គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លើក​ពេលធ្វើ​សមាជ នៅ​ថ្ងៃទី​៧ មីនា​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានសម្រេច​លើក​ពេល ធ្វើ​សមាជ នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ​។ ការលើក​ពេលនេះ ដោយសារតែ​កម្ពុជា បានកើត​មានការ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចូល​សហគមន៍ “ ព្រឹត្តិការណ៍ ២០ កុម្ភៈ ” និង​ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ចូលទៅក្នុង​សហគមន៍​។​

​ការសម្រេច​លើក​ពេលនេះ បានធ្វើ​ឡើង បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បើក​កិច្ចប្រជុំ កាលពី​ព្រឹក ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​កិច្ចការ​សំខាន់់ៗ មួយចំនួន របស់​គណបក្ស​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ជីវ កត្តា ប្រធាន​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ និង​ជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក ខឺ​យ ស៊ី​នឿន អនុប្រធាន​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ថាៈ កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គឺ​បាន​ជជែក​ពិភាក្សា អំពី​ការផ្អាក​ការធ្វើ​សមាជ នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ និង​បាន​ជជែក ពី​ការអនុវត្ត​ការងារ​បន្ត នៅក្នុង​សកម្មភាព របស់​គណបក្ស​។​

លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ (រូបថតៈ មុនីរ័ត្ន)

​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ចុះឈ្មោះ គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ ក្នុង​បញ្ជី​គណបក្ស នយោបាយ នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​។ ក្រុមមន្ត្រី​អតីត​គណបក្សប្រឆាំង បានដាក់​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០​។ ការដាក់​ពាក្យសុំ​ចុះ បញ្ជី​គណបក្សនយោបាយ គឺ​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ ជាង ៤ ពាន់​ស្នាម​មេដៃ និង​រចនាសម្ព័ន្ធ​គណៈកម្មាធិការ ប​ណ្ត្តោះ​អាសន្ន​របស់ ខ្មែរ​ស្រឡាញ់​ជាតិ រួមទាំង​ឯកសារ រដ្ឋបាល​ផ្សេងៗ​។​

​ការដាក់​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ ជា​ផ្លូវការ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​។ ការអនុញ្ញាត​នេះ គឺ​បន្ទាប់ពី​បានដាក់​ពាក្យ ស្នើសុំ​បង្កើត​គណបក្ស ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០​។​

​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ “​អក្សរ​កាត់ គ​.​ខ​.​ស​.​ជ “ បាវចនា សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ ឈ្មោះ​ជា​ភាសាបរទេស Cambodian Nation Love Party (CNLP)​។ រចនាសម្ព័ន្ធ​គណៈកម្មាធិការ​ប​ណ្ត្តោះ​អាសន្ន​របស់​ខ្មែរ​ស្រឡាញ់​ជាតិ មានដូចជាៈ ១. លោក ជីវ កក្តា ជា​ប្រធាន​គណបក្ស​។ ២. លោក តាន់ ទីន អនុប្រធាន​ប្រចាំការ​។ ៣. លោក កង កឹម​ហាក់ អនុប្រធាន​។ ៤. លោក ខឺ​យ ស៊ី​នឿន អនុប្រធាន​គណបក្ស និង​តំណាង​ស្ថាបនិក​។ ៥. លោក សៀវ សុ​ត សមាជិក​។ ៦. លោក​ស៊ឹម សុ​វ​ណ្ណី សមាជិក​។ ៧. លោក សុខ វិបុល សមា​ជិ ។ ៨. លោក អាន សុភា​រ៉ា សមាជិក​។​

​លោក ខឺ​យ ស៊ី​នឿន បានបញ្ជាក់​ថាៈ ការបង្កើត​គណបក្ស​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង តាម​សំណូមពរ​របស់ ប្រជាពលរដ្ឋ​ខ្មែរ សកម្មជន​អតីត​គណបក្ស សង្គ្រោះ​ជាតិ អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ ដែល​យើងខ្ញុំ​ទាំងអស់គ្នា បាន​ចុះ​តាម​មូលដ្ឋាន បាន​ជួប​ពួកគាត់ អស់​រយៈពេល​កន្លងមក​។ ដោយ​យល់ ឃើញថា ស្ថានភាព​នយោបាយ នាពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ​នូវ​សម្លេង ដែលមាន​និន្នាការ​ប្រឆាំង ជាមួយ​គណបក្សកាន់អំណាច និង​ការបែកបាក់​យ៉ាងខ្លាំង រវាង​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង សម្រាប់​យើងទាំងអស់គ្នា​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ ការបង្កើត​គណបក្ស​ថ្មី​គឺ គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ មាន​គោលបំណង​ដើម្បី​៖ ១. បន្ត​គោលដៅ​ស្មារតី​សង្គ្រោះ​ជាតិ ២. បង្កើត​វប្បធម៌ នយោបាយ​ថ្មី ៣. បង្រួបបង្រួម​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ ៤. ផ្សះផ្សារ​ជាតិ (​ខ្មែរ​តែមួយ​) និង​៥. តស៊ូ​មតិ​តាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​។​

​គួរ​បញ្ជាក់ថា ស្ថាបនិក​គណបក្ស​ថ្មី​នេះ មានដូចជា លោក​កង គឹម​ហាក់ លោក​ជីវ កត្តា ដែលជា​អតីត​តំណាងរាស្ត្រ លោក​ស៊ឹម សុវណ្ណនី អតីត​សមាជិក គណៈកម្មាធិការ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យស្នើសុំ សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular