​ដោយៈ បូកគោ / កំ​ពតៈ ក្រោយ​ក្រុមការងារ​ជំនាញ សុខាភិបាល យក​សំណាក​ពី ប្រជាពលរដ្ឋ ចំ​នួ ១៥ នាក់ រស់នៅ​ស្រុក​ឈូក ទៅ​វិភាគ ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់​។​

​លោក ខៀវ ឫទ្ធិ​ភ័​ណ្ឌ អភិបាលស្រុក​ឈូក បានបញ្ជាក់​ថាៈ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ​ក្រុមការងារ​ជំនាញ បាន​ចុះ​ជួប​ជាមួយ ពលរដ្ឋ​ចំនួន ១៥ នាក់ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ដើម្បី​យក​សំណាក ទៅ​វិភាគ បន្ទាប់ពី​សង្ស័យថា បងប្អូន​ទាំងនោះ បាន​ប៉ះពាល់​ជាមួយ អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​ពិធីមង្គលការ​មួយ នា​ខេត្តកំពង់ចាម​។ ជា​លទ្ធផល ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ គឺ​បងប្អូន​ទាំងអស់ មិនមាន​លទ្ធផល​វិជ្ជមាន នូវ​មេរោគ​កូ​វីដ ១៩ ឡើយ​។​

​លោក​អភិបាលស្រុក បាន​បន្តថាៈ ជាមួយ​នោះ ក្រុមការងារ បាន​ចុះ​យក​សំណាក លើក​ទី​ពី នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កម្ភៈ បញ្ជូនទៅ​ពិនិត្យ​បន្ត​។ ជា​ក្តី​រំពឹង​សង្ឃឹមថា លទ្ធផល នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ នឹង​នៅតែ​អវិជ្ជមាន​ទៀត​។ ដូច្នេះ សូម​លោកយាយ លោកតា ពុក​ម៉ែ មាមីង បងប្អូន កូនក្មួយ ចូលរួម​អនុវត្ត តាម​គោលការណ៍ ក្រសួងសុខាភិបាល គ្រប់ៗ​គ្នា​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ អ្នកភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក បាន​ទៅ​ចូលរួម ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ នៅ​ភូមិ​កោះ​តូច នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​។ នៅ​ទីនោះ មាន​បុរស​ម្នាក់ ដែល​ទៅ​ចូលរួម​ជាមួយ ត្រូវបាន​រកឃើញ​មាន ឆ្លង​ជំងឺ​កូ​វីដ ១៩ នា​ប៉ុន្មាន​ថ្ងៃ ក្រោយមក​។ ម្ល៉ោះហើយ ទើប​ក្រសួង​សុខ​ភិ​បាល បាន​ជូនដំណឹង ស្តីពី​ការពាក់ព័ន្ធ​នឹង​ករណីនេះ បំណង​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​សហការ​ជាមួយ បងប្អូន​ដែលមាន​វត្តមាន ក្នុង​ពិធីមង្គលការ​នោះ ដើម្បី​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ៕/V​