ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន,ព្រុចសែល៖ សហរដ្ឋអាម៉េរិក(US) អង្គការសហប្រជាជាតិ(UN) និងសហភាពអឺរ៉ុប(EU)កាលពីថ្ងៃអាទិត្យទី២៨កុម្ភៈបានថ្កោលទោសការបង្ក្រាបហិង្សាក្រោយប៉ូលិសមីយ៉ាន់ម៉ាបាញ់លើអ្នកប្រឆាំងតវ៉ាដែលបណ្តាលអោយស្លាប់មនុស្សយ៉ាងតិច១៨នាក់ នៅក្នុងអំពើហិង្សាអាក្រក់បំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃ០១កុម្ភៈ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកអ៊ែនថូនី ប្លីងកិន បានថ្កោលទោសអ្វីដែលលោកហៅថា«អំពើហិង្សាគួរអោយស្អប់ខ្ពើម»ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅក្នុងការបង្ក្រាបដ៏ផ្តាច់ផ្តិលជីវិតមនុស្សបំផុតលើអ្នកប្រឆាំងតវ៉ានៅទៅនោះ។
លោកប្លីងកិនបាននិយាយបង្ហោះក្នុងបណ្តាញសង្គមទ្វីតធឺថា « យើងឈរយ៉ាងរឹងមាំជាមួយប្រជាជនដ៏ក្លាហានរបស់ភូមា និងលើកទឹកចិត្តអោយគ្រប់ប្រទេសនិយាយជាមួយនឹងសម្លេងតែមួយគាំទ្រឆន្ទៈរបស់គេ»។
ចំណែកលោកអគ្គលេខាអង្គការសហប្រជាជាតិ អង់តូញ៉ូ ហ្គូទែរ៉េស បានថ្កោលទោសការបង្ក្រាបដ៏ហិង្សានៅមីយ៉ាន់ម៉ានេះ និងបានសម្តែងការរំខានអារម្មណ៍ជាខ្លាំងដោយសារតែការស្លាប់និងរបួសមនុស្សកើនឡើង នេះបើតាមអ្នកនាំពាក្យសហប្រជាជាតិ។
អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា«ការប្រើកម្លាំងអាចសម្លាប់មនុស្សប្រឆាំងនឹងការតវ៉ាប្រឆាំងអហិង្សា និងចាប់ខ្លួនតាមអំពើចិត្តជាការមិនអាចទទួលយកបានឡើយ។លោកអគ្គលេខាអង្គការសហប្រជាជាតិ អំពាវនាវអោយសហគមន៍អន្តរជាតិរួមគ្នាបញ្ជូនសារច្បាស់មួយទៅកាន់យោធាមីយ៉ាន់ម៉ាថា ខ្លួនត្រូវតែគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ដូចអ្វីដែលត្រូវបានសម្តែងក្នុងការបោះឆ្នោតនិងឈប់ការជិះជាន់គាបសង្កត់»។
ក្នុងពេលជាមួយគ្នា ប្រមុខការទូតសហភាពអឺរ៉ុប លោកចូសេប ប័ររ៉ែល ក៏បានថ្កោលទោសការបង្ក្រាបរបស់យោធានៅមីយ៉ាន់ម៉ា និងបានបញ្ជាក់អះអាងថា ប្លុកនេះនឹងដាក់ទណ្ឌកម្មជាការឆ្លើយតប៕
ការិយាល័យសិទ្ធិមនុស្សសហប្រជាជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៨នាក់ត្រូវបានសម្លាប់ និងជាច្រើនរងរបួស ហើយរាប់រយនាក់ត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបលើការប្រឆាំងតវ៉ានៅទូទាំងមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។វាកត់សំគាល់ចំណាត់ការបង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃ០១កុម្ភៈ