Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ជះ​ល...

អាម៉េរិក​ជះ​លុយ​ខ្ជះខ្ជាយ​រាប់​ពាន់​លាន​ដុល្លារ​លើ​រថយន្ត​និង​អគារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោងតាម​ទីភ្នាក់ងារ​ឃ្លាំ​មើល​រដ្ឋាភិបាល​អាម៉េរិក​មួយ​បាន​ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក​បាន​ខ្ជះខ្ជាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថានដែល​ហែកហួ​រដោយ​សង្គ្រាម ទៅលើ​អគារ​និង​យានយន្ត ដែល​ត្រូវបាន​បោះបង់​ចោល​ឬ​បំផ្លាញចោល​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា ខ្លួន​បាន​ពិនិត្យ​ឡើងវិញ​នូវ​ទឹកប្រាក់​ចំនួន៧,៨ ពាន់​លាន​ដុល្លារ ដែល​បាន​ចំណាយ​ចាប់តាំងពី​ឆ្នាំ ២០០៨ ទៅលើ​អគារ​និង​យានយន្ត​។ អគ្គស្នងការ​ពិសេស​សម្រាប់ការស្ថាបនា​អា​ហ្វ​ហ្គានី​ស្ថាន ឬ SIGAR ដែល​ត្រួតពិនិត្យ​លើ​ប្រាក់​របស់​អ្នក​ជាប់ពន្ធ​អាម៉េរិក ដែល​ចំណាយ​សម្រាប់​ជម្លោះ​អូសបន្លាយ​យូរ​នេះ បាន​និយាយថាមាន​តែ​អគារ​និង​យានយន្ត​តម្លៃ ៣៤៣,២ លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ថែរក្សា​បានល្អ​។​

​របាយការណ៍​បានឱ្យដឹង​ថា​មាន​តែ​ប្រាក់​ចំនួន ១,២ ពាន់​លាន​ដុល្លារ​ក្នុងចំណោម ៧,៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​បាន​ចំណាយ​ទៅ​អគារ​និង​យានយន្ត ដែល​ប្រើប្រាស់​តាម​តម្រូវការ​។​

​លោក​ច​ន អេ​ហ្វ សូប​កូ អគ្គ​អធិការ​ពិសេស បាន​និយាយ​នៅក្នុង​របាយការណ៍​រប​ស់លោ​កថា “​ការពិត​ដែលថា​ទ្រព្យសម្បត្តិ​មូលធន​ជាច្រើន​ដែល​មិន​បាន​ប្រើប្រាស់ ត្រូវបាន​បំផ្លាញ ឬ​បោះបង់ចោល គួរតែ​ជា​បុព្វហេតុ​ចម្បង​នៃ​ការព្រួយបារម្ភ​សម្រាប់​បណ្តា​ទីភ្នាក់ងារ​នានា ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទាំងនេះ​”​។​

​សាធារណជន​អាម៉េរិក​ធុញទ្រាន់​នឹង​សង្គ្រាម​ដែល​មាន​អាយុ​ជិត ២០ ឆ្នាំនេះ ហើយ​លោក​ប្រធានាធិបតី​ចូ បៃ​ដិន​កំពុង​ពិនិត្យ​មើល​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​លោក​ដូណាល់ ត្រាំ​បាន​ចុះហត្ថលេខា​ជាមួយ​ពួក​តា​លី​បង់កា​លពី​មួយ​ឆ្នាំ​មុន​។ គាត់​ត្រូវតែ​សម្រេចចិត្ត​ថា​តើ​ត្រូវ​ដក​កងទ័ព​ចេញ​ទាំងអស់​នៅ​ត្រឹម​ថ្ងៃទី ១ ឧសភា​ដូចដែល​បាន​សន្យា​ក្នុង​កិច្ចព្រមព្រៀង​ឬ​បន្ត​នៅ​ហើយ​អាច​អូសបន្លាយ​សង្គ្រាម​តទៅទៀត​។ ក្រុម​មន្ត្រី​និយាយ​ថា​មិនទាន់​មាន​ការសម្រេចចិត្ត​ណាមួយ​កើតឡើង​នៅឡើយ​ទេ​។​

​ទន្ទឹមនឹងនេះ​ក្រុម​ឧទ្ទាម​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថានបាន​បើក​កិច្ច​ពិភាក្សា​លឹប​លៗ​ជាថ្មី​ម្តងទៀត​ប្រទេស​កាតា ប៉ុន្តែ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​នាំមក​នូវ​សន្តិភាព​ដល់​អា​ហ្វ​ហ្គានី​ស្ថាន​បន្ទាប់​ពី​សង្គ្រាម​ឥតឈប់ឈរ​រយៈពេល ៤០ ឆ្នាំ ហាក់​មិន​អាច​ចប់​ងាយៗ​ឡើយ​៕

ទឹកប្រាក់​ចំនួន ៧,៨ ពាន់​លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ខ្ជះខ្ជាយ​លើ​រថយន្ត​និង​អគារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular