ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឧបត្ថម្ភថវិកា ដល់អ្នកធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារ ទទួលថវិកា ២ ម៉ឺនរៀល ក្នុង ១ ថ្ងៃ រយៈពេល ១៥ ថ្ងៃ សរុប ៣០ ម៉ឺនរៀល និងអង្ករ ២០ គីឡូក្រាម។ នេះបើតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី១ មីនា នេះ។
ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថាៈ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្នុងការ ជួយសម្រួល ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់នឹង ព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិកា របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានី ភ្នំពេញ ក្នុង១គ្រួសារ ទទួលបានថវិកា ចំនួន ២ម៉ឺនរៀល ក្នុង០១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន ៣០ ម៉ឺនរៀល និងអង្ករ ទម្ងន់ ២០ គីឡូក្រាម។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថាៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូន ប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិ ទាំង ៤ ដូចខាងក្រោមៈ ១. អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» , ២. អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន , ៣.អ្នកដែលធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងសណ្ឋាគារ , ៤.អ្នកដែលមានជីវភាពខ្វះខាត៕/V-PC