ដោយៈសុផល/ភ្នំពេញ៖រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន៣,៥លានដុល្លារដល់ក្រុមហ៊ុនឯកជនដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចតាមរយៈការពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ និងជំរុញការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន ក្នុងវិស័យកសិកម្ម។

រដ្ឋាភិបាលអាម៉េរិក តាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយសម្រាប់វិស័យឯកជនក្នុង​ភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ដូចជាការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូយូរអង្វែងរបស់ប្រទេសកម្ពុជា និងវិស័យកសិកម្មក្នុងប្រទេសនេះ។ ការប្រកួតប្រជែងនេះ មានបំណងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ហើយនិងជំរុញការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ក្នុងវិស័យកសិកម្ម»។

ការប្រកួតប្រជែង ដែលបានបើកនៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ចំនួន ៣,៥ លានដុល្លារ ដល់ក្រុមហ៊ុនឯកជន។ ក្រុមហ៊ុននានា ក៏តម្រូវឲ្យផ្តល់នូវដៃគូហិរញ្ញប្បទានមួយទល់នឹងមួយ ហើយធ្វើការជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់បំផុត ក្នុងការងារទាក់ទងនឹងប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ នៅក្នុងវិស័យកសិកម្ម។ ការប្រកួតនេះ មានបំណងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសកម្ពុជា ឲ្យសម្រេចជោគជ័យលើអាទិភាពជាយុទ្ធសាស្រ្តក្នុងផែនការអភិវឌ្ឍក្នុងវិស័យកសិកម្ម ឆ្នាំ ២០១៩ – ២០២៣ របស់ខ្លួន ជាមួយនិងដំណោះស្រាយផ្អែកតាមទីផ្សារ។

ការប្រកួតប្រជែងនេះនឹងបញ្ចប់នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ ភាគីពាក់ព័ន្ធ មានចំណាប់អារម្មណ៍ សូមចូលមើលក្នុងគេហទំព័រ ៖ https://www.mspgrants.com/cambodia/ ដើម្បីយល់ដឹងបន្ថែមពីឱកាសមួយនេះ។

ស្ថានទូតសហរដ្ឋអាមេរិក កំពុងទាញការចាប់អារម្មណ៍លើការដែលកម្មវិធីដៃគូរបស់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅឆ្នាំនេះ ជាផ្នែកមួយនៃយុទ្ធនាការ កម្ពុជា-អាមេរិក ២០២១ ឬ «AmCam 2021» ។ នៅត្រីមាសទី១ នៃឆ្នាំនេះ ស្ថានទូត ផ្តោតលើប្រធានបទវិបុលភាព និងនិរន្តរភាព៕សរន