ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថាៈ មនុស្សចំនួន ២៨៣ នាក់ បានស្លាប់ និងរបួសចំនួន ៧៧៧ នាក់ ក្នុងនោះធ្ងន់ចំនួន ៤៦៧ នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស រយៈពេល ៥៨ ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថាៈ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើង ចំនួន ៥ លើក ស្លាប់ ២ នាក់ និងរបួស ៣ នាក់ ក្នុងនោះរបួសធ្ងន់ ២ នាក់ និងស្រាល ១ នាក់។
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបន្តទៀតថាៈ ចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៥៨ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ មានចំនួនសរុប ៥២.១០៦ គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៨.៣២៥ គ្រឿង និងរថយន្តចំនួន ១៣.៧៨១ គ្រឿង (រថយន្តតូច ១១.២១៧ គ្រឿង និងធំ ២.៥៦៤ គ្រឿង៕/V