ក្រុមហ៊ុនឯកជនល្បីៗនៅក្នុងស្រុក៣បរិច្ចាគទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានី

ដោយ:រ៉ាម៉ន/ភ្នំពេញ: ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុកចំនួន៣ បានបរិច្ចាគនូវទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអាចទទួលបាននូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់ មានជីវភាពក្រីក្រនិងភាគច្រើនជាមនុស្សចាស់ផងនោះ។

ក្រុមហ៊ុនទាំងបី ដែលបានមកសម្តែងការគួរសម និងផ្តល់ថវិកាទាំងនេះជូនលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ មីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ខាងលើនេះរួមមាន៖ ទី១ លោក អ៊ឺង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារអាមរិក ។ ទី២ ក្រុមហ៊ុនជីប ម៉ុងឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។ ទី៣ ក្រុមហ៊ុនប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែរ ។ សរុបទាំងអស់ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ដែលបាននិងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងបីក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភជាថិវការរបស់ខ្លួនដល់មូលនិធិត្រីចក្រយានកម្ពុជាក្នុងចូលរួមចំណែកជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពបានមួយកម្រិតថែមទៀត។លោកបន្តថា៖ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានធ្វើឱ្យរាជធានីភ្នំពេញនិយាយដោយឡែកមានសន្តិសុខសណ្ដាប់ធ្នាប់ល្អបង្ករលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខហើយក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងរកស៊ីនិងវិនិយោគទុននៅរាជធានីភ្នំពេញក៏ស្រួលរកស៊ីផងដែរ។

គួរបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៨មានរយៈពេលជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ។ សម្តេចតេជោ ជាប្រធានកិត្តិយស ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។

មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់៧ពាន់រៀល ក្នុង១ថ្ងៃ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងបណ្ណ័ ប.ស.សដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ថែមទៀត។

មូលនិធិត្រីចក្រយាននេះ អាចនឹងត្រូវចំណាយក្នុងរង្វង់ពី២៤-៣០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០ លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular