ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជន ៣ នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវក្រុមក្មេងទំនើង មួយក្រុម ជិះម៉ូតូ ៣ គ្រឿង ប្រដាប់ដោយដាវ និងដំបង ដេញវាយ និងកាប់ បណ្ដាលឲ្យភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះ ចាប់ឃាត់ខ្លួន ដោយចោទថា ប៉ុនប៉ងលួចទ្រព្យសម្បត្តិ រួចប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២១ នៅតាមបណ្ដោយ ផ្លូវបេតុង ខាងកើតប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូ មានឈ្មោះ រ័ត្ន ថាត់ អាយុ ១៣ ឆ្នាំ មុខរបរ ជួយលក់ដូរម្តាយស្នាក់នៅក្នុងរោង សំណង់ក្នុងបុរី ឌី អ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានរងរបួសជើងម្ខាង ទី២ ឈ្មោះ រ័ត្ន ថា ភេទប្រុស អាយុជិត ២០ ឆ្នាំ មុខរបរ ជាងឈើ រងរបួសដៃម្ខាង និងទី៣ ឈ្មោះ ញុញ ភេទប្រុស មុខរបរ ជាងឈើ មិនមានរងរបួស។
តាមការរៀបរាប់ពីស្ត្រីម្នាក់ ដែលអះអាងថា ជាម្ដាយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ឈ្មោះ រ័ត្ន ថាត់ ជាកូនរបស់គាត់ បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្សុ៊យ ស្មាស់ វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-1571 ទៅយកបងម្នាក់ និងមិត្តភក្តិម្នាក់ទៀត នៅឯម្ដុំផ្សារត្រពាំងថ្លឹង រួចធ្វើដំណើរមកវិញ តាមបណ្ដោយផ្លូវបេតុង ទួលពង្រ ក្នុងទិសដៅ ពីខាងជើង ទៅខាងត្បូង លុះមកដល់ចំណុចមុខវត្តកំពែង ក៏ប្រទះនឹងក្មេងមួយក្រុម ជិះម៉ូតូ ៣ គ្រឿង ម៉ាកហុងដា ឌ្រីម មិនចាំស្លាកលេខ ប្រដាប់ដោយដំបង និងដាវមួយដើម បានជិះដេញកាប់ និងវាយ រហូតមកដល់ ចំណុចកើតហេតុ ខាងលើ ធ្វើឲ្យពួកគេភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់យកខ្លួន ទៅចូលក្នុងផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវម្ចាស់ផ្ទះ ឃាត់ខ្លួន ដោយចោទថា ប៉ុនប៉ងលួចទ្រព្យសម្បត្តិ រួចក៏ប្រគល់ ជូនសមត្ថកិច្ចភ្លាមៗ។ ចំណែកជនបង្ក នាំគ្នាជិះម៉ូតូ រត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំជនរងគ្រោះទាំង ៣ នាក់ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ច ជួយស្វែងរកជនបង្ក យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់។ ចំណែកម្ចាស់ផ្ទះ មិនបានប្ដឹងផ្ដល់អ្វីនោះទេ សូមឲ្យសមត្ថកិច្ច ធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ៕/V