Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹក​បារាយណ៍​ខ...

ទឹក​បារាយណ៍​ខាងលិច រួមចំណែក ក្នុង​ការងារ​កសិកម្ម របស់​ប្រជាពលរដ្ឋ​

​ដោយៈ អង្គរតូច / សៀមរាបៈ ប្រជាកសិករ នៃ​សហគមន៍​កសិករ ប្រើប្រាស់​ទឹក ប្រព័ន្ធធារាសាស្ដ្រ បារាយណ៍​ខាងលិច កំពុង​រីករាយ ជាមួយនឹង​ទិន្នផល​ស្រូវ​នៅក្នុង រដូវ​នេះ ដែល​អះអាងថា ឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំទៅ​។ ប្រជាកសិករ​ទាំងនោះ អះអាងថា កំណើន​ទិន្នផល​ស្រូវ​ឆ្នាំនេះ ក៏​ដោយសារ​ការទទួល​ទឹក ពី​បារាយណ៍​ខាងលិច ដែល​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទាន់ពេលវេលា និង​ក្នុង​បរិវេណ​គ្រប់គ្រាន់ សម្រាប់​បំពេញ​ស្រែ រាប់សិប​ហិកតា របស់​ពួកគេ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះផ្សាយ​ជា​សាធារណៈ នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​

​លោក សុខ មក់ ប្រធាន​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក ប្រព័ន្ធធារាសាស្ដ្រ​បារាយណ៍ ខាងលិច បានឱ្យ ដឹងថាៈ ទិន្នផល​ស្រូវ​របស់ ប្រជាកសិករ ដែល​ទទួល​ទឹក​ពី​បារាយណ៍ ខាងលិច នៅ​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ​។ លទ្ធផល ដែល​ទទួលបាន​នេះ ក៏​ដោយសារ​ការទទួល​ទឹក ពី​ប៉ែក​ខាងលើ ដែល​ទម្លាក់​មក មាន​ភាពងាយស្រួល និង​ឆាប់រហ័ស ទាន់ពេលវេលា​។​

​លោក សុខ មក់ បានបង្ហាញ​អារម្មណ៍ រីករាយ​ជាខ្លាំង ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែល ជានិច្ចកាល បាន​សហការ​ផ្តល់​ទឹក ដល់​កសិករ សម្រាប់​ស្រោចស្រព​ស្រូវ តាម​តម្រូវការ ជាក់ស្ដែង​។​

​កសិករ ក្នុងភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប លោក ជា ម៉ោញ​បាន​រៀប រាប់​ថាៈ ស្រែ​ចំនួន ៥ ហិកតា របស់លោក នៅ​ឆ្នាំនេះ ទទួលផល គិត​ជា​ទឹកប្រាក់ ប្រមាណ ១៥ លាន​រៀល​។​

​លោក​បាន​បន្ថែមថាៈ ទឹក​បារាយណ៍ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ជួយ​ឱ្យ​ផល​ស្រូវ របស់លោក បាន​ផល​ល្អ​។ បើ​គ្មាន​ទឹក​នោះទេ ស្រូវ​មិនកើត​ទេ ព្រោះ​វាលស្រែ​នេះ តាំងពីដើម ពឹង​លើទឹក​បារាយណ៍ តាំងពី​សង្គម​មក​។​

​លោក ទឹម ឆោម មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន គ្រប់គ្រង​ទឹក ក៍​បានឱ្យដឹង​ដែរ​ថាៈ បារាយណ៍​ខាងលិច មាន​តួនាទី​ស្នូល ចំនួន ៤ សំខាន់ៗ រួមមាន ទី​១.​សម្រាប់​បញ្ចៀស ជំនន់​ទឹកភ្លៀង មិនឱ្យ​លិច​ក្រុង​, ទី​២.​ផ្គត់ផ្គង់​សម្រាប់​ប្រជាកសិករ ដែល​សព្វថ្ងៃ មាន​ចំនួន ២ ស្រុក​-​ក្រុង គឺ ៥ សង្កាត់ ក្នុង​ក្រុង​សៀមរាប និង​៤​ឃុំ​នៃ​ស្រុក​ពួក​។ តួនាទី​ទី​៣ គឺ​ផ្គត់ផ្គង់ ទឹកស្អាត​ដល់​រដ្ឋាករ​ទឹក​ស្វ័យ​ត​សៀមរាប និង​ទី​៤ ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​ដើម្បី​ឱ្យមាន ស្ថេរភាព​ជួយ​ការពារ​គ្រឹះ​ប្រាសាទ និង​ជួយ​សម្រួល​ចរន្តទឹក​ក្រោម​ដី​ដល់​ពលរដ្ឋ នៅ​ជុំវិញ​តំបន់​ផងដែរ​។​

​សម្រាប់​សហគមន៍​កសិក​រ ប្រើប្រាស់​ទឹក ប្រព័ន្ធ​ធា​រាស្ដ្រ​បារាយណ៍ ខាងលិច​នេះដែរ លោក ទឹម ឆោម ពន្យល់ថាៈ សហគមន៍​នេះ បាន​បង្កើត​យូរ​មកហើយ តែ​នៅ​ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល ក៏​ប្រគល់​ការគ្រប់គ្រង មកឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​បាន​បន្ត​រៀបចំ កិច្ចការងារ​បែងចែក ដល់​ប្រជាកសិករ ឱ្យ​កាន់តែ​ល្អប្រសើរ​។

​យ៉ាងណា មន្ត្រី​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​រៀបរាប់ថាៈ នៅក្រោយ​ការផ្គត់ផ្គង់ ទឹកបាន​គ្រប់​តម្រូវការ ប្រជា កសិករ​បាន​ពង្រីក​ផ្ទៃដី​ស្រែ ដែល​ធ្វើឱ្យ ការផ្គត់ផ្គង់​ទឹក មានការ​កើនឡើង ជា​លំដាប់​។ លោក ទឹម ឆោម ពន្យល់ថា មុន​ការគ្រប់គ្រង​របស់ អាជ្ញាធរ​ជាតិ​អប្សរា ផ្ទៃដី​ស្រែ​សរុប​ទាំងមូល របស់​កសិករ មាន​ត្រឹម ១៣.០០០ ហិកតា តែ​ក្រោយមក មានការ​បង្កើន​ផ្ទៃដី​ស្រែប្រាំង រហូត ២ ដង​។ ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់ ប្រជាកសិករ ទាំងអស់ សូម​ធ្វើស្រែ​តែម្ដង ក្នុង​មួយឆ្នាំ ហើយ​ត្រូវ​ដាំ ដំណាំ​រួមផ្សំ​ផ្សេងៗ​ជំនួស ដើម្បី​កាត់បន្ថយ​ហានិភ័យ ពី​ការពឹង​លើទឹក​បារាយណ៍ ព្រោះ​បច្ចុប្បន្ននេះ ទឹក​បារាយណ៍ មាន​តួនាទី​ច្រើន ដែល​ធ្វើឱ្យ​ការបញ្ជូន​ទឹក​ដល់​ប្រជា ពលរដ្ឋ មិនបាន​តាម​តម្រូវការ នៅពេល​ខ្លះ​។​

​លោក ទឹម ឆោម បាន​ប្រាប់ថាៈ ការ​បើកទឹក​ទម្លាក់ លើសពី​មួយដង អាស្រ័យ​លើទឹក យើង​ក៏​ព្យាយាម​ពន្យល់​ឱ្យ​គាត់ ធ្វើស្រែ​ដំណាលគ្នា ដើម្បីឱ្យ​ការទម្លាក់​ទឹក មក​ម្ដង​រួច ជៀសវាង​ទម្លាក់​ច្រើនដង វា​ខាត​ទឹក​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular