ដោយៈ ម៉េងឆៃ / ភ្នំពេញៈ គ្រឹះស្ថានអង្គរ បានប្រកាសថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់ បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងរយៈ ពេល ២ ខែ គឺនៅខែមករា និងខែកុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេស សរុប ៤.១៩៤ នាក់ ធ្លាក់ចុះ ៩៨,៧៧% ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ និងទទួលបានចំណូល សរុប ១៧២.៨២៣ ដុល្លារ ធ្លាក់ចុះ ៩៨,៩៣% ធៀបនឹង ២ ខែដើមឆ្នាំ ២០២០។
របាយការណ៍ បង្ហាញថាៈ នៅខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេស ដែលបានទិញ បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ២.៩៨១ នាក់ ធ្លាក់ចុះ ៩៧,៤៩% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ និងទទួលបានចំណូល ១២២.៣៥៧ ដុល្លារ ធ្លាក់ចុះ ៩៧,៨៤% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០។
រីឯនៅខែមករា ឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេស ១.២១៣ នាក់ បានទិញបណ្ណចូល ទស្សនា រមណីយដ្ឋានអង្គរ គឺថយចុះ ៩៩,៤៥% ធៀបនឹងខែមករា ឆ្នាំ២០២០ និងទទួល បានចំណូល ៥០.៤៦៦ ដុល្លារ ថយចុះ ៩៩,៥២% ធៀបនឹងខែមករា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ ចំណូលដែលបានមកពីអ្នកទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ចំនួន ៨.៣៨៨ ដុល្លារ ត្រូវបានឧបត្ថម្ភ ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងនោះ គ្រឹះស្ថានអង្គរ ក៏បានប្រកាសថា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២១ចំណូលលក់ បណ្ណ នៅប្រាសាទកោះកែរ មានចំនួន ១.៩៨០ ដុល្លារ ដែលបានមកពីអ្នកទេសចរបរទេស ចំនួន ១៣២ នាក់។ ក្នុងខែកុម្ភៈ ៧០ នាក់ ទទួលបានចំណូល ១.០៥០ ដុល្លារ និងនៅខែ មករា ចំនួន ៦២ នាក់ ទទួលបាន ៩៣០ ដុល្លារ។
ចំនួនអ្នកទេសចរបរទេស បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដ ១៩។ ក្នុងនោះ នៅឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ៤០០.៨៨៩ នាក់ បានទិញប័ណ្ណចូល ទស្សនា រមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលធ្លាក់ចុះ ៨១,៨២% ធៀបនឹងឆ្នាំ២០១៩ និងទទួលបានចំណូល ១៨.៦៥៤.៨២៨ ដុល្លារ ធ្លាក់ចុះ ៨១,១៧% ធៀបនឹងឆ្នាំ២០១៩៕/V-PC