ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានក្រុមហង្សក្រហម Liverpool ចូដាន ហិនឌឺសុន នឹងត្រូវនៅក្រៅការប្រកួតយ៉ាងតិច ៥ សប្តាហ៍ ក្រោយវះកាត់សរសៃក្រលៀន នេះយោងតាមការប្រកាសរបស់ក្រុមជើងឯក Premier League កាលពីថ្ងៃសុក្រទី២៦កុម្ភៈ។
កីឡាករអន្តរជាតិអង់គ្លេសអាយុ ៣០ ឆ្នាំរូបនេះបានរងរបួសអំឡុងបរាជ័យ ២-០ ក្នុងផ្ទះខ្លួនឯងក្រោមថ្វីដៃ Everton កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
Liverpool បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា “ហិនឌឺសុនបានវះកាត់កែសរសៃក្រលៀនបានត្រឹមត្រូវដោយជោគជ័យ។ គាត់នឹងចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទាភ្លាមៗ”។
សេចក្តីថ្លែងការណ៍បន្តថា “ពុំមានកាលកំណត់ច្បាស់លាស់សម្រាប់ការវិលត្រឡប់របស់គាត់ទេ ប៉ុន្តែគាត់នឹងនៅក្រៅការប្រកួតរហូតដល់ក្រោយការសម្រាកបាល់ទាត់អន្តរជាតិខែមីនា”។
ហិនឌឺសុននឹងខកខានការប្រកួត EPL ទល់នឹងក្រុម Sheffield United, Chelsea, Fulham និង Wolverhampton ក៏ដូចជាក្រុម Leipzig ក្នុងក្របខ័ណ្ឌ Champions League៕
ហិនឌឺសុននឹងនៅក្រៅការប្រកួតរហូតដល់ខែមេសា