Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួនយុវជនម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីម្នាក់

ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជនម្នាក់ បានត្រូវតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីរង់ចាំការស៊ើបអង្កេត ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីម្នាក់។

យុវជនរូបនេះ ឈ្មោះ មឿន រស្មី  អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅរោងកម្មករ ក្នុងបុរីមួយកន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំង ការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថាៈ ការឃាត់ខ្លួនជនសង្ស័យ នាពេលនេះ ធ្វើឡើងតាមបណ្តឹរបស់ នារីរងគ្រោះ ដោយប្តឹងពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ។

តាមចម្លើយសារភាពរបស់ ជនសង្ស័យ បានឲ្យដឹងថាៈ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ខ្លួនដេកពុំលក់ ក៏ងើបដើរសំដៅ ទៅបន្ទប់របស់នារីរងគ្រោះ ដែលជាកម្មករ សំណង់ជាមួយគ្នា។ ពេលដើរទៅដល់ មុខបន្ទប់របស់នាង ឃើញបន្ទប់បានបិទជិត ខ្លួនក៏ចូលទៅហែកទ្វារ ដើម្បីលូនចូលទៅក្នុងបន្ទប់ របស់នារីរងគ្រោះ ហើយក៏ឃើញនាងកំពុងគេងម្នាក់ឯង។ ឆ្លៀតឱកាសល្អ ខ្លួនបានស្ទុះទៅឱបនាងពីលើ ស្រាប់តែនាងដឹងខ្លួន បានចាប់ ក អាវខ្លួនជាប់ និងស្រែកឲ្យគេជួយ ហើយក៏មានបុរសម្នាក់ ជាមេជាង ដែលគេងនៅបន្ទប់ក្បែរនោះ រត់មកជួយចាប់រូបខ្លួន ប្រគល់ឲ្យសមត្ថកិច្ច អាវុធហត្ថខណ្ឌច្បារអំពៅតែម្តងទៅ។ យុវជននេះ បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន អស់រយៈពេល ជាងមួយឆ្នាំ មកហើយ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular