Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ឃា...

សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ផឹកស្រាស្រវឹង វាយឪពុកបង្កើតរបស់ខ្លួននឹងដងចប ដល់ស្លាប់

ដោយៈ សរិទ្ធ / តាកែវៈ បុរសម្នាក់ បានផឹកស្រាស្រវឹង ទាស់សំដីគ្នា ជាមួយឪពុកបង្កើត ហើយបានប្រើដងចប វាយឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយជាមួយគ្នានេះ ជនសង្ស័យ ក៏បានវាយទៅលើមនុស្សចាស់ ៣ នាក់ផ្សេងទៀត បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ថែមទៀត។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ១ រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល ស្រុកគីរីវង់ បានបញ្ជាក់ថាៈ បន្ទាប់ពីកើតហេតុនេះ លោកបានដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាប និងចាប់ជនសង្ស័យម្នាក់ ឈ្មោះ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតភូមិ ស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីហិង្សា ដោយចេតនា។

លោកអធិការ បានបន្តថាៈ ជនសង្ស័យ បានយកដងចប ប្រវែង ១,៤០ ម៉ែត្រ និងដែកជើងព្យួរខោអាវ ប្រវែង ១,៣០​ ម៉ែត្រ វាយទៅលើជនរងគ្រោះ មាន ជនរងគ្រោះទី១.ឈ្មោះ សេន ញ៉ាត អាយុ ៧៧ ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាល ផ្នែកខាងក្រោយ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែង។ ជនរងគ្រោះទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ ៦៦ ឆ្នាំ របួសដៃស្តាំ ដាច់ចេញឈាម ។ ជនរងគ្រោះទី៣.ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ ៦៧ ឆ្នាំ ជាជនពិការជើង ត្រូវត្រគាកខាងស្តាំ ជាំខ្មៅ។ ជនរងគ្រោះទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ ៥៦ ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

ករណីនេះដែរ បើតាមអ្នកជិតខាង បានឲ្យដឹងថាៈ មូលហេតុ មកពីជនសង្ស័យ បានទាស់ពាក្យសំដី ជាមួយឪពុកបង្កើត គួបផ្សំនឹងផឹកស្រាស្រវឹង ជោកជាំ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular