Home ព័ត៌មានសំខាន់ៗ តារាភាពយន្ត​ជ...

តារាភាពយន្ត​ជើងចាស់​ហុងកុង​លោក ង៉ ម៉ាន់ តាត ដែល​តែង​សម្តែង​ជាមួយ​តួ​«​ទិន​ហ្វី​» ទទួលមរណភាព​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖ តារាភាពយន្ត​ជើងចាស់​ហុងកុង​លោក ង៉ ម៉ាន់ តាត បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សៅរ៍ នៅ​អាយុ​៧០​ឆ្នាំ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​។​

​សារព័ត៌មាន​ហុងកុង​The Standard បាន​និយាយថា​តួ​កំប្លែង ដែល​តែង​សម្តែង​ជាមួយ​តារា​កំប្លែង ស្ទេ​ហ្វិន ចូ​វ ហៅ​«​ទិន​ហ្វី​» កើត​ជំងឺ​មហារីក​ថ្លើម​។​លោក​បាន​ស្លាប់​នៅ​ពេល​រសៀល នៅ​មន្ទីរពេទ្យ​Union Hospital​នៅ​ហុងកុង​ខណៈ​សមាជិក​គ្រួសា​រ​នៅ​ក្បែរ​លោក​។​

​មិត្ត​របស់ង៉ បាន​និយាយថា​តារា​សម្តែង​ជើងចាស់​រូបនេះ​បាន​ស្លាប់​នៅ​ពេល​រសៀល​នៅ​មន្ទីរពេទ្យ​Union Hospital ក្នុង​ក្រុង​ហុងកុង ដោយ​សមាជិក​គ្រួសារ រួម​មាន​ភរិយា កូន​និង​ចៅ​នៅក្បែរ ។​«​គាត់​​បាន​លាចាក​លោក​ដោយ​ស្ងៀមស្ងាត់​។​គ្រូពេទ្យ​បាន​អោយ​ថ្នាំ​ដើម្បីអោយ​គាត់​មាន​អារម្មណ៍​ល្អ និង​គាត់​បាន​ផុតដង្ហើម​ពេល​ដេកលក់​»​។​

​លោក ង៉ ម៉ាន់ តាត បាន​ចូល​ដេកពេទ្យ​កាលពី​ថ្ងៃ​២០​កុម្ភៈ​នៅ​ហុងកុង បន្ទាប់ពី​មាន​ព័ត៌មាន​ថា​លោក​បាន​ស្វះស្វែង​ទៅ​ព្យាបាល​នៅ​ម៉ា​កាវ​។​

​ង៉ ម៉ាន់ តាត បានចាប់ផ្តើម​អាជីព​សិល្បៈ​នៅ​ឆ្នាំ​១៩៧៣ ក្នុង​អាយុ​២២​ឆ្នាំ​។​នៅ​ឆ្នាំ​១៩៩១ លោក​បាន​ទទួលពានរ​ង្វាន់​តួរង​ល្អ​បំផុត​ប្រចាំ​ភាពយន្ត​ហុងកុង​ចំពោះ​តួនាទី​ក្នុង​ការសម្តែង​រឿង​A Moment of Romance ដែល​មាន​អ៊ែន​ឌី ឡោ ជា​តួឯក​។​

​លោក​ក៏​ត្រូវបាន​តែងតាំង​សំរាប់​ពាន់រង្វាន់​ភាពយន្ត​ជាច្រើន រួម​មាន​ពានរង្វាន់​សេះ​មាស​របស់​តៃវ៉ាន់​ផង​។​

​ង៉ ម៉ាន់ តាត និង​ស្ទេ​ហ្វិន ចូ​វ ក្នុង​រឿង​Hail The Judge

​លោក​ង៉ ល្បី​ឈ្មោះ​ដោយសារតែ​សម្តែង​ជា​តួកំប្លែង​ជាមួយ​លោ​កចូវ ហៅ​ទិន​ហ្វី បាន​ជា​ច្រើន​រឿង តែ​ពួកគេ​មិន​បាន​សម្តែង​ជាមួយ​គ្នា​ទៀត​ទេ​ចាប់តាំងពី​រឿង​Shaolin Soccer​នៅ​ឆ្នាំ​២០០១​។​ទោះជា​​យ៉ាងណា ពួកគេ​បាន​ច្រាន​ចោល​ការលើកឡើង​ថា​ពួកគេ​ឈ្លោះ​គ្នា ហើយ​លោ​កង៉​ក៏​មិន​បាន​បដិសេធ​សម្តែង​ជាមួយ​ចូ​វ​ឡើងវិញ​ដែរ​។​តែ​សុខភាព​របស់​លោក​បាន​ចុះ​ដុនដាប់​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ។​នៅ​​ឆ្នាំ​២០១៤ លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​រួសរាន់​ដោយសារ​បញ្ហា​ដង្ហើម និង​ក្រោយ​មក​រក​ឃើញ​ថា​មាន​ជំងឺ​បេះដូង​។​

​តារា​សម្តែង​ជើងចាស់ ចូ​វ យុន​ហ្វាត ហៅ​ស្តេច​ល្បែង​អាស៊ី ដែល​ជា​មិត្ត​រួម​ថ្នាក់​របស់ង៉ កាល​ពី​ពួកគេ​រៀន​វគ្គ​សម្តែង​តួ​នៅ​ឆ្នាំ​១៩៧៣ បាន​បញ្ជូន​សារ​ចូលរួម​រំលែក​ទុក្ខ និង​ថា លោក​ង៉ បាន​លាចាក​លោក​​ទៅកាន់​«​កន្លែង​គ្មាន​ការឈឺចាប់​និង​គ្មាន​ទុក្ខ​កង្វល់​»​។​

​ចំណែក​លោក​ស្ទេ​ហ្វិន ចូ​វ បាន​និយាយថា លោក​ង៉​បាន​ចាកចេញ​ទៅ​«​លឿន​ពេក​ហើយ​។​ទោះ​ជា​ខ្ញុំ​បាន​តាមដាន​ព័ត៌មាន​អំពី​សុខភាព​របស់​គាត់​ជាប្រចាំ ក៏​មរណភាព​នេះ​នៅតែ​ធ្វើអោយ​ខ្ញុំ​រន្ធត់ចិត្ត​»៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular