ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលប្រឆាំងគ្រឿងញៀន ក្រុងសិរីសោភ័ណ បានបង្ក្រាប និងដកហូតវត្ថុតាងថ្នាំញៀន មួយករណី ដោយបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥ នាក់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយា៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានឱ្យដឹងថាៈ អនុវត្ត តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកបានដឹកនាំ កម្លាំងនគរបាល ក្រុងសិរីសោភ័ណ ១ ក្រុម បានចុះត្រួត ពិនិត្យទីតាំងផ្ទាល់ និងបង្ក្រាបតែម្តង។ នគរបាលជំនាញក្រុង បានដកហូតវត្ថុតាង ថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន ២ ថង់ ក្នុងនោះមានថង់តូច១ និងថង់ធំ១ ថ្នាំញៀន ប្រភេទគ្រាប់ មានអក្សរ WY ចំនួន ១០ កូនថង់ សរុបចំនួន ១.៩៩៥ គ្រាប់ ដែលមានពណ៌ ផ្កាឈូក ចំនួន ១.៩៧៥ គ្រាប់ និងពណ៌បៃតង ចំនួន ២០ គ្រាប់ , បំពង់ទែរម៉ូម៉ែត ចំនួន២, សំបកទែរម៉ូម៉ែត ចំនួន២ , ដបកែច្នៃសម្រាប់ជក់១, ទូរស័ព្ទដៃចំនួន ៦ គ្រឿង ។
លោកបានបន្តទៀតថាៈ ក្នុងចំណោមជនសង្ស័យ ទាំង ៥នាក់ ក្នុងនោះមានអ្នកលក់ថ្នាំ ញៀន សកម្ម ចំនួន ៣ នាក់ គឺៈ១.ឈ្មោះ អឹម ទុំ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិត ប្រាកងដ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ ២.ឈ្មោះ សួន ចាន់ដារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ចុងភៅ នៅភូមិបារាយ ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ។ ៣.ឈ្មោះ អួន វី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ បុកអណ្តូង នៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំណែក ២ នាក់ទៀត ជាអ្នកសេពថ្នាំញៀន ១.ឈ្មោះ វៀង រ៉ូ ភេទប្រុស អាយុ ៣២ ឆ្នាំ និង២.ឈ្មោះ មេត សុបិន្ទ អាយុ ២៥ ឆ្នាំ។ ទាំងពីរនាក់ មានមុខរបរ បុកអណ្តូង នៅភូមិចំការលោក ឃុំអូប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ៣ នាក់ បានសារភាពថា ពិតជាអ្នកលក់ថ្នាំញៀន នៅក្នុងក្រុងសិរីសោភ័ណ ពិតមែន។ ចំណែក ២ នាក់ទៀត បានឆ្លើយថា ពួកគេ គ្រាន់តែជាអ្នកសេពទេ ក្នុងរយៈពេលជាង ១ ឆ្នាំមកហើយ ព្រោះមិនជក់មិនមានកម្លាំង ធ្វើការ ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានឲ្យដឹងថាៈ ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុ តាងថ្នាំញៀននោះ នគរបាលជំនាញក្រុង បានកសាងសំណុំរឿង និងបញ្ជូន ទៅកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្ត។
ដោយឡែក កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី២ ខែមីនា បានកំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V-PC