Home ព័ត៌មានសំខាន់ៗ លម្អិតរឿងបាញ់...

លម្អិតរឿងបាញ់សម្លាប់ក្រុមឧក្រិដ្ឋជន ៤នាក់ជំរិតទារប្រាក់ ១លានដុល្លារ

ដោយ:មុនីរ័ត្ន/ភ្នំពេញ:ករណីឧក្រិដ្ឋជនបួននាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំងបួននាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ ហេតុការណ៍នេះ កើតនៅវេលាម៉ោង១១ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។

យោងតាមរបាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេកមិនអាចអនុវត្តផែនការទាន់ ពួកគេក៏លើកគម្រោងទៅថ្ងៃ ទី២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃចន្ទ ទី១ ខែមីនា នេះតែម្តង។

តាមផែនការដែលឧក្រិដ្ឋជនដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់មួយលានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកគេដកលុយចុះ។ ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកគេនឹងសម្លាប់ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ៦នាក់ និងអ្នកបម្រើ០២នាក់ ។សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការដែលមានក្នុងទូដែកទាំងអស់ ។បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ២រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ។ឯអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេខ្លោង ក្រោយ ពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។

តែផែនការនេះត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំពួកវាចូលអន្ទាក់វិញអស់រយៈពេល៤ថ្ងៃមកហើយ។

រហូតដល់វេលាម៉ោង១១ថ្ងៃទី០១ ខែមីនាឧក្រិដ្ឋជនទាំងបួននាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំងបួននាក់ ស្លាប់នៅនឹងកន្លែង។

ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះ មានសុវត្ថិភាពគ្រប់គ្នា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular