ប្រែសម្រួលៈវាសនា/ប៉ារីស៖អតីតប្រធានាធិបតីបារាំង លោក នីកូឡាស សាកូហ្ស៊ី កាលពីថ្ងៃចន្ទទី០១មីនាត្រូវបានរកឃើញថាមានទោសកំហុស និងត្រូវបានតុលាការសំរេចដាក់គុក៣ឆ្នាំចំពោះការព្យាយាមប្រើប្រាស់ឥទ្ធិពលដោយខុសច្បាប់លើចៅក្រមមួយរូបក្នុងអំឡុងពេលលោកកាន់កាប់មុខតំណែង។
ការផ្តន្ទាទោសនេះ រួមមានការព្យួរទោស២ឆ្នាំ ដែលមានន័យថាលោកសាកូហ្ស៊ី ជាក់ស្តែងនឹងមិនស្ថិតនៅក្នុងបន្ទប់ពន្ធនាគារទេ។
លោកប្រាកដជានឹងប្តឹងឧទ្ធរណ៍ហើយបច្ចុប្បន្ននៅមានសេរីភាពនៅឡើយដោយមិនមានការចេញដីកាចាប់ខ្លួនអីនៅឡើយទេ។
សាលក្រមនេះជារបត់ចុងក្រោយមួយនៅក្នុងអាជីពនយោបាយរបស់បុរសវ័យ៦៦ឆ្នាំរូបនេះ ដែលបានគ្រប់គ្រងបារាំងចាប់ពីឆ្នាំ២០០៧ដល់២០១២ និងនៅតែមានប្រជាប្រិយភាពក្នុងចំណោមអ្នកនិយមស្តាំ។ការដាក់ទោសនេះក៏ទំនងជាបំផ្លាញការប៉ុនប៉ងវិលមកកាន់នយោបាយជួរមុខបារាំងឡើងវិញរបស់លោកផងដែរ។
សូមបញ្ជាក់ថា មានតែប្រធានាធិបតីបារាំងម្នាក់ទៀតគត់ គឺរៀមច្បងនយោបាយ ហ្សាក់ ស៊ីរ៉ាក់ ដែលត្រូវបាននាំឡើងតុលាការក្រោយការចាកចេញពីតំណែង តែលោកស៊ីរ៉ាក់ត្រូវបានលើកលែង គឺមិនបានឡើងសវនាការពុករលួយនៅឆ្នាំ២០១១ទេ ដោយសារបញ្ហាសុខភាព។
ស៊ីរ៉ាក់ពេលនោះត្រូវបានព្យួរទោស២ឆ្នាំ ដោយសារតែកំហុសបង្កើតមុខតំណែងខ្មោចនៅសាលាក្រុងប៉ារីសដើម្បីយកប្រាក់ទៅផ្គត់ផ្គង់គណបក្សរបស់លោកកាលពីលោកនៅជាអភិបាលក្រុង។
សាលក្រមកាលពីថ្ងៃចន្ទនេះពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលនិងការប្រព្រឹត្តអំពើពុករលួយដែលជាករណីមួយក្នុងចំណោមការស៊ើបអង្កេតចំនួន៤ដាច់ដោយឡែកពីគ្នាប្រឆាំងអតីតមេដឹកនាំរូបនេះ។លោកត្រូវបានចោទប្រកាន់ថាសុំជួយចៅក្រមម្នាក់អោយបានឡើងមុខតំណែងខ្ពស់នៅម៉ូណាកូ ជាថ្នូរនឹងការដាក់សម្ពាធលើការស៊ើបអង្កេតមួយអំពីហិរញ្ញវត្ថុយុទ្ធនាការបោះឆ្នោត។តែក្នុងសវនាការលោកសាកូហ្ស៊ី បានប្រាប់តុលាការថា លោក«មិនដែលបានប្រព្រឹត្តអំពើពុករលួយសូម្បីតែបន្តិច»។
នៅថ្ងៃ១៧មីនា លោកគ្រោងនឹងឡើងសវនាការទី២ចំពោះការចោទប្រកាន់ថាបានចំណាយហួសហេតុនៅក្នុងយុទ្ធនាការរកសម្លេងក្នុងការឈរឈ្មោះសំរាប់តំណែងប្រធានាធិបតីជាថ្មីកាលពីឆ្នាំ២០១២។លោកក៏ត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់រាប់លានអឺរ៉ូពីអតីតមេដឹកនាំផ្តាច់ការ មូអាម៉ា ហ្កាដាហ្វីសំរាប់យុទ្ធនាការបោះឆ្នោតរបស់លោកនៅឆ្នាំ២០០៧៕
អតីតប្រធានាធិបតី បារាំង លោកនីកូឡាស សាកូហ្ស៊ី