Home ព័ត៌មានសំខាន់ៗ កងកម្លាំង​សន្...

កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បង្ក្រាប​ការជួបជុំ​តវ៉ា​នៅ​ទូទាំង​ប្រទេស មនុស្ស​យ៉ាង​តិច​៣​នាក់​ត្រូវបាន​សម្លាប់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា បាន​វាយ​បំបែកហ្វូង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កុម្ភៈ ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា អ្នកប្រឆាំង​​តវ៉ា​យ៉ាង​តិច​៣​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការបង្ក្រាប​។​

​របប​យោធា​បាន​បង្កើន​ការប្រើ​កម្លាំង​នៅ​ចុង​សប្តាហ៍​នេះ​ប្រឆាំងនឹង​ចលនា​តាម​ដងផ្លូវ​ដ៏​ធំ ដែល​ទាមទារ​អោយ​ខ្លួន​បោះបង់​អំណាច​និង​ដោះលែង​អ្នក​ត្រូវ​ចាប់ខ្លួន រួម​ទាំង​មេដឹកនាំ​ស៊ីវិល លោកស្រី​​អ៊ុង​សាន ស៊ូ​ជី​។​ប៉ូលិស​និង​ទាហាន​បាន​ប្រើ​គ្រាប់កាំភ្លើង​ជ័រ ឧស្ម័ន​ហៀរ​ទឹកភ្នែក និង​ការបាញ់ទឹក​លើ​អ្នក​ប្រឆាំង​តវ៉ា​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ក្នុង​កិច្ចខិតខំ​បង្ក្រាប​ការប្រឆាំង​ខ្លួន​។​

​ទោះជា​បង្ក្រាប ការជួបជុំ​ធំៗ​បាន​ប្រាកដ​ឡើង​ជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​។​

​បុរស​៣​នាក់​ត្រូវបាន​សម្លាប់​និង​យ៉ាងហោច​ណាស់​មនុស្ស​២០​នាក់​រងរបួស​នៅពេល​កងកម្លាំង​សន្តិសុខ​រុល​ចូល និង​បាញ់​បំបែកហ្វូង​បាតុកម្ម​នៅ​ក្រុង​ដា​វ៉េ​ជាប់​សមុទ្រ នេះ​បើ​តាម​បុគ្គលិក​វេជ្ជសាស្ត្រ​ម្នាក់​​និង​របាយការណ៍​សារព័ត៌មាន​។​

​កម្លាំង​ប៉ូលិស​នៅ​ក្រុង​យ៉ាងហ្គោន​ក៏បានចាប់ផ្តើម​បាញ់បំ​បែក​ហ្វូង​មនុស្ស​មួយ​នៅ​កណ្តាល​ក្រុង​តែ​មិនដឹងថា​ប្រើ​គ្រាប់កាំភ្លើង​ជ័រ​ឬ​គ្រាប់​ពិត​។​

បាតុកម្មនិងកម្លាំងសន្តិសុខនៅក្រុងយ៉ាងហ្គោនកាលពីថ្ងៃអាទិត្យទី២៨កុម្ភៈ

​រូបភាព​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​កងកម្លាំង​សន្តិសុខ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​នៅ​យ៉ាងហ្គោន ព្រមទាំង​បាញ់​ទឹក​នៅ​ក្រុង​ម៉ាន់​ដា​ឡេ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​យោធា​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ថ្ងៃ​០១​កុម្ភៈ មនុស្ស​ជាង​៨៥០​នាក់​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់​ឬ​ដាក់ទោស​៕

​ប៉ូលិស​និង​ទាហាន​ចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular