Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​កូន​ខ្មែរ​គ្រប់ៗ​រូប​ជាពិសេស​យុវជន​ត្រូវខិតខំ​ថែរក្សា​និង​ការពារ​នូវ​អ្វីៗ​ទាំងអស់​ដែលជា​ព្រលឹង​ជាតិ​និង​អត្តសញ្ញាណ​ជាតិ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​កូន​ខ្មែរ​គ្រប់ៗ​រូប​ជាពិសេស​យុវជន​ត្រូវខិតខំ​ថែរក្សា​និង​ការពារ​នូវ​អ្វីៗ​ទាំងអស់​ដែលជា​ព្រលឹង​ជាតិ​និង​អត្តសញ្ញាណ​ជាតិ​សម្រាប់​ជា​មរតក​យូរអង្វែង​តទៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​បែបនេះ នៅក្នុង​សារលិខិត​ក្នុងឱកាស​អបអរសាទ​រ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៣ ឆ្នាំ​២០២១ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សារលិខិត​ក្នុងឱកាស​អប អរសាទ​រ​ទិវា​វប្បធម៌​ជាតិ ៣​មីនាលើក​ទី​២៣ ឆ្នាំ​២០២១ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១ ខែ មិនា បាន​លើកឡើងថា​៖​សម្រាប់​ឆ្នាំ​២០២១​នេះ​ប្រធានបទ​“​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ក្នុង​“​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២៣” នៅតែមាន​សារៈសំខាន់​និង​ស្របតាម​បរិបទ​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​និង​បានបង្ហាញ​ឱ្យឃើញថា​ប្រជាជន​វ័យ​កណ្តាល​ដែលមាន​អាយុ​ចាប់ពី​១៥ ដល់​៥៩​ឆ្នាំ​គឺមាន​ការកើនឡើង​រហូត​ដល់ ៦១,៧% ដែល​ក្នុងនោះ​ក្រុមយុវជន​មាន​អាយុ​ចាប់ពី​១៥​ដល់​៣០​ឆ្នាំ​ជា​ផ្នែក​មួយ​ដ៏​ធំធេង ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​កម្លាំង​យុវជន​គឺជា​សក្តានុពល​ធនធាន​មនុស្ស​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​នៅក្នុង​ការរួមចំណែក​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​ហើយក៏​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ផងដែរ ។ ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​ជា​សកល​ផ្នែក​ឌីជីថល​នៅក្នុង​សតវត្សរ៍​ទី ២១ នេះ​យុវជន​កម្ពុជា​មិន​ត្រឹមតែ​ត្រូវមាន​ការអប់រំ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព​និង​សមធម៌​ប៉ុណ្ណោះ​តែ​ក៏ត្រូវ​ទទួលបាន​ការចូល​រួម​យ៉ាង​ពេ ញ​លេញ​ក្នុង​សកម្មភាព​សិល្បៈ​វប្បធម៌​ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​និង​ទិដ្ឋភាព​សេដ្ឋកិច្ច​» ។​

​សម្តេច​តេ​ជោ​បន្តថា​៖​សម្រាប់​ទិដ្ឋភាព​សង្គម​យុវជន​កម្ពុជា​ត្រូវ​ទទួលបាន​នូវ​ការលើកទឹកចិត្ត​និង​ការបណ្តុះ​ស្មារតី​ស្នេហា​ជាតិ​ស្នេហា​ប្រជាជន​និង​ស្នេហា​វប្បធម៌​ជាតិ​ដោយ​ត្រូវ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិរក្ស​ការផ្សព្វផ្សាយ​និង​ការលើកស្ទួយ​តម្លៃ​វប្បធម៌​និង​សិល្បៈជាតិ​ចៀសវាង​នូវ​ការ​ភ្លើតភ្លើន​ភ្លេចខ្លួន​បំផ្លាញ​វប្បធម៌​ជាតិ​ខ្លួនឯង​ផ្ទាល់ ។ ដោយឡែក​សម្រាប់​ទិដ្ឋភាព​សេដ្ឋកិច្ច​វិញ​យុវជន​ត្រូវ ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​នៅក្នុង​សកម្មភាព​គាំទ្រ​ការផ្តួចផ្តើម​និង​គំនិត​ច្នៃប្រឌិត​បង្កើត​ថ្មី​ដោយ​ឈរលើ​មូល​ដ្ឋា ន​រក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​និង​ស្មារតី​សហគ្រិនភាព​ឱ្យបាន​កាន់តែ​ផុសផុល​ឡើង​ថែមទៀត​ដើម្បី​ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច​វប្បធម៌​ឱ្យ​កាន់តែ​រីកចម្រើន​ដោយ​យកចិត្តទុកដាក់​រក្សា​លំនឹង​នៃ​ការអភិវឌ្ឍ​ផ្នែក​សិល្បៈ​វប្បធម៌​ទន្ទឹមគ្នា​ជាមួយ​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេ កវិទ្យា​។​

​ទិវា​វប្បធម៌​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ មីនា​ជា​រៀងរាល់ឆ្នាំ​។​ក៏ប៉ុន្តែ​ឆ្នាំនេះ​ដោយសារ​កូ​វីដ​១៩​បាន​រាត ត្បាត​ខ្លាំង​បានធ្វើ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​លប់ចោល​កម្មវិធី​ជួបជុំ​ជាមួយ​សិល្បករសិល្បការិនី ។ ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៤ ដែល​ត្រូវ​រៀបចំ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​សិល្បករ សិល្បការិនី សិប្បករ និង អ្នកមាន​អាជីព​ក្នុង​វិស័យ​វប្បធម៌​ប្រមាណ ៤,០០០ នាក់ ដែលជា​ការជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​ក្នុង​គោលបំណង​រម្លឹក​នូវ​គុណូបការៈ​នៃ​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​អច្ឆរិយៈ​ដ៏​ធំ​មហិមា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ក៏ដូចជា​មនុស្សជាតិ​នានា​លើ​សកលលោក​និង​ដើម្បី​ពង្រឹង​នូវ​សាមគ្គីភាព ភាតរភាព ការ​ស្គាល់​និង​ជួយ​គ្នា​ទៅវិញទៅមក​រវាង​អ្នកមាន​អាជីព​គ្រប់ៗ​គ្នា​ក្នុង​វិស័យ​សិល្បៈ​ក្រោម​ម្លប់​សុខ​សន្តិ ភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង ដែលជា​ផ្លែផ្កា​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ជាង​២០​ឆ្នាំកន្លងមក ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular