Home ព័ត៌មានសំខាន់ៗ ស្អែក អាស៊ាន​...

ស្អែក អាស៊ាន​នឹង​ជួបប្រជុំ​ពិភាក្សា​អំពី​បញ្ហា​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖​រដ្ឋមន្ត្រីការបរទេស​នៃ​សមាគម​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​បញ្ហា​មី​យ៉ាន់​ម៉ា នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋ​​មន្ត្រី​ការបរទេស​សិង្ហ​បុរី​។​

​លោក វី​វៀន បា​ឡា​គ្រី​សណាន់ បាន​និយាយ​ក្នុង​សភា​សិង្ហ​បុរី​កាលពី​ថ្ងៃ​ចន្ទ​ថា « កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មួយ នឹង​ត្រូវ​ធ្វើឡើង​តាម​វីដេអូ​បន្ត​ផ្ទាល់​នៅ​ថ្ងៃស្អែក ហើយ​យើង​នឹង​ស្តាប់​​តំណាង​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​»​។​

​លោក​ក៏​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​កុំ​ប្រើ​កម្លាំង​ដែល​អាច​សម្លាប់​មនុស្ស និង​ចាត់វិធានការ​សម្រាល​ស​ភាព​ការណ៍​ជាបន្ទាន់​ដើម្បី​រារាំង​ការ​បង្ហូរឈាម អំពើហិង្សា​និង​ការស្លាប់​មនុស្ស​​ថែម​ទៀត​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ អ្នក​ប្រឆាំង​តវ៉ា​នៅ​មី​យ៉ាន់​ម៉ា បាន​នាំគ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​ជា​ថ្មី​ដោយ​មិន​ខ្លាច​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​សន្តិសុខ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៨​នាក់​ក្នុង​ការបង្ក្រាប​ការតវ៉ា​​ប្រឆាំង​នឹង​របប​សឹក​កាលពី​ថ្ងៃអាទិត្យ​។​

​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​ក៏​បាន​ទទូច​អោយ​គ្រប់​ភាគី​នៅ​មី​យ៉ាន់​ម៉ា ចូល​មក​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​យូរអង្វែង​មួយ រួម​មាន​ផ្លូវ​វិល​ទៅ​កាន់​អន្តរកាល​ប្រជាធិបតេយ្យ​ផង​។​លោក​​បាន​ប្រាប់​សភា​ថា​« យើង​ជឿ​ថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម ប្រសិន​បើ​ប្រធានាធិបតី វីន មី​យីនត៍ រដ្ឋមន្ត្រី​ការបរទេស​និង​ទីប្រឹក្សា​រដ្ឋ អ៊ុង សាន ស៊ូ ជី ព្រមទាំង​អ្នក​នយោបាយ​ត្រូវបាន​ចាប់ខ្លួន​ដទៃ​​ទៀត​ត្រូវបាន​ដោះ​លែង​ជា​បន្ទាន់​»​។​

​តែ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ តុលាការ​មី​យ៉ាន់​ម៉ា បាន​ធ្វើ​ការចោទប្រកាន់​២​ករណី​ទៀត​ប្រឆាំង​ស៊ូ​ជី នេះ​បើ​តាម​មេធាវី​របស់​លោកស្រី​។​

​សូម​រំលឹក​ថា កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បាន​ជួបភិភាក្សា​ផ្លាស់ប្តូ​រយោ​បល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេ​ស​មី​យ៉ាន់​ម៉ា​តែងតាំង​ដោយ​យោធា និង​សម​ភាគី​ថៃ នៅ​ក្រុង​បាងកក​។​តែ​កិច្ច​​ខិតខំ​គ្រា​ដំបូង​របស់​ឥណ្ឌូនេស៊ី​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ បាន​បង្ក​ការមន្ទិលសង្ស័យ​ក្នុងចំណោម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា ដែល​បារម្ភ​ខ្លាច​ថា ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​យោធា​​អាច​ផ្តល់​ភាពស្របច្បាប់​ចំពោះ​រដ្ឋប្រហារ​និង​លុបចោល​លទ្ធផល​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ដែល​គណបក្ស​របស់​លោក​ស្រី​ស៊ូ ជី ឈ្នះ​ភ្លូកទឹកភ្លូកដី​៕

​លោក វី​វៀន បា​ឡា​គ្រី​សណាន់ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular