Home ព័ត៌មានអន្តរជាតិ ជន​ប្រឆាំង​រា...

ជន​ប្រឆាំង​រាប់សិប​នាក់​ត្រឡប់​មក​តុលាការ​ម្តង​ទៀត​សម្រាប់​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​មហា​តក់ក្រហល់​នៅ​ហុងកុង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​រាប់សិប​នាក់​ដែល​រង​ការចោទប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា​ត្រូវ​ចូល​តុលាការ​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បំពេញ​នូវ​សវនាការ​សុំ​នៅក្រៅ​ឃុំ​ដ៏​ប្រញាប់​​ប្រញាល់​ដែល​ត្រូវបាន​ផ្អាក​មួយ​យប់​នៅ​ពេល​ដែល​ជនជាប់ចោទ​បួន​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​តស៊ូ​ផ្លូវច្បាប់​ជាច្រើន​ម៉ោង​។​

​ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​ប្រឆាំង​ដែល​ល្បី​ឈ្មោះ​ចំនួន​៤៧ នាក់​កាលពី​ថ្ងៃអាទិត្យ​ពីបទ “​សមគំនិត​ក្នុងការ​ធ្វើ​វិទ្ធង្សនា​”​ក្នុងការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បំផុត​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​រដ្ឋាភិបាល​ក្រុង​​ប៉េកាំ​ង​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​កន្លងទៅ​។​

​ជនជាប់ចោទ​ទាំងនេះ​គឺ​តំណាង​ឱ្យ​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ក្រុម​ប្រឆាំង​របស់​ហុងកុង​រាប់​ចាប់ពី​អតីត​សមាជិកសភា​ជើងចាស់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រហូត​ដល់​អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់ មេធាវី អ្នកធ្វើ​​ការ​សង្គម និង​សកម្មជន​យុវជន​។​

​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​ការបើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​ក្រោយ​ការចោទប្រកាន់​លើកដំបូង ដោយ​នាំគ្នា​ស្រែក​ពាក្យស្លោក​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ការ​ងើប​ឡើងវិញ​ដ៏​កម្រ​មួយ​នៅក្នុង​ទីក្រុង​ដែល​ចាត់ទុក​ខុសច្បាប់​ចំពោះ​ការតវ៉ា​ទាំង​អស់​កាលពី​ឆ្នាំមុន​។​

​ជាធម្មតា​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បែបនេះ​អាច​ចំណាយ​ពេល​តែ​ជាង​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​។​ប៉ុន្តែ​តុលាការ​បាន​ព្យាយាម​ដោះស្រាយ​នូវ​បណ្តឹង​ច្រើន​អនេក​ក៏ដូចជា​ការកែប្រែ​ភ្លាមៗ​នៃ​ច្បាប់​សន្តិសុខ​ដែល​សរសេរ​ពាក្យ​មានន័យ​ទូលំទូលាយ​ពេក ដែល​បាន​ដកចេញ​នូវ​ការសុំ​នៅក្រៅ​ឃុំ​ចំពោះ​បទឧក្រិដ្ឋ​អហិង្សា​។​

​តុលាការ​បាន​បើក​សវនាការ​រយៈពេល​ប្រហែល ១៥ ម៉ោង​ពេញ​មួយ​ថ្ងៃ​ចន្ទ ខណៈ​រដ្ឋ​អាជ្ញា​បាន​អំពាវនាវ​ឱ្យ​សកម្មជន​ទាំងអស់​ត្រូវ​បន្ត​ជាប់ឃុំ​បណ្តោះអាសន្ន​រហូត​ដល់​ស​វនា​ការលើក​ក្រោយ​ក្នុង​រយៈពេល ៣ ខែ​ទៀត ខណៈ​ជនជាប់ចោទ​ព្យាយាម​បន្ត​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​។​

​ការពន្យារពេល​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បន្ទាប់ពី​ជនជាប់ចោទ​ម្នាក់​ឈ្មោះ​ក្លា​រី​សេ យឿ​ង​បាន​ដួលសន្លប់​និង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ជនជាប់ចោទ​បីនាក់​ផ្សេង​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ផងដែរ​។​

​អ្នកយក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​តុលាការ​បាន​និយាយថា ក្នុងពេល​ពន្យារ​ពេល​នេះ សវនាការ​ធានា​ក្រៅ​ឃុំ​សម្រាប់​ជនជាប់ចោទ​តិចជាង​ពាក់កណ្តាល​ក្នុងចំណោម​ជនជាប់ចោទ ៤៧ នាក់​ត្រូវបាន​ធ្វើឡើង​។​

​សវនាការ​រំពឹង​បន្ត​នៅពេល​ក្រោយ​នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ​៕

ជនជាប់ចោទ​៤៧​នាក់​នៅ​ហុងកុង​សុំ​បន្ត​សវនាការ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​។​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​ការបើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​ក្រោយ​ការចោទប្រកាន់​លើកដំបូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleកាលពី​ថ្ងៃទី​១ ខែមីនា​ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ២.២៣៥.៣៦៤​ដុល្លារ​អាម៉េរិក​ដល់​អ​ង្គ​ភាព​ទទួល​ជំនួយ​ចំនួន​ពីរ​ក្រោម​គ្រោងការ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។
Next articleសកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​រាប់សិប​នាក់​ដែល​រង​ការចោទប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា​ត្រូវ​ចូល​តុលាការ​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បំពេញ​នូវ​សវនាការ​សុំ​នៅក្រៅ​ឃុំ​ដ៏​ប្រញាប់​​ប្រញាល់​ដែល​ត្រូវបាន​ផ្អាក​មួយ​យប់​នៅ​ពេល​ដែល​ជនជាប់ចោទ​បួន​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​តស៊ូ​ផ្លូវច្បាប់​ជាច្រើន​ម៉ោង​។​
- Advertisment -

Most Popular