​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​មហាសន្និបាត​អ​.​ស​.​ប កាលពី​ថ្ងៃ​សុក្រ​ទី​២៦​កុម្ភៈ ដែល​ទទួល​បាន​ការ​ទះដៃ​សាទរ​កងរំពង​ពី​អ្នកការទូត​នៅក្នុង​ស្ថាប័ន​សកល​ដែល​មាន​សមាជិក ១៩៣ ប្រទេស​នេះ ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​អ​.​ស​.​ប​បាន​ជំទាស់​យ៉ាង​ខ្លាំងក្លា​ចំពោះ​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​របស់​លោក​ហើយ​អំពាវនាវ​ឱ្យមាន​”​សកម្មភាព​ដែល​អាច​ទៅរួច​ខ្លាំងក្លា​បំផុត​​ពី​សហគមន៍​អន្តរជាតិ​” ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ភ្លាមៗ​។​

​ឯកអគ្គរដ្ឋទូត​លោក ច ម៉ូ ទុន បានចាប់ផ្តើម​សេចក្តីថ្លែងការណ៍​របស់​លោក​ដោយ​និយាយ​ថា លោក​តំណាង​ឱ្យ “​រដ្ឋាភិបាល​ស៊ីវិល​បោះឆ្នោត​គាំទ្រ​ដោយ​ប្រជាជន​កាលពី​ខែវិច្ឆិកា​”​របស់​គណបក្ស​សម្ព័ន្ធ​​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី ហើយ​គាំទ្រ​ការតស៊ូ​របស់​ពួកគេ​ដើម្បី​បញ្ចប់​ការគ្រប់គ្រង​ដោយ​យោធា​។​

​លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​រដ្ឋប្រហារ​យោធា​និង​បដិសេធ​កុំ​ទទួលស្គាល់​របប​យោធា​និង​ស្នើសុំ​មេដឹកនាំ​របស់​ខ្លួន​ឱ្យ​គោរព​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ក្នុង​ខែវិច្ឆិកា​ដែល​គណបក្ស NLD របស់​លោកស្រី​ស៊ូ​ជី​ឈ្នះ​។

​លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​ផង​ដែរ​ដើម្បី​បញ្ឈប់​អំពើហិង្សា​ដោយ​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុមបាតុករ​ដោយ​សន្តិវិធី​។​

​ដោយ​ឯកភាព​ជាមួយ​អគ្គលេខាធិការ​អ​.​ស​.​បលោក​អង់​តូ​នីញ៉ូ គូថេ​រ៉េស លោក​ទុន​បាន​និយាយថា “​វា​ដល់ពេល​ដែល​យោធា​ត្រូវ​លះបង់​អំណាច​ជា​បន្ទាន់​និង​ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​។​រដ្ឋប្រហារ​​យោធា​នេះ​មិន​អាច​ទទួលយក​បាន​ទេ​នៅក្នុង​ពិភព​សម័យ​ទំនើប​នេះ ហើយ​រដ្ឋប្រហារ​ត្រូវតែ​បញ្ឈប់​”​។​

​លោក​បាន​ប្តេជ្ញា​ថា “​យើង​នឹង​បន្ត​តស៊ូ​ដើម្បី​រដ្ឋាភិបាល​ដែល​ជា​របស់​ប្រជាជន គាំទ្រ​ដោយ​ប្រជាជន និង​ដើម្បី​ប្រជាជន​”៕

ឯកអគ្គរដ្ឋទូត​លោក ច ម៉ូ ទុន​ថ្កោលទោស​រដ្ឋប្រហារ​យោធា​មី​យ៉ាន់​ម៉ា​នៅ​អ​.​ស​.​ប​កាលពី​ថ្ងៃ​សុក្រ