Home ព័ត៌មានអន្តរជាតិ អ​.​ស​.​ប ព្រ...

អ​.​ស​.​ប ព្រមាន​ថា ការថយចុះ​ជំនួយ​អន្តរជាតិ​គឺជា​ការកាត់ទោស​ប្រហារជីវិត​ប្រជាជន​យេ​ម៉ែន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​មីនា​អំពី “​ការកាត់ទោស​ប្រហារជីវិត​” ប្រទេស​យេ​ម៉ែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​បន្ទាប់​ពី​សន្និសីទ​ម្ចាស់​​ជំនួយ​បាន​ផ្តល់​ថវិកា​តិច​ជាង​ពាក់កណ្តាល​ដែល​ត្រូវការ​ដើម្បី​ទប់ស្កាត់​ភាពអត់ឃ្លាន​ដ៏​វិនាសកម្ម​។​

​អ​.​ស​.​ប​បាន​អំពាវនាវ​ឱ្យ​មាន​ទឹកប្រាក់​ចំនួន ៣,៨៥ ពាន់​លាន​ដុល្លារ​ដើម្បី​ចំណាយ​សម្រាប់​ជំនួយ​ដែល​ត្រូវការ​ជា​បន្ទាន់ ប៉ុន្តែ​ថវិកា​តែ ១,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ត្រូវបាន​ផ្តល់ជូន​នៅក្នុង​​សន្និសីទ​តាម​វីដេអូ​។​

​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​និយាយថា “​កុមារ​ស្ត្រី​និង​បុរស​យេ​ម៉ែន​រាប់លាន​នាក់​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង​ដើម្បី​រស់​។ ការ​កាត់​ជំនួយ​គឺជា​ការកាត់ទោស​ប្រហារជីវិត​”​។​

​ពណ៌នា​លទ្ធផល​នេះ​ថា​ជា​ការខកចិត្ត លោក​គូថេ​រ៉េស​និយាយថា ការសន្យា​ផ្តល់​ជំនួយ​នេះ​គឺ​តិច​ជាង​ថវិកា​ដែល​អ​.​ស​.​ប​បានទទួល​ក្នុង​ឆ្នាំ ២០២០​នៅពេល​ដែល​ជំនួយ​បរិច្ចាគ​ត្រូវបាន​ប៉ះពាល់​ដោយ​​សារ​វីរុស​កូរ៉ូណា ហើយ​តិចជាង ១ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ជំនួយ​ដែល​បាន​ផ្តល់ជូន​ក្នុង​ឆ្នាំ ២០១៩ ។​

​លោក​គូថេ​រ៉េស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​អ្វី​ដែល​ល្អ​បំផុត​ដែល​អាច​និយាយបាន​នៅ​ថ្ងៃនេះ​គឺ​ថា​វា​តំណាងឱ្យ​ការធ្លាក់​ចុះ​ថវិកា​ជំនួយ​។​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​​ដោយ​សប្បុរស​ហើយ​ខ្ញុំ​សូម​ឱ្យ​អ្នកដទៃ​ទៀត​ពិចារណា​ម្តង​ទៀត​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ជួយ​ទប់ស្កាត់​គ្រោះ​ទុរ្ភិក្ស​ដ៏​អាក្រក់​បំផុត​ដែល​ពិភពលោក​មិន​ធ្លាប់​ឃើញ​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មក​នេះ​”​។​

​រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​ជាង ១០០ បាន​ចូលរួម​នៅក្នុង​ស​ន្និសិទ​ដែល​រៀបចំឡើង​ដោយ​ស៊ុយ​អ៊ែត​និង​ស្វីស​ខណៈ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​របស់យេ​ម៉ែន​រុល​ទៅមុខ​ដើម្បី​ដណ្តើម​កាន់កាប់​បន្ទាយ​រឹងមាំ​ចុងក្រោយ​​របស់​រដ្ឋាភិបាល​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​សង្គ្រាមស៊ីវិល ៦ ឆ្នាំ​នៅយេ​ម៉ែន​កើត​ឡើង​ដោយសារ​ក្រុម​បះបោរ​ហ៊ូ​ធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​និង​ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះ​យោធា​ដឹកនាំ​​ដោយ​អា​រ៉ាប៊ីសាអូឌីត​។​

​លោក​គូថេ​រ៉េស​និយាយ​ថា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការបន្ធូរបន្ថយ​ទុក្ខវេទនា​របស់​ប្រជាជន​យេ​ម៉ែន​គឺ​ការធានា​បទ​ឈប់​បាញ់​ទូទាំងប្រទេស​និង​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​លើ​ពិភពលោក​។​

​ប្រធាន​អ​.​ស​.​ប​និយាយថា “​គ្មាន​ដំណោះស្រាយ​ផ្សេង​នោះទេ​។ អង្គការសហប្រជាជាតិ​នឹង​បន្ត​សាមគ្គី​គ្នា​ជាមួយ​ប្រជាជន​អត់ឃ្លាន​របស់យេ​ម៉ែន​”៕

​កុមារ​យេ​ម៉ែន​រាប់សែន​នាក់​កំពុង​ជួប​ការអត់ឃ្លាន ដោយសារ​តែ​សង្គ្រាម​អូសបន្លាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular