ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រថយន្តធុនធំ ដឹកចំណិតមើមដំឡូងមី បានបើកបុកម៉ូតូ ហើយកិនពីលើអ្នកបើកបរម៉ូតូ ដែលជាកសិករ ទើបវិលត្រឡប់ ពីបូមទឹកដាក់ស្រែប្រាំង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង កាលពីម៉ោង ១១ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅលើ កំណាត់ផ្លូវជាតិលេខ ២៦៨ A ខាងត្បូង ស្ពានគោករំចេក ស្ថិតក្នុង ភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ផ្លូវគោក ស្រុកភ្នំស្រុក បានឲ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ឈឿន ប្រុស ភេទប្រុស អាយុ ៣១ ឆ្នាំ មុនស្លាប់បានរស់នៅ ភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាល បានបន្តថាៈ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ ប.មានជ័យ 1E.9205 មកពីបញ្ចូលទឹកស្រែ ប្រាំង ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង។ ពេលបើកមកដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ- 3C.4649 ដឹកដំឡូងមី ធ្វើដំណើរច្រាសទិសគ្នា ក៏បើកទៅបុកម៉ូតូ និងកិនពីលើទៀត បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែកអ្នកអ្នកបើករថយន្ត បានរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ ។
ចំពោះមូលហេតុ បណ្តាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍នេះ នគរបាល បានអះអាងថា មកពីអ្នកបើកម៉ូតូ មិនប្រកាន់ស្តាំ ហើយបើកបរក្នុងល្បឿនលឿន។
ក្រោយពីកើតហេតុ រថយន្តនិងម៉ូតូ ត្រូវនគរបាលជំនាញចរាចរណ៍ យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕/V-PC