​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រទះឃើញ​កូនដំរី មួយ​ក្បាល ទើបតែ​កើត នៅក្នុង​ព្រៃ នៃ​ឧទ្យាន​ជាតិ ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្តាល​

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្រសួងបរិស្ថាន និង​បុគ្គលិក​អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​ប្រទះឃើញ​កូនដំរី មួយ​ក្បាល ទើបតែ​កើត​នៅក្នុង​ព្រៃ នៃ​ឧទ្យាន​ជាតិ ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្តាល ក្នុងភូមិ​សាស្ត្រ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។​

​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែង​ឱ្យដឹង នា​ល្ងាច​ថ្ងៃទី​២៦ ខែ កុម្ភៈ​នេះ​ថាៈ ការប្រទះឃើញ​កូនដំរី ទើបតែ​កើត​នេះ នៅពេល​ក្រុម​ល្បាត​ថ្មើរជើង ពី​ស្នាក់ការ​ល្បាត​ឆាយ​អា​រ៉ែ​ង ទៅ​ទីតាំង​ប្រហែល ៤០០ ម៉ែត្រ ពោលគឺ​ស្ថិតនៅ​ពីក្រោយ​ស្នាក់ការ បាន​ជួបប្រទះ ឃើញ​សុក​ដំរី ទើបតែ​កើតកូន​ថ្មីៗ ចំនួន ១ ក្បាល ។ ក្រៅពីនេះ គេ​ក៏​បានឃើញ​កូនដំរី និង​មេ​រប​ស់វា ថែមទាំង​បរិវារ​របស់​វា ប្រមាណ​ជា ១០ ទៅ ១៥ ក្បាល ( នៅ​យប់ មុន​ក្រុមការងារ បាន​ទៅដល់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី ចុះ​ល្បាត បានឮ​សំឡេង​ដំរី ស្រែក​ស្ទើរតែ​ពេញ​មួយ​ប់​) ស្ថិតនៅ​ខាងក្រោយ ស្នាក់ការ​ល្បាត​ឆាយ​អា​រ៉ែ​ង ក្នុង​តំបន់​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង ។​

​យ៉ាងណាក្តី ជុំវិញ​បញ្ហា​នេះ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​បន្ត​តាមដាន និង​ការពារ ដើម្បី​កុំឱ្យ​មានការ​រំខាន ដល់​សត្វ​ដំរី ដែល​ទើបតែ​កើតកូន​រួច និង​ការពារ កុំឱ្យ​មានការ​បង្ករ​គ្រោះថ្នាក់ ដល់​មន្ត្រី ឬ ប្រជាពលរដ្ឋ ពី​សត្វ​ដំរី ដែល​ការពារ​កូន របស់​វា​ផងដែរ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular