ដោយៈប.ជ័យ/បន្ទាយមានជ័យៈដំណឹងសោកសង្រេងទៀតហើយ។ក្មេងបីនាក់បានលង់ទឹកស្លាប់ជាមួយគ្នាពេលនាំគ្នាមុជទឹកអូរមួយកន្លែងកាលពីរសៀល ថ្ងៃទី២៨ ខែកុម្ភៈនៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះ។ពួកគេមករស់នៅជាមួយ ជីដូនជីតាព្រោះឪពុកម្តាយចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថ្ងៃទី១ខែមីនាថា ក្មេងទាំងបីនាក់នោះមាន ឈ្មោះ អឿយ ផាន់ឡយ ភេទស្រី អាយុ៧ ឆ្នាំ,ឈ្មោះផលស្រីមួយ ភេទស្រី អាយុ៦ ឆ្នាំ និងឈ្មោះសុំផាន់ណា ភេទស្រី អាយុ៦ឆ្នាំ ។
ទាំង៣នាក់រស់នៅភូមិឃុំកើតហេតុ។ក្មេងទាំងបីនាក់មានឪពុកម្តាយតែពួកគាត់បានទៅធ្វើការស៊ីឈ្នួលនៅថៃដោយបានទុកឲ្យកូនៗរស់នៅក្រោមការថែបីបាច់ជាមួយតានិងយាយ។នៅមុនពេលកើតហេតុចន្លោះម៉ោង១០:៣០ព្រឹកដល់ម៉ោង១:៣០រសៀលថ្ងៃទី២៨ខែកុម្ភៈក្មេងទាំងបីនាក់បាននាំគ្នាទៅលេងទឹកអូរដែលរីងរាក់ណាស់ទៅហើយចំនុចខាងត្បូងភូមិ ។បន្ទាប់មកមានក្មេងប្រុសអាយុ៣ឆ្នាំ ឈ្មោះ អឿយ តៃវ៉ាន់ បានរត់មកប្រាប់ជីតាឈ្មោះរៀង សាវ៉ាន អាយុ ៦២ ឆ្នាំថា បងៗបានទៅងូតទឹកអូរប្រហែលលង់ហើយ ។
ពេលនោះ តាបានជិះម៉ូតូឌុបចៅទៅភ្លាមដល់កន្លែងក្មេងលង់ទឹកនោះ។ពេលទៅមិនឃើញក្មេងៗ ក៏បានចុះរាវទើបឃើញក្មេងចំនួនបីនាក់នោះដែលបានបានស្លាប់អស់ទៅហើយ ៕សរន