​តែ​ម្នាក់​គត់​សម្រាប់​បិសាច​ក្រហម ក៏​មើលទៅ​គូ​នេះ​ទំនង​គេច​មិន​ផុត​ពី​ស្មើ​ដូច​ជើង​ទីមួយ​នោះឡើយ​។

​ដោយហេតុ​ថា​តោ​ខៀវ​កំពុង​ឡើង​ជើង​ដូច​បិសាច​ក្រហម និង​មិន​ដែល​ឈ្នះ​បិសាច​ក្រហម​នៅ​៣​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ខ្លួនឯង លទ្ធផល ០-០ ជា​ការព្យាករណ៍​ទំនង​សុក្រឹត​បំផុត​សម្រាប់​គូ​នេះ​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular