Home ព័ត៌មានសំខាន់ៗ យោធា​មី​យ៉ាន់...

យោធា​មី​យ៉ាន់​ម៉ា​បណ្តេញ​តំណាង​របស់​ខ្លួន​នៅ​អង្គការសហប្រជាជាតិ ចំ​ពេល​បង្កើន​ការបង្ក្រាប​(វីដេអូ)

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​របប​យោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សៅរ៍​បាន​បណ្តេញ​តំណាង​របស់​ខ្លួន​ប្រចាំ​អង្គការសហប្រជាជាតិ​ដោយសារតែ​មិន​សហការ​និង​បែរជា​ប្រកាស​ថ្កោលទោស​ក្រុម​យោធា​ដែល​​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ពេល​ប៉ូលិស​បង្កើន​ការបង្ក្រាប​លើ​អ្នក​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស​។​

​សូមបញ្ជាក់​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ចូល​ក្នុង​ចលាចល​នយោបាយ​និង​សង្គម​ភ្លាម​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​០១​កុម្ភៈ​ដោយ​សារ​មានតែ​បាតុកម្ម​កូដកម្ម​ស្ទើរ​រាល់ថ្ងៃ​។​អាជ្ញាធរ​​បាន​បង្កើន​ការប្រើ​កម្លាំង​ដើម្បី​កំចាត់​ការប្រឆាំង​ខ្លួន ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក ការបាញ់ទឹក និង​កាំភ្លើង​គ្រាប់​ជ័រ ដើម្បី​បំបែកហ្វូង​បាតុកម្ម​។​គ្រាប់កាំភ្លើង​ពិត​ក៏​មានប្រើ​ក្នុង​ករណីខ្លះ​។​

​កាលពី​ថ្ងៃ​សៅរ៍ ស្ត្រី​ម្នាក់​ត្រូវ​បាន​បាញ់​អោយ​របួស​និង​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​។​អង្គការ​សារព័ត៌មាន​បី​បាន​រាយការណ៍​ថា​ស្ត្រី​នេះ​ត្រូវបាន​បាញ់​ចំ​និង​ស្លាប់​នៅ​ទីប្រជុំជន ម៉ុន​វីយ៉ា តែ​មន្ត្រី​សេវា​រថយន្ត​​ពេទ្យ​បាន​និយាយថា​នាង​របួស​និង​កំពុង​នៅ​មន្ទីរពេទ្យ​។​

​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​បាន​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល​យោធា​និង​បាន​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ខ្លាំងក្លា​បំផុត​ដែល​អាច​ធ្វើ​​បាន​…​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​ឡើងវិញ​»​។​

​លោក​ក៏​អំពាវនាវ​អោយ​«​បងប្អូន​ប្រុស​ស្រី​»​នៅ​មី​យ៉ាន់​ម៉ា បន្ត​តស៊ូ​និង​ថា​«​បដិវត្តន៍​នេះ​ត្រូវ​តែ​ឈ្នះ​»​។​តែ​នៅ​យប់​ថ្ងៃ​សៅរ៍ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ប្រកាស​ថា​លោក ក្យ​រ ម៉ូ​អេ ទុន លែង​ជា​តំណាង​មី​យ៉ាន់​​ម៉ា នៅ​អង្គការ​សហប្រជាជាតិ​ទៀត​ហើយ​ដោយសារ​គាត់​«​មិន​ធ្វើ​តាម​បញ្ជា​និង​ការណែនាំ​របស់​រដ្ឋ ហើយ​ក្បត់ជាតិ​»​។​

​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ក្យ​រ ម៉ូ​អេ ទុន ត្រូវ​របប​យោធា​បណ្តេញចេញ​ពី​តំណាង​របស់​មី​យ៉ាន់​ម៉ា​នៅ​អង្គការ​សហ​ប្រជាតិ​

​ព័ត៌មាន​ស្តីពី​ការបណ្តេញ​តំណាង​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​បាន​កើតឡើង​ចំពេល​នៅក្នុង​ប្រទេស​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ធ្វើ​ការបង្ក្រាប​និង​ចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ នៅពេល​ការប្រឆាំង​តវ៉ា​​មហាជន​បាន​ឈាន​ចូល​សប្តាហ៍​ទី​៤៕

​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បង្កើន​ការប្រើ​កម្លាំង​បណ្តើរៗ​លើ​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។​ក្នុង​រូប ប៉ូលិស​រុលចូល​ដើម្បី​បំបែក​ការតវ៉ា​នៅ​ក្រុង​យ៉ាងហ្គោន​កាល​ពី​ថ្ងៃសៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular