ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីចូ បៃដិនបាននិយាយកាលពីថ្ងៃសុក្រថាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរីគួរតែត្រូវបានអ៊ីរ៉ង់ចាត់ទុកជាការព្រមាន។
នៅពេលសួរថាតើសារពីការវាយប្រហារតាមអាកាសនោះគឺជាអ្វី លោកបៃដិននិយាយថា “អ្នកមិនអាចធ្វើសកម្មភាពដោយគ្មាននិទណ្ឌភាពបានទេ”។
និយាយនៅទីក្រុងហ៊ូស្តុនក្នុងអំឡុងដំណើរចុះផ្តល់ជំនួយសង្គ្រោះបន្ទាប់ពីព្យុះរដូវរងាដ៏ធំនៅក្នុងរដ្ឋតិចសាស លោកបានបន្ថែមថា “ត្រូវប្រយ័ត្នខ្លួន”។
មុននេះរដ្ឋមន្ត្រីព័ត៌មានរបស់លោកបៃដិនលោកស្រី ជេន ភីសាគី បានហៅការវាយតាមអាកាសនេះថាជា “សារច្បាស់លាស់” ថាលោកបៃដិន “នឹងចាត់វិធានការដើម្បីការពារជនជាតិអាម៉េរិក ហើយនៅពេលការគំរាមកំហែងបានលេចឡើង គាត់មានសិទ្ធិចាត់វិធានការតាមពេលវេលានិងតាមចរិតលក្ខណៈនៃការជ្រើសរើសរបស់គាត់”។
មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលយោងតាមក្រុមឃ្លាំមើលសង្គ្រាមស៊ីរីបានសម្លាប់សមាជិកកងជីវពល ២២ នាក់ គឺជាការឆ្លើយតបនឹងការវាយប្រហារដោយរ៉ុក្កែតជាបន្តបន្ទាប់សំដៅទៅលើទាហានអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារជាច្រើនទៅលើទីតាំងយោធាមួយក្នុងរដ្ឋធានីអាប៊ីលរបស់ពួកឃឺដកាលពីថ្ងៃទី ១៥ ខែកុម្ភៈបានសម្លាប់ជនស៊ីវិលម្នាក់និងអ្នកម៉ៅការបរទេសម្នាក់ដែលធ្វើការជាមួយកងកម្លាំងចម្រុះ និងបណ្តាលឱ្យរបួសអ្នកម៉ៅការអាម៉េរិកជាច្រើននាក់និងទាហានអាម៉េរិកម្នាក់។
លោកស្រីភីសាគីនិយាយថាការសម្រេចចិត្តនៅពីក្រោយការវាយប្រហារនេះគឺជា “ការគិតគូរពិចារណាហ្មត់ចត់” ហើយគោលបំណងរបស់លោកបៃដិនគឺដើម្បី “បន្ថយសកម្មភាពវាយប្រហារទាំងនៅស៊ីរីនិងអ៊ីរ៉ាក់”។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន កឺប៊ី និយាយថា យន្តហោះ F-15E “Strike Eagles” ចំនួន ២ គ្រឿងបានទម្លាក់គ្រាប់បែកចំនួន ៧ គ្រាប់ ដោយបំផ្លាញទាំងស្រុងនូវទីតាំងចំនួន ៩ និងបំផ្លាញផ្នែកខ្លះនៃទីតាំងចំនួន ២ ទៀត។
លោកកឺប៊ីនិយាយថា ទីតាំង ដែលត្រូវបានកំណត់គោលដៅវាយកម្ទេចចោលនៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់ ត្រូវបានគេដឹងថាជួយសម្រួលដល់សកម្មភាពរបស់ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។
លោកនិយាយថា មន្ទីរប៉ង់បញ្ចកោណមាន “សេចក្តីលម្អិតបឋមអំពីការស្លាប់និងរបួស” ប៉ុន្តែបដិសេធមិនបង្ហាញតួលេខនេះទេ៕
លោកបៃដិនព្រមានអ៊ីរ៉ង់តាមរយៈការវាយប្រហារនៅស៊ីរី ក្នុងអំឡុងដំណើរចុះផ្តល់ជំនួយសង្គ្រោះបន្ទាប់ពីព្យុះរដូវរងាដ៏ធំនៅក្នុងរដ្ឋតិចសាស