Home ព័ត៌មានសំខាន់ៗ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួន​បុរស បួន​នាក់ ករណី​ក្លែង​លិខិត ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ​

ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ជនសង្ស័យ ៤ នាក់ ត្រូវបាន​លោក រស់ ផុន​ច័ន្ទ​និមល ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្ដាល បានសម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ការ​ចោទ ប្រកាន់ ពីបទ ” ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​ក្លែង​លិខិត ក្លែង​ហត្ថលេខា និង​ត្រា របស់​នាយករដ្ឋមន្ត្រី​) ប្រើប្រាស់​ឯកសណ្ឋាន​ជាអាទិ៍ ដែលមាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​យោធា និង​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​សមគំនិត ក្នុង​អំពើ​ប្រើប្រាស់ ឯកសារ​សាធារណៈ​ក្លែង តាម​មាត្រា ៤៩០ ,៦១៦ ,៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ។​

រូប​ក្នុង​រង្វង់ យ៉ាន់ ចំណាប់ ក្លែង​ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ ហ៊ុន សែន​

​ជន​ត្រូវ​ចោទ ទី​១. ឈ្មោះ យ៉ាន់ ចំណាប់ អាយុ​៥៥​ឆ្នាំ​, ទី​២. ឈ្មោះ សួន ផល្លី អាយុ​៥៤​ឆ្នាំ​, ទី​៣. ឈ្មោះ យ៉ែម សារឿន អាយុ​៦៦​ឆ្នាំ និង​ទី​៤. ឈ្មោះ មាស ភូ​រិន្ទ អាយុ​២៦​ឆ្នាំ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ឈ្មោះ យ៉ែម សារឿន បាន​សារភាពថា ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ ៣១​គ្រួសារ នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ផ្តិតមេដៃ​ស្នើសុំ​កាត់​ដី​បឹង ចំណុច​បឹង​ក​ញ្ច្រាំ ចំនួន ៨,៦០ ហិកតា ពេលនោះ នៅក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ពឹងពាក់​ឈ្មោះ ហម សន្ធិ ឱ្យជួយ​រត់ការ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ធនធានទឹក ដើម្បី​កាត់​ដី​នេះ ប៉ុន្តែ​មិនបាន​សម្រេច​។ បន្ទាប់មក នៅ​ឆ្នាំ​២០១៩ ឈ្មោះ យ៉ែម សារឿន បាន​ពឹង​ឈ្មោះ ឡុង សុខ ឱ្យជួយ​រត់ការ​ម្តងទៀត ប៉ុន្តែ​មិនបាន​សម្រេច រហូតមកដល់​ឆ្នាំ​២០២០ ឈ្មោះ យ៉ែម សារឿន បាន​ពឹង​ឈ្មោះ សួន ផល្លី ដើម្បី​រត់ការ​សុំ ស​.​ជ​.​ណ និង​កាត់​ដី​ពី​ក្រសួង​ធនធានទឹក នៅ​ចំណុច​ខាងលើ ដោយ មាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀងគ្នា​លើ​តម្លៃ និង​មាន​រយៈពេល​កំណត់​។​

រូប​អាវ​ក្រហម : យ៉ាន់ ចំណាប់ ក្លែង​ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ ហ៊ុន សែន​

​លុះ​មកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផល្លី បាន​ផ្ញើលិខិត​បង្គាប់ការ​លេខ​៣៨ អ​អរ​/២១ មកឱ្យ​ឈ្មោះ យ៉ែម សារឿន​។ បន្ទាប់ពី​ទទួលបាន​លិខិត​បង្គាប់ការ​នេះហើយ​ឈ្មោះ យ៉ែម សារឿន បាន​ថតចម្លង​ឯកសារ​នេះ ចេញ​ជាច្រើន​សន្លឹក និង​បានឱ្យ​ឈ្មោះ ម៉េង ទៅ​សួរ​មេឃុំ​ព្រែកតាទែន ដើម្បី​ស្នើសុំ​ការចុះវាស់វែង​។​

​ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ខ្លួន​បានទទួល​ការពឹង​ពាក់​ពី​ឈ្មោះ យ៉ែម សារឿន ដើម្បី​រត់ការ​កាត់​ដី​បឹង​ក​ញ្ច្រាំ នៅ​ចំណុច ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ទំហំ ៨,៦០ ហិកតា ដើម្បី​ស្នើសុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ទីតាំង​ខាងលើ​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​៣១​គ្រួសារ ដោយ​ធ្វើការ​ព្រមព្រៀង ក្នុងតម្លៃ ១.៥០០.០០០ ដុល្លារ ។​

រូប​អាវ​ក្រហម : យ៉ាន់ ចំណាប់ ក្លែង​ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ ហ៊ុន សែន​

​បន្ទាប់ពី​ធ្វើ​កិច្ចព្រមព្រៀង ស្តីពី​ការផ្តល់​សេវាកម្ម ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​រួចមក ខ្លួន​បាន​ពឹងពាក់​ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជា​អ្នក​ធ្វើលិខិត​បង្គាប់ការ ពី​រាជរដ្ឋាភិបាល លុះ​មកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បាន​ផ្ញើ​ឯកសារ លិខិត​បង្គាប់ការ មកឱ្យ​ខ្លួន​ពិនិត្យមើល​ខ្លឹមសារ ពេលនោះ​ខ្លួន​ថា អាច​ទទួលយកបាន ហើយក៏​ឱ្យ យ៉ាន់ ចំណាប់ រៀបចំ​ចុះហត្ថលេខា យកមក ។ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បាន​មកជួប​ខ្លួន ដោយ​យក​លិខិត​បង្គាប់ការ ថតចម្លង​ដែលមាន​លេខ ៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។​

​បន្ទាប់ពី​ទទួលបាន​ដីកា​បង្គាប់​នេះ​ភ្លាម ខ្លួន​ក៏បាន ហៅ​ឈ្មោះ យ៉ែម សារឿន ឱ្យមក​យក​ដីកា​បង្គាប់ការ​នេះ និង​បានទទួល​ប្រាក់ ចំនួន ២១.០០០ ដុល្លារ ពី​ឈ្មោះ​យ៉ែម សារឿន​។​ឈ្មោះ មាស ភូ​រិន្ទ ដែល​ត្រូវជា​កូនចៅ របស់​ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ឈ្មោះ សួន ផល្លី មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ យ៉ាន់ ចំណាប់ និង​ពាក់ព័ន្ធ​រឿង​រត់ការ លិខិត​បង្គាប់ការ​នេះ ពិតប្រាកដ​មែន​។ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បាន​ថតរូប​ឯកសារ​ផ្ញើមក​ឱ្យឈ្មោះ សួន ផល្លី ហើយ​ឈ្មោះ សួន ផល្លី បាន​ប្រើ​ខ្លួន​ឱ្យជួយ​អាន​ខ្លឹមសារ​ឯកសារ​នោះ​។ បន្ទាប់មក​ឈ្មោះ សួន ផល្លី បានឱ្យ​ខ្លួន​ផ្ញើ​ប្រាក់ ទៅឱ្យ​ឈ្មោះ យ៉ាន់ ចំណាប់ ជាច្រើន​ដង ក្នុង​មួយដង​ចន្លោះ​ពី ៣០០ ដុល្លារ ទៅ ៥០០ ដុល្លារ ហើយ​ឈ្មោះ សួន ផល្លី បានឱ្យ​ខ្លួន​បើកឡាន ជូន​គាត់​ទៅ​ជួប ឈ្មោះ យ៉ាន់ ចំណាប់ និង​បានប្រគល់​ប្រាក់​ជាច្រើន នៅ​ហាង​កាហ្វេ PN ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​២​។​

រូប​អាវ​ក្រហម : យ៉ាន់ ចំណាប់ ក្លែង​ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ ហ៊ុន សែន​

​តាម​ចម្លើយសារភាព​របស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ខ្លួន​បានទទួល ការពឹង​ពាក់​ពី​ឈ្មោះ សួន ផល្លី រត់ការ​រឿង​ដីធ្លី​របស់​ប្រជាជន ៣១ គ្រួសារ ដែល​ស្ថិតនៅ​ចំណុច​បឹង​ក​ញ្ច្រាំ ទំហំ ៨,៦០ ហិកតា នៅ​ភូមិ​ស្លែ​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ធ្វើ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ដោយ​ឈ្មោះ សួន ផល្លី សន្យាថា នឹង​ឱ្យប្រាក់​ទៅ​ខ្លួន ៥០.០០០ ដុល្លារ ក្រោយពី​ធ្វើបាន​សម្រេច តែ​ខ្លួន​បាន​ទារលុយ​មុន ចំនួន ១០.០០០ ដុល្លារ ។ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផល្លី បាន​ទូរស័ព្ទ​ណាត់​ខ្លួន​ទៅ​ជួប នៅ​ហាង​កាហ្វេ​ដដែល និង​បានប្រគល់​ប្រាក់​ចំនួន ១០.០០០ ដុល្លារ ទៅឱ្យ​ខ្លួន ដើម្បី​រត់ការ​។​

​បន្ទាប់មក ខ្លួន​ក៏បាន​ទៅ​ជួប​អ្នក​កាត់ត​ឯកសារ ដែល​ស្គាល់គ្នា នៅ​ហាង​កាហ្វេ មួយកន្លែង ដើម្បី​ឲ្យ​កាត់ត​ឯកសារ​ធ្វើ ស​.​ជ​.​ណ ដោយ​ព្រមព្រៀងគ្នា​ក្នុងតម្លៃ ១០០ ដុល្លារ​។ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ អ្នក​កាត់ត​បាន​ផ្ញើ​រូបភាព លិខិត​បង្គាប់ការ គ្មាន​លេខ គ្មាន​ត្រា គ្មាន​ហត្ថលេខា មកឱ្យ​ខ្លួន​។ ខ្លួន​ក៏​ផ្ញើ​បន្តទៅ​ឱ្យឈ្មោះ សួន ផល្លី​មើល​។ ក្រោយពី​ព្រមព្រៀងគ្នា លើ​ខ្លឹមសារ​ហើយ ខ្លួន​ក៏បាន​ឱ្យ​អ្នក​កាត់ ត នោះ ធ្វើលិខិត​បង្គាប់ការ ដោយមាន​លេខ ឈ្មោះ ត្រា និង​ហត្ថលេខា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។ ក្រោយមកទៀត ខ្លួន​បាន​ថតចម្លង​លិខិត​នេះ ហើយ​ណាត់ជួប​ឈ្មោះ សួន ផល្លី ដើម្បី​ប្រគល់​លិខិត​នេះ​ឱ្យទៅ​គាត់ និង​ទទួលបាន​ប្រាក់​កក់ ពី​ឈ្មោះ សួន ផល្លី ១០.០០០ ដុល្លារ ទៀត​។​

រូប​អាវ​ក្រហម : យ៉ាន់ ចំណាប់ ក្លែង​ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ ហ៊ុន សែន​

​រយៈពេល​ប្រហែល​មួយ​សប្តាហ៍​ក្រោយមក ឈ្មោះ សួន ផល្លី បាន​ទាក់ទង​សួរ អំពី​លិខិត​ច្បាប់ដើម ខ្លួន​ក៏បាន​កុហក ឈ្មោះ សួន ផល្លី ថា ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃនោះ មិនបាន​ប្រគល់​ច្បាប់ដើម ឲ្យ​ទេ​។

​លទ្ធផល​ស្រាវជ្រាវ ឈ្មោះ យ៉ាន់ ចំណាប់ ពិតជា​បានធ្វើ​លិខិត​បង្គាប់ការ លេខ ០៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី (​ឯកសារ​ក្លែងក្លាយ​) និង​បាន​យក​លិខិត បង្គាប់ការ​នេះ ទៅ​ឲ្យ​ឈ្មោះ សួន ផល្លី ប្រើប្រាស់​កាលពី​ថ្ងៃទី​២៨.០១.២០២១ ពិតប្រាកដ​មែន​។ ចំណែក ឈ្មោះ សួន ផល្លី ក៏បាន​យក​លិខិត​បង្គាប់ការ​នេះ ដដែល ទៅ​ឲ្យ​ឈ្មោះ យ៉ែម សារឿន ប្រើប្រាស់ ពិតប្រាកដ​មែន​។​

​ឯ​ឈ្មោះ យ៉ែម សារឿន បាន​យក​លិខិត​នេះ​ទៅ​ឲ្យ​ឈ្មោះ​ម៉េង ដើម្បី​យកទៅ​សួរ ស្មៀន ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ដាក់​ឲ្យ​អនុវត្ត ។ ការធ្វើ​លិខិត​បង្គាប់កា​រ​នេះ​ជា​ថ្នូរ​នឹង​ការផ្តល់ប្រាក់​ត្រឡប់មកវិញ​ឈ្មោះ​យ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន ២១.០០០ ដុល្លារ ទៅ​ឲ្យ​ឈ្មោះ​សួន ផល្លី ហើយ​ឈ្មោះ​សួន ផល្លី បាន​យកប្រាក់ ចំនួន ២០.០០០ ដុល្លារ ឲ្យ​ទៅ​ឈ្មោះ យ៉ាន់ ចំណាប់ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ វេ​ល​ម៉ោង ១ រសៀល​។​

រូប​អាវ​ក្រហម : យ៉ាន់ ចំណាប់ ក្លែង​ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ ហ៊ុន សែន​

​បើតាម​កិច្ចសន្យា​ធ្វើឡើង រវាង​ឈ្មោះ​យ៉ែម សារឿន និង​ឈ្មោះ​សួន ផល្លី នៅពេលណា​ដែល​ឈ្មោះ សួន ផល្លី រត់ការ​បានសម្រេច លើ​ការស្នើសុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ នៃ​ដី​ទំហំ​ប្រហែល ៨,៦០ ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល គឺ​តម្រូវ​ឲ្យ​ឈ្មោះ​យ៉ែម សារឿន ផ្តល់ប្រាក់​ចំនួន ១.៥០០.០០០ ដុល្លារ ទៅ​ឲ្យ​ឈ្មោះ​សួន ផល្លី ។

​ករណីនេះ បាន​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ចាត់វិធានការ តាមផ្លូវ​ច្បាប់​តែម្តង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular