ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមត្ថកិច្ច បានចាប់ខ្លួនផ្កាយបីយោធា និងបក្ខពួក ចំនួន ៣នាក់ ពាក់ព័ន្ធករណីក្លែងហត្ថលេខា និងត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធ្វើលិខិត ស.ជ.ណ ពាក់ព័ន្ធដីទំហំ ៨,៦០ ហិកតា ដែលមានទីតាំង ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងតម្លៃ ១,៥ លានដុល្លារអាម៉េរិក។
ជនសង្ស័យទាំង ៤ នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ចាប់ខ្លួន កាលពីថ្ងៃទី ២៣-២៦ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ជូនទៅ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ដោយតុលាការ បានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ។
ជនសង្ស័យ ៤ នាក់ ដែលចាប់ខ្លួន រួមមានៈ
១.ឈ្មោះ យ៉ែម សារឿន ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
២.ឈ្មោះ សួន ផល្លី ហៅ ប្រឹមប្រិយ៍ ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃដើមថ្នឹង៣ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
៣.ឈ្មោះ មាស ភូរិន្ទ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤.ឈ្មោះយ៉ាន់ ចំណាប់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ក សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត រួមមានៈ អាវយោធាដៃខ្លី ដែលមានផ្លាកឈ្មោះ ឧ.យ៉ាន់ ចំណាប់ និងឋានន្តរស័ក្តិផ្កាយ៣ មួយគូ។ ទូរស័ព្ទដៃ ៧ គ្រឿង រថយន្ត ៤ គ្រឿង (Land Cruiser ១ គ្រឿង Lexus 330 ២គ្រឿង និង Mercedes ១គ្រឿង អាវុធខ្លី ១ដើម និងឯកសារ វត្ថុតាងមួយចំនួន។
ជនជាប់ចោទទាំង ៤ នាក់ខាងលើ ត្រូវបានលោក រស់ ផុន ចាន់និមល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយក្នុងនោះ ឈ្មោះ យ៉ាន់ ចំណាប់ ត្រូវបានដាក់ឲ្យស្ថិតនៅ ក្រោមការពិនិត្យ ពីបទបន្លំឯកសារសាធារណៈ ប្រើប្រាស់ ឯកសារសាធារណៈក្លែង (ក្លែងលិខិត ក្លែងហត្ថលេខា និងត្រារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី) ប្រើប្រាស់នូវឯកសណ្ឋាន ជាអាទិ៍ដែលមានភាពប្រហាក់ ប្រហែលនឹងយោធា និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។ ឈ្មោះ សួន ផល្លី , ឈ្មោះ យ៉ែម សារឿន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទប្រើប្រាស់ ឯកសារសាធារណៈក្លែង។ ឈ្មោះ មាស ភូរិន្ទ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទសមគំនិត ក្នុងអំពើប្រើប្រាស់ ឯកសារសាធារណៈក្លែង។
តាមចម្លើយសារភាពរបស់ឈ្មោះ យ៉ែម សារឿន ក្នុងនាមខ្លួនជាតំណាងប្រជាពលរដ្ឋ ៣១ គ្រួសារ នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានផ្តិតមេដៃ ស្នើសុំកាត់ដីបឹង ចំណុចបឹងកញ្ច្រាំ ចំនួន ៨.៦០ ហិកតា ពេលនោះ នៅក្នុងឆ្នាំ ២០១៧ ខ្លួនបានពឹងពាក់ឈ្មោះ ហម សន្ធិ ឱ្យជួយរត់ការសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក ដើម្បីកាត់ដីនេះ ប៉ុន្តែមិនបានសម្រេច។
បន្ទាប់មក នៅឆ្នាំ២០១៩ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះ ឡុង សុខ ឱ្យជួយរត់ការម្តងទៀត ប៉ុន្តែមិនបានសម្រេច រហូតមកដល់ឆ្នាំ២០២០ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះ សួន ផល្លី ដើម្បីរត់ការសុំ ស.ជ.ណ និងកាត់ដី ពីក្រសួងធនធានទឹក នៅចំណុចខាងលើ ដោយមានធ្វើកិច្ចសន្យា ព្រមព្រៀងគ្នា លើតម្លៃ និងមានរយៈពេលកំណត់។
លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានផ្ញើលិខិតបង្គាប់ការ លេខ៣៨ អអរ/២១ តាមរយៈប្រព័ន្ធតេឡេក្រាម ( Telegram ) មកឱ្យឈ្មោះ យ៉ែម សារឿន។ បន្ទាប់ពីទទួលបានលិខិត បង្គាប់ការនេះហើយ ឈ្មោះ យ៉ែម សារឿន បានថតចម្លងឯកសារនេះ ចេញជាច្រើនសន្លឹក និងបានឱ្យឈ្មោះ ម៉េង ទៅសួរមេឃុំព្រែកតាទែន ដើម្បីស្នើសុំការចុះវាស់វែង។
តាមចម្លើយសារភាពរបស់ ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ខ្លួនបានទទួលការពឹងពាក់ ពីឈ្មោះ យ៉ែម សារឿន ដើម្បីរត់ការកាត់ដី បឹងកញ្ច្រាំ នៅចំណុច ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានទំហំ ៨,៦០ ហិកតា ដើម្បីស្នើសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ទីតាំងខាងលើ ចែកជូនប្រជាពលរដ្ឋ ចំនួន ៣១ គ្រួសារ។ ដោយធ្វើការព្រមព្រៀង ក្នុងតម្លៃ ១.៥០០.០០០ $ (មួយលាន ហាសិបម៉ឺន ដុល្លារអាមេរិក)។
បន្ទាប់ពីធ្វើកិច្ចព្រមព្រៀង ស្តីពីការផ្តល់សេវាកម្ម ធ្វើប័ណ្ណកម្មសិទ្ធិដីរួចមក ខ្លួនបានពឹងពាក់ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាអ្នកធ្វើលិខិតបង្គាប់ការ ពីរាជរដ្ឋាភិបាល លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានផ្ញើឯកសារលិខិតបង្គាប់ការ តាម Messenger មកឱ្យខ្លួន ពិនិត្យមើលខ្លឹមសារ ពេលនោះ ខ្លួនថា អាចទទួលយកបានហើយ ក៏ឱ្យ យ៉ាន់ ចំណាប់ រៀបចំចុះហត្ថលេខា យកមក។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨ ឈ្មោះ យ៉ាន់ ចំណាប់ បានមកជួបខ្លួន ដោយយកលិខិតបង្គាប់ការ ថតចម្លង ដែលមានលេខ ៣៨ អអរ/២១ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានដីកាបង្គាប់នេះភ្លាម ខ្លួនក៏បានហៅឈ្មោះ យ៉ែម សារឿន ឱ្យមកយកដីកាបង្គាប់ការនេះ និងបានទទួលប្រាក់ ចំនួន ២១.០០០ ដុល្លារ ពីឈ្មោះយ៉ែម សារឿន។
តាមចម្លើយរបស់ មាស ភូរិន្ទ ដែលត្រូវជាកូនចៅរបស់ឈ្មោះ សួន ផល្លី បានឱ្យដឹងថាៈ ឈ្មោះ សួន ផល្លី មានទំនាក់ទំនងជាមួយ ឈ្មោះ យ៉ាន់ ចំណាប់ និងពាក់ព័ន្ធរឿងរត់ការ លិខិតបង្គាប់ការនេះ ពិតប្រាកដមែន។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៧ ឈ្មោះ យ៉ាន់ ចំណាប់ បានថតរូបឯកសារ ផ្ញើមកឱ្យឈ្មោះ សួន ផល្លី ហើយឈ្មោះ សួន ផល្លី បានប្រើខ្លួន ឱ្យជួយអានខ្លឹមសារឯកសារនោះ បន្ទាប់មក ឈ្មោះ សួន ផល្លី បានឱ្យខ្លួនផ្ញើប្រាក់ទៅឱ្យ ឈ្មោះ យ៉ាន់ ចំណាប់ ជាច្រើនដង ក្នុងមួយដងចន្លោះពី ៣០០ ដុល្លារ ទៅ ៥០០ ដុល្លារ ហើយឈ្មោះ សួន ផល្លី បានឱ្យខ្លួនបើកឡាន ជូនគាត់ទៅជួបឈ្មោះ យ៉ាន់ ចំណាប់ និងបានប្រគល់ប្រាក់ជាច្រើន នៅហាងកាហ្វេ PN ម្តុំផ្សារទំនើបអ៊ីអន ២ ។
តាមចម្លើយសារភាពរបស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថាៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខ្លួនបានទទួលការពឹងពាក់ ពីឈ្មោះ សួន ផល្លី រត់ការរឿងដីធ្លី របស់ប្រជាជន ៣១ គ្រួសារ ដែលស្ថិតនៅចំណុច បឹងកញ្ច្រាំ ទំហំ ៨,៦០ ហិកតា នៅភូមិស្លែដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីធ្វើ ស.ជ.ណ របស់រាជរដ្ឋាភិបាល ដោយឈ្មោះ សួន ផល្លី សន្យាថា នឹងឱ្យប្រាក់ទៅខ្លួន ៥០.០០០ ដុល្លារ ក្រោយពីធ្វើបានសម្រេច តែខ្លួនបានទារលុយមុន ចំនួន ១០.០០០ ដុល្លារ ។ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ ព្រឹក ឈ្មោះ សួន ផល្លី បានទូរស័ព្ទណាត់ខ្លួនទៅជួប នៅហាងកាហ្វេដដែល និងបានប្រគល់ប្រាក់ ចំនួន ១០.០០០ ដុល្លារ ទៅឱ្យខ្លួន ដើម្បីរត់ការ បន្ទាប់មក ខ្លួនក៏បានទៅជួបអ្នកកាត់ ត ឯកសារ ដែលស្គាល់គ្នា នៅហាងកាហ្វេ មួយកន្លែង ដើម្បីឲ្យកាត់ ត ឯកសារ ធ្វើ ស.ជ.ណ ដោយព្រមព្រៀងគ្នា ក្នុងតម្លៃ ១០០ ដុល្លារ (ទាក់ទងគ្នាតាម Telegram) ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១ អ្នកកាត់ ត បានផ្ញើរូបភាព លិខិតបង្គាប់ការ គ្មានលេខ គ្មានត្រា គ្មានហត្ថលេខា មកឱ្យខ្លួនតាម Telegram ខ្លួនក៏ផ្ញើបន្តទៅឱ្យឈ្មោះ សួន ផល្លី មើល។
ក្រោយពីព្រមព្រៀងគ្នា លើខ្លឹមសារហើយ ខ្លួនក៏បានឱ្យអ្នកកាត់ ត នោះ ធ្វើលិខិតបង្គាប់ការ ដោយមានលេខ ឈ្មោះ ត្រា និងហត្ថលេខា របស់សម្តេចតេជោ ហ៊ុន សែន ដែលចុះថ្ងៃទី២៨.០១.២០២១។ ក្រោយមកទៀត ខ្លួនបានថតចម្លងលិខិតនេះ ហើយណាត់ជួបឈ្មោះ សួន ផល្លី ដើម្បីប្រគល់លិខិតនេះ ឱ្យទៅគាត់ និងទទួលបានប្រាក់កក់ ពីឈ្មោះ សួន ផល្លី ១០.០០០ ដុល្លារទៀត ។ រយៈពេលប្រហែល មួយសប្តាហ៍ក្រោយមក ឈ្មោះ សួន ផល្លី បានទាក់ទងសួរ អំពីលិខិតច្បាប់ដើម ខ្លួនក៏បានកុហក ឈ្មោះ សួន ផល្លី ថា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនបានប្រគល់ច្បាប់ដើមឲ្យទេ ។
យោងតាមឯកសារប្រមែប្រមូល អាចសន្និដ្ឋានបានថាៈ ឈ្មោះ យ៉ាន់ ចំណាប់ ពិតជាបានធ្វើលិខិតបង្គាប់ការ លេខ ០៣៨ អអរ/២១ ចុះថ្ងៃទី២៦.០១.២០២១ ចុះហត្ថលេខាដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី (ឯកសារក្លែងក្លាយ) និងបានយកលិខិតបង្គាប់ការនេះ ទៅឲ្យឈ្មោះ សួន ផល្លី ប្រើប្រាស់ កាលពីថ្ងៃទី ២៨.០១.២០២១ ពិតប្រាកដមែន។ ចំណែកឈ្មោះ សួន ផល្លី ក៏បានយកលិខិតបង្គាប់ការនេះ ទៅឲ្យឈ្មោះ យ៉ែម សារឿន ប្រើប្រាស់ពិតប្រាកដមែន។
ឯឈ្មោះយ៉ែម សារឿន បានយកលិខិតនេះ ទៅឲ្យឈ្មោះ ម៉េង ដើម្បីយកទៅសួរ ស្មៀន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីដាក់ឲ្យអនុវត្ត ។
ការធ្វើលិខិតបង្គាប់ការនេះ ជាថ្នូរនឹងការផ្តល់ប្រាក់ ត្រឡប់មកវិញ ឈ្មោះ យ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន ២១.០០០ ដុល្លារ ទៅឲ្យឈ្មោះ សួន ផល្លី ហើយឈ្មោះសួន ផល្លី បានយកប្រាក់ ចំនួន ២០.០០០ ដុល្លារ ឲ្យទៅឈ្មោះ យ៉ាន់ ចំណាប់ កាលពីថ្ងៃទី១៨.០១.២០២១ វេលម៉ោង ១៣:០០នាទី ។
បើតាមកិច្ចសន្យាធ្វើឡើង រវាងឈ្មោះ យ៉ែម សារឿន និងឈ្មោះ សួន ផល្លី នៅពេលណា ដែលឈ្មោះ សួន ផល្លី រត់ការបានសម្រេច លើការស្នើរសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិ នៃដីទំហំប្រហែល ៨,៦០ ហិកតា ដែលមានទីតាំងស្ថិតនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល គឺតម្រូវឲ្យឈ្មោះ យ៉ែម សារឿន ផ្តល់ប្រាក់ចំនួន ១.៥០០.០០០ ដុល្លារ ទៅឲ្យឈ្មោះ សួន ផល្លី ៕/V