Home ព័ត៌មានសំខាន់ៗ តំណាង​អចិន្ត្...

តំណាង​អចិន្ត្រៃយ៍​កម្ពុជាៈ របាយការណ៍​របស់​ឧ​ត្ត​ម​ស្នងការ អ​.​ស​.​ប មិន​ឆ្លុះបញ្ចាំង​ការពិត នៅ​កម្ពុជា​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហ ប្រជាជាតិ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​របាយការណ៍ របស់​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​ចោទប្រកាន់ថា លំហរ​សង្គម​ស៊ីវិល ត្រូវបាន​រិត​ត្បិត ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន និង​ការចោទប្រកាន់ មួយចំនួនទៀត គឺ​មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះបញ្ចាំង ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ហើយ​បាន​ហៅ របាយការណ៍ របស់ ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស គឺមាន​ភាពលំអៀង ផ្អែកលើ​របាយការណ៍ តែ​ម្ខាង​។

​ការសម្តែង​ការសោកស្តាយ របស់​ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បានធ្វើ ឡើង នៅក្នុង​បទ​អន្តរាគមន៍ នា​សម័យប្រជុំ​លើក​ទី ៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បានបញ្ជាក់​ថាៈ របាយការណ៍​របស់​ឧ​ត្ត​ម​ស្នងការ អង្គការ​សហ ប្រជាជាតិ ដែល​ពុំបាន​ដាក់បញ្ចូល នូវ​ការសម្រេច​របស់ រាជរដ្ឋាភិបាល កាលពី​ខែធ្នូ កន្លងទៅ ឱ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បន្ត​អាណត្តិ​ប្រតិបត្តិការ ត​ទៀត ប៉ុន្តែ​បែរជា​ដាក់បញ្ចូល តែ​ការចោទប្រកាន់ ដែល​ផ្អែកលើ របាយការណ៍ តែ​ម្ខាង​ទៅវិញ​។ ក្នុងន័យនេះ កម្ពុជា សូម​ស្នើ​យ៉ាងទទូច ឱ្យ​ការិយាល័យ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស គោរព​ឱ្យបាន​នូវ គោលការណ៍ មិន​ជ្រើស​តែមួយ​ជ្រុង និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម ដូចដែល​អគ្គលេខាធិកា​រ អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស ធ្លាប់បាន​អំពាវនាវ​។​

​នៅក្នុង​ការធ្វើ​បទ​អន្តរាគមន៍ តំណាង​អចិន្ត្រៃយ៍​កម្ពុជា បានបញ្ជាក់ អំពី​ការពិត​នៅ​កម្ពុជា ដូចតទៅៈ សេរីភាព​សារព័ត៌មាន ដ៏​រស់​រវើក បន្ត​រីកដុះដាល តាមរយៈ​វត្តមាន នៃ​ប្រព័ន្ធ ផ្សព្វផ្សាយ បែប​ប្រពៃណី និង​ឌីជីថល ជិត ២.០០០ អង្គភាព រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ រិះគន់​រដ្ឋាភិបាល ដែល​កំពុងដំណើរការ ដោយ​គ្មាន​ការត្រួតពិនិត្យ ទុកជាមុន​។ កម្ពុជា គាំពារ​អ្នកសារព័ត៌មាន ដែល​ធ្វើ​ការប្រកប ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​រំលោភសិទ្ធិ​អ្នកដទៃ និង​មិន​បំភ្លៃ​ការពិត​។ គណនី​ហ្វេ​ស​ប៊ុ​ក ចំនួន​ជិត ១២ លាន ស្មើនឹង ៧០% នៃ​ចំនួន ប្រជាជន កម្ពុជា​សរុប បាន​បន្ត​បញ្ចេញ នូវ​ទស្សនៈ​ទិះ​ទៀន ដោយ​សេរី និង​ដោយផ្ទាល់ ចំពោះ​កិច្ចការ និង​សេវាសាធារណៈ​របស់​រដ្ឋា​ភិ​បាល​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បានបញ្ជាក់​ទៀតថាៈ ការចោទប្រកាន់ថា លំហរ​សង្គម​ស៊ីវិល ត្រូវបាន​រឹតត្បិត គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វត្តមាន​អង្គការ​សង្គម ស៊ីវិល​ចុះបញ្ជី​ជិត ៦​ពាន់ កំពុង​ប្រតិបត្តិការ ប្រកបដោយ​ថា​ម​វ័​ន្ត និង​គ្មាន​ការបង្អាក់​រំខាន​ហើយ​បាននិងកំពុង​បោះពុម្ព ផ្សាយ របាយការណ៍ និង​បញ្ចេញ​ទស្សនៈ រិះគន់​រដ្ឋាភិបាល​ជាប្រចាំ និង​ឥត​ស្រាកស្រាន្ត​។ ភាពជា​ដៃគូ កាន់តែ​ជិតស្និទ រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក៏​ត្រូវបាន​លើកតម្កើង តាមរយៈ​យន្តការ​ពិគ្រោះ យោបល់ ជា​ទៀងទាត់​។ បាតុកម្ម​ខុសច្បាប់ ឬ​បាតុកម្ម​ស៊ីឈ្នួល ដែល​ដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ពុំមែន​ជាការ អនុវត្ត សិទ្ធិសេរីភាព ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដូច​មានចែង ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បាន​បន្តថាៈ រាល់​វិធានការ​ផ្លូវច្បាប់ និង​រដ្ឋបាល​ទាំងអស់ សុទ្ធសឹងតែ​ត្រូវបាន​អនុវត្ត នៅក្នុង​ព្រំដែន​នៃ​ច្បាប់​។ ម្យ៉ាងទៀត រាល់​ការចោទប្រកាន់ ផ្សេងៗ ដែល​ត្រូវបាន​បញ្ជូន ទៅ​តុលាការ គឺពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ និង​ការ រំលោភ​រដ្ឋធម្មនុញ្ញ​។ ចុងចោទ មានឱកាស​ពេញលេញ ចូលរួម​សវនាការ និង​ដាក់​ភស្តុតាង ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ សិទ្ធិ​ទទួលបាន​នូវ ការជំនុំជម្រះ​ស្របតាម​ច្បាប់​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ប្ដេជ្ញា​ធានា​នូវ​ការអនុវត្ត រាល់​សិទ្ធិ និង​សេរីភាព​មូលដ្ឋាន នៅក្នុង​ក្របខ័ណ្ឌ​នៃ​នីតិរដ្ឋ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular