ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នង ការដ្ឋាននគរបាលជាតិ បានប្រាប់រស្មីកម្ពុជាឲ្យដឹងថាៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស រយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន ២៨៣ នាក់ បានស្លាប់ និងរបួស ចំនួន ៧៧៧ នាក់ ក្នុងនោះធ្ងន់ចំនួន ៤៦៧ នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លាប់ ៣នាក់ និងរបួស ១១នាក់ ក្នុងនោះ របួសធ្ងន់ ៨នាក់ និងស្រាល ៣នាក់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថាៈ ចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍ មានចំនួនសរុប ៥២.៩៩៤ គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៣៩.០៤៧ គ្រឿង និងរថយន្តចំនួន ១៣.៩៤៧ គ្រឿង (រថយន្តតូច ១១.៣៥១ គ្រឿង និងធំ ២.៥៩៦ គ្រឿង៕/V-PC