Home ព័ត៌មានអន្តរជាតិ ហែក​គុក​នៅ​ហៃ...

ហែក​គុក​នៅ​ហៃ​ទី អ្នកទោស​ជាង​៤០០​នាក់​រត់​គេចខ្លួន និង​ស្លាប់​២៥​នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​ហៃ​ទី​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​កុម្ភៈ​ថា អ្នកទោស​ជាង ៤០០ នាក់​បាន​រត់គេច​ខ្លួន​និង ២៥ នាក់​បាន​ស្លាប់​នៅក្នុង​ការ​ហែក​គុក​មួយ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ព្រឹត្តិ​​ការណ៍​ហែក​គុក​ធំ​បំផុត​និង​អាក្រក់​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ ក្នុងនោះ​ប្រធាន​ពន្ធនាគារ​និង​មេក្រុម​អន្ធពាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​បាន​ស្ថិតក្នុង​ចំណោម​អ្នកស្លាប់​។​

​អ្នកខ្លះ​ជឿថា​ការ​ហែក​គុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពន្ធនាគារ​ស៊ីវិល​ក្រូ​អ៊ិក​ដេស​បូកេ (Croix-des-Bouquets) ក្នុង​ទីក្រុង​ផត​អូ​ប្រាំង​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​គឺ​ដើម្បី​រំដោះ​មេក្រុម​អន្ធពាល​ឈ្មោះ អា​នែ​ល យ៉ូ​សេប ដែល​គេ​តាម​ចាប់ខ្លួន​បំផុត​នៅ​ប្រទេស​ហៃ​ទី​រហូតដល់​ការចាប់ខ្លួន​រូបគេ​បាន​សម្រេច​ក្នុង​ឆ្នាំ ២០១៩ ពី​បទ​ចោទប្រកាន់​ជាច្រើន​រួម​មាន​ការចាប់រំលោភ ការ​ចាប់ពង្រត់ និង ឃាតកម្ម​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោក ហ្គារី ដេ​ស្រូសៀ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ថា យ៉ូ​សេ​បបាន​ជិះ​ម៉ូតូ​ឆ្លងកាត់​តំបន់​អា​ទី​បូ​នី​ត​នៅ​ទីក្រុង​ឡេ​ស្តេរី​កាលពី​ថ្ងៃ​សុក្រ​គឺ​មួយថ្ងៃ​​គត់​បន្ទាប់​ពី​រត់គេច​ខ្លួន​ពី​គុក នៅ​ពេល​រូបគេ​ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុច​ឆែកឆេរ​មួយ​។ លោក​បាន​និយាយថា យ៉ូ​សេ​បបាន​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​ប៉ូលិស ហើយ​ស្លាប់​នៅនឹងកន្លែង​។​

​យ៉ូ​សេ​បបាន​គ្រប់គ្រង​ភូមិ​ដេឌី​វ ឬ ភូមិ​ព្រះ ដែល​ជា​ទីប្រជុំជន​មួយ​នៅ​កណ្តាល​ទីក្រុង​ផត​អូ​ប្រាំង​និង​សហគមន៍​ដទៃ​ទៀត​រួម​ទាំង​សហគមន៍​អា​ទី​បូ​នី​ត ដែល​ជា​សហគមន៍​ធំ​បំផុត​របស់​ហៃ​ទី​។​

​អាជ្ញាធរ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ហែក​គុក​នេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​និយាយថា អ្នកទោស ៦០ នាក់​ត្រូវបាន​ចាប់​យក​មក​វិញ​ហើយ​ការស៊ើបអង្កេត​កំពុង​បន្ត​។ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហ្វ្រា​ន់ អ៊ិក​ហ្សាន​ទូស​និយាយថា អាជ្ញាធរ​បាន​បង្កើត​គណៈកម្មការ​ជាច្រើនដើ​ម្បី​ស៊ើបអង្កេត​ថា​តើ​អ្នកណា​ជា​អ្នករៀបចំ​ការ​ហែក​គុក​នេះ​និង​មូលហេតុ​អ្វី​បានជា​ហែក​គុក​។ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​គឺ​មាន​ប្រធាន​ពន្ធនាគារ​ឈ្មោះ ផូល យ៉ូ​សេប ហិកទ័រ ផងដែរ​៕

ទិដ្ឋភាព​ក្រោយ​ការ​ហែក​គុក​រត់​និង​ការបាញ់ប្រហារ​ដែលនាំអោយ​អ្នកទោស ២៥ នាក់​ស្លាប់​នៅ​ហៃ​ទី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular