Home ព័ត៌មានសំខាន់ៗ ការបញ្ជូន​ទឹក...

ការបញ្ជូន​ទឹក​ពី​ស្ទឹង​សិរីសោភ័ណ បាន​ទៅដល់​មង្គលបុរី​ហើយ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សិរីសោភ័ណ បាន​បញ្ជូន​ដល់​ស្ទឹង​មង្គលបុរី ដែលជា កន្លែង​ខ្វះ​ទឹក ប្រើប្រាស់​នោះ​ហើយ ដោយ​ម៉ាស៊ីនបូមទឹក បណ្តែត​ខ្នាត​ធំ មួយគ្រឿង និង ម៉ាស៊ីន​បូម បន្ត​ពីរ​គ្រឿង​។​

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​ថាៈ ការ​បូម​បញ្ជូន​ទឹក ពី​ស្ទឹង​សិរីសោភ័ណ បាន​ទៅដល់​ស្ទឹង​មង្គលបុរី ដែលមាន​ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ នោះ​ហើយ​គ្រាន់តែ មាន​បរិមាណ មិនទាន់បាន​ច្រើន​គ្រប់គ្រាន់​។​

​ប្រធាន​មន្ទីរ​ខាងលើ បានបញ្ជាក់​ថាៈ ការបញ្ជូន​ទឹក​នេះ បាន​ប្រើ​ស្ថានីយ​បូមទឹក​បណ្តែត ដោយ​ម៉ាស៊ីន មាន​បំពង់​ទំហំ ០,៦០ ម៉ែត្រ មួយគ្រឿង និង​ម៉ាស៊ីន​បូម​បញ្ជូនបន្ត ចំនួន ២ គ្រឿង ដោយ​មួយគ្រឿងៗ មាន​បំពង់ ទំហំ ០,៣០ ម៉ែត្រ​។​

​លោក យឹម ប៊ុន​រ៉ុ​ម បានបញ្ជាក់​ថាៈ នៅ​ប្រជុំជន​មង្គលបុរី មិនទាន់​អស់​ទឹក​ប្រើ ទាំងស្រុង​ទេ ដោយ​នៅមាន​ស្រះ អាង​ផលិត​ទឹកស្អាត បាន តែ​មិន​ច្រើន ឥឡូវ ទឹកបាន​មកដល់​ហើយ បញ្ហា​ខ្វះ​ទឹក​ផលិត​ទឹកស្អាត នឹងត្រូវ​បញ្ចប់​។​

​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត ប្រើប្រាស់ នៅ​មង្គលបុរី មាន​ចំនួន​ប្រមាណ ជា ៣.០០០ គ្រួសារ​។ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ ដោយសារ ប្រជាពលរដ្ឋ បាន​យក ទឹកស្ទឹង ដែលជា​ប្រភពទឹក សម្រាប់​ប្រើប្រាស់ ទៅធ្វើ​ស្រូវប្រាំង លើស​ផែនការ​កំណត់ ច្រើន​ហួសហេតុ ទើប​ធ្វើឱ្យ​កើតមាន​បញ្ហា ខ្វះ​ទឹក​បែបនេះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular