អ្នកកាសែត​និង​ប៉ូលិស​ស្ថិត​ចំណោម​អ្នក​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់​អត្តឃាត​នៅ​ក្រុង​កា​ប៊ុល​

1168
ចែករម្លែក

ការបំផ្ទុះគ្រាប់បែកអត្តឃាតដែលមានការសហការគ្នាបានវាយប្រហារកណ្តាលក្រុងកាប៊ុលកាលពីព្រឹកថ្ងៃចន្ទទី៣០មេសា ដោយសម្លាប់មនុស្សយ៉ាងតិច២៥នាក់។អ្នកស្លាប់រួមមានអ្នកថតរូបអោយទីភ្នាក់ងារសារព័ត៌មានបារាំងម្នាក់ និងអ្នកថតរូបសំរាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ព្រមទាំងប៉ូលិស៤នាក់។

យ៉ាងហោចណាស់មនុស្ស៤៥នាក់ទៀតរងរបួស។

មិនទាន់មាននរណាម្នាក់ចេញមកអះអាងទទួលខុសត្រូវនៅឡើយទេចំពោះការផ្ទុះនេះ តែក្រុមតាលីបង់និងក្រុមរដ្ឋអ៊ីស្លាម ធ្វើសកម្មភាពយ៉ាងសកម្មនិងតែងធ្វើការវាយប្រហារនៅរដ្ឋធានីរបស់អាហ្វហ្គានីស្ថាននេះ។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា ជនវាយប្រហារអត្តឃាតដំបូង ជិះទោចក្រយានយន្តមួយនៅពេលជនវាយប្រហារទី២បានស្ថិតចំណោមហ្វូងអ្នកយកព័ត៌មានដែលបានប្រញាប់ទៅកាន់កន្លែងវាយប្រហារដំបូង ដោយធ្វើពុតជាអ្នកសារព័ត៌មាន។

លោកបានបន្ថែមថា ជនវាយប្រហារទី២បន្ទាប់មកបានចុចបំផ្ទុះគ្រាប់បែកក្នុងពេលស្ថិតចំណោមអ្នកសារព័ត៌មាន។

ទីភ្នាក់ងារសារព័ត៌មានបារាំងAFPបានរាយការណ៍ថា ប្រធានអ្នកថតរូបអោយទីភ្នាក់ងារប្រចាំក្រុងកាប៊ុលលោក សា ម៉ារីយ៉ា បានស្ថិតចំណោមអ្នកស្លាប់។លោកបានស្លាប់ក្នុងការផ្ទុះទី២ដែលសំដៅលើអ្នកកាសែត។

ក្នុងពេលជាមួយគ្នា មន្រ្តីនៅគណៈកម្មាធិការសុវត្ថិភាពអ្នកកាសែតអាហ្វហ្គានីស្ថាន បាននិយាយថា អ្នកថតរូបអោយទូរទស្សន៍ក្នុងស្រុក Tolo TVក៏ត្រូវបានសម្លាប់។

ការវាយប្រហារអត្តឃាតនេះកើតឡើងនៅតំបន់Shash Darak កន្លែងដែលអង្គការណាតូដាក់ទីស្នាក់ការនិងជាទីតាំងស្ថានទូតមួយចំនួន៕ដោយ៖វាសនា

 

​ការវាយប្រហារ​អត្តឃាត​នេះ​កើតឡើង​នៅ​តំបន់​Shash Darak កន្លែង​ដែល​អង្គការ​ណា​តូ​ដាក់​ទីស្នាក់ការ​និង​ជាទី​តាំង​ស្ថានទូត​មួយចំនួន​