ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ កាលពីម៉ោង ១០:៣៥នាទី យប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានខំមិនតាមហ្វេសប៊ុកពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មាន ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ចុះដល់ទីតាំងជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខានដល់អ្នកជិតខាង ឲ្យបញ្ឈប់សកម្មភាពភ្លាម។
កងកម្លាំងប៉ូលិស ក៏បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសក្រុមអ្នកចូលចិត្តជួបជុំផឹកស៊ី ចាក់ធុងបាសច្រៀងរាំ អាឡេអាឡូ មិនស្គាល់យប់ មិនស្គាល់ថ្ងៃទាំងនោះ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
ក្រុមអ្នកចូលចិត្តផឹកស៊ី អាឡេអាឡូរបៀបនេះ មានកាន់តែច្រើនឡើងៗ ពិសេសនៅតាមផ្ទះជួល មិនថា ទីណាណាទេ ក្នុងរាជធានីភ្នំពេញ គឺក្រុមនេះ មិនដឹងថា ថ្ងៃឈប់សម្រាក សៅរ៍អាទិត្យ ចុងសប្តាហ៍ ឬក៏ថ្ងៃចន្ទអង្គារទេ ហើយក៏មិនដឹងថ្ងៃ ឬយប់ ឬក៏បង្កការរំខានដល់អ្នកជិតខាងណាឡើយ ពួកគេដឹងតែពីជួបជុំ ផឹកស៊ី ចាក់ធុងបាស ច្រៀងរាំតាមអំពើចិត្ត។
អ្នកដែលគេមានផ្ទះសម្បែង និងអ្នកមានទ្រព្យ គឺមិនចូលចិត្តសកម្មភាពបែបពាលាដូច្នេះទេ។ តែដោយច្រើននោះ ជាក្រុមអ្នកជួលផ្ទះគេស្នាក់នៅ ជាអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ជាអ្នកលក់តាមរទេះ កម្មកររោងចក្រ កម្មករសំណង់មួយភាគណាមួយ ច្រើនតែនិយមផឹកស៊ី ច្រៀងរាំ បង្កការរំខានដល់គេឯង។
អ្នកចូលចិត្តផឹកស្រា ក្លែមចំរៀងនេះ បែបមិនបានដឹងទេថា ការផឹកស្រាគ្រឿងស្រវឹង នាំមកនូវវិនាស ៦ប្រការ រួមមាន៖ ១-អស់លុយកាក់ ២-បង្កជម្លោះ ៣-កើតជំងឺ ៤-ខូចឈ្មោះ ៥-បង្ហាញកេរ្តិ៍ខ្មាស់ទាំងរស់ និង៦-បាត់បងបញ្ញា។
ក្នុងពេលបច្ចុប្បន្ននេះទៀត ការផឹកស្រាស្រវឹងជោគជាំ ហើយបើកបរ មិនថា ម៉ូតូ ឬឡានទេ គឺ បង្កគ្រោះថ្នាក់ បណ្តាលឲ្យរបួស ហើយរហូតដល់ស្លាប់ មិនត្រឹមតែខ្លួនឯងទេ គឺបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។
បើសិនជាអ្នកក្បែរខាងរបស់ក្រុមស៊ីផឹកនោះ ទៅប្រាប់ គឺច្បាស់ជាក្រុមផឹកស៊ីនោះ បង្ករឿងឈ្លោះជាមិនខានឡើយ។ ដូច្នេះនៅពេលនេះ ស្រួលដែរ ដោយសារតែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលខមមិនតាមហ្វេសប៊ុកពីប្រជាពលរដ្ឋ ហើយក៏ចាត់ការលឿនផង គឺអ្នកក្បែរខាងក្រុមអ្នកផឹកស៊ីនោះ គ្រាន់តែជូនព័ត៌មាន និងទីតាំងច្បាស់លាស់ ក៏មានប៉ូលិសសង្កាត់ ចុះទៅណែនាំក្រុមអ្នកផឹកស៊ីទាំងនោះតែម្តង។
គួរតែក្រុមអ្នកនិយមផឹកស៊ីទាំងនោះ ភ្ញាក់ខ្លួន ខិតខំរកស៊ី និងបើទំនេរ ដេកយកកម្លាំង ឬក៏ទិញម្ហូបអាហារ ហូបចុក ជួបជុំប្រពន្ធកូន ហើយដេកទៅ។
រីឯម្ចាស់ផ្ទះជួល ក៏គួរតែហាមឃាត់ និងកំណត់ឲ្យច្បាស់ កុំឲ្យមានការជួបជុំផឹកស៊ី ជាប្រចាំដូច្នេះ។ មិនមែនថា មិនឲ្យផឹកសោះទេ តែការជួបជុំផឹកស៊ី ចាក់ធុងប៉ាស់ រាំច្រៀងនោះ មាន នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ចូលឆ្នាំ ភ្ជុំ ហើយក៏មានម៉ោងពេល។ នៅពេលយប់ៗ យ៉ាងយូរ ត្រឹមម៉ោង ១០ យប់ ដោយទុកពេលឲ្យអ្នកជិតខាង បានសម្រាក ដេកពួនផង។
អាជ្ញាធរសមត្ថកិច្ច ដែនដី ក៏គួរតែអនុវត្ត ដូចកងកម្លាំងសមត្ថកិច្ចយើងបានអនុវត្តកន្លងមក។ នៅពេលទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋ ចុះភ្លាម មិនថា យប់ មិនថាថ្ងៃ ដើម្បីទប់ស្កាត់ជម្លោះ ព្រោះថា អ្នកផឹកស៊ី បើសិនជា អ្នកជិតខាង ហ៊ានទៅប្រាប់ សុំឲ្យឈប់បបង្កសំឡេងរំខាន នោះច្បាស់ណាស់ថា អ្នកផឹកស្រា តែងតែជជែក និងស្រែកឡូឡា រករឿងឈ្លោះ ព្រោះវង្វេងស្មារតី ដោយសារទឹកស្រវឹង ហើយបើមានជនណាមួយ ហ៊ានមាត់ធំដាក់នោះ គឺឈ្លោះគ្នា ឈានដល់វ៉ៃតប់ ហើយបើមានកាំភ្លើងបាញ់ភ្លាម។ ករណីនេះ បានកើតមានរួចហើយ ក្នុងសង្គមយើង។
ដូច្នេះ សូមឲ្យអ្នកនិយមផឹកស៊ីតាមផ្ទះ បង្កសំឡេងរំខានអ្នកជិតខាង គួរតែភ្ញាក់ខ្លួន ព្រោះពេលនេះកូវីដកំពុងរាតត្បាត ហើយបើថា ជួបជុំស៊ីផឹក ក៏ផឹកដោយថ្លៃថ្នូរ មិនបង្កការរំខាន ក្តៅក្រហាយដល់អ្នកជិតខាង ក្រែងលោ អាចបានផឹកស៊ី សប្បាយបានយូរ។ បើមិនដូច្នេះទេ ច្បាស់ជាត្រូវប៉ូលិស ចុះមកអប់រំ ណែនាំ ហើយថតបង្ហោះហ្វេសប៊ុក ឲ្យខ្មាស់គេ ជាមិនខាន។ មានលុយផឹកស៊ីហើយ សូមកុំឲ្យខ្មាស់គេ៕