ដោយៈ សុផានីតា / កោះកុងៈ លោកស្រី អភិបាលខេត្តកោះកុង បានស្នើសុំដល់ឯក អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ជួយគាំទ្រលើកកម្ពស់ វិស័យអប់រំ សុខាភិបាល និងវិស័យកសិកម្ម តាមបណ្ដាស្រុក ឆ្ងាយដាច់ស្រយោល នៅលើដែនកោះ ទាំងនោះ។
ការស្នើសុំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បែបនេះ ធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ដេរយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅ កម្ពុជា នៅក្នុងអំឡុងពេលលោកស្រី បំពេញបេសកម្មការងារ នៅខេត្តកោះកុង ភាគនិរតី នៃប្រទេសកម្ពុជា។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះថាៈ កុមារនៅតាមទីជនបទ ឬ ដែនកោះកុង មានភាពខ្វះខាតច្រើន លើការគាំពារវិស័យអប់រំ អគារមណ្ឌលសុខភាព និងមន្ត្រីពេទ្យប្រចាំការ បម្រើសេវាពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋ នៅមូលដ្ឋាន។ រីឯបច្ចេកទេស នៃការដាំដុះ ដំណាំវិញ កសិករ នៅខ្វះធនធាន ចំណេះដឹង និងថវិកា សម្រាប់ការបង្កបង្កើនផល ស្វែងរកចំណូល មកផ្គត់ផ្គង់ជីវភាពគ្រួសារទោះបី ជាមានអង្គការ និងមន្ត្រីមួយចំនួន ចុះបណ្តុះបណ្តាល អប់រំណែនាំ ពីយុទ្ធសាស្ត្រធ្វើដំណាំ បែបធន់នឹងអាកាសធាតុ យ៉ាងណាក៏ដោយ។ មិនចំពោះតែវិស័យទាំងបី ខាងលើទេ លោកស្រី អភិបាលខេត្ត ជំរុញឱ្យឥណ្ឌា អាចពិនិត្យមើល សម្រាប់ការអភិវឌ្ឍបាន អំពីសក្តានុពល អេកូទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម រួមមាន វិស័យឧស្សហកម្ម ជាដើម។
លោកស្រី មិថុនា ភូថង ក៏មានបំណង ចង់ចងសម្ព័ន្ធភាពខេត្តកោះកុង ទៅនឹងខេត្តណាមួយ របស់ប្រទេសឥណ្ឌាដែរ ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព តាមរយៈការចែក រំលែក បទពិសោធន៍ រវាងប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណា រកភាពអភិវឌ្ឍន៍ជឿន លឿនទៅមុខ។
លោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក៏បានបង្ហាញការ ចាប់អារម្មណ៍ យ៉ាងខ្លាំងពីសក្តានុពលសំខាន់ៗ ដែលខេត្តកោះកុង កំពុងមាន ដោយ លើកឡើង នូវបំណងកៀងគររកអ្នកវិនិយោគ មកបណ្ដាក់ទុនទៀតផង នាពេលខាងមុខ។ ឥណ្ឌា កំពុងមើលពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅភូមិសាស្ត្រតំបន់សេដ្ឋកិច្ច ពិសេសខេត្ត តំបន់អេកូទេសចរណ៍ធម្មជាតិ និងតំបន់អភិវឌ្ឍន៍តារាសាគរ ជាតំបន់ពហុវិស័យដោយ អាចស្វែងយល់ និងបណ្ដាក់ទុនវិនិយោគបាន។
លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា ទទួលស្គាល់ដែរថាៈ ខេត្តកោះកុង មានផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះ និងតំបន់សក្តានុពល សំខាន់ជាច្រើនទៀត ទាំងកំពុងអភិវឌ្ឍន៍ និងមិនទាន់អភិវឌ្ឍន៍។ ដូច្នេះឥណ្ឌា នឹងពិនិត្យរាល់សំណើសុំ របស់អាជ្ញាធរខេត្ត ដើម្បីភ្ជាប់ទំនាក់ទំនង មិត្តភាព រវាងប្រទេសទាំងពីរ ព្រមទាំងកៀងគរបណ្តាអ្នកវិនិយោគ មកកាន់ខេត្តកោះកុង នៅពេលខាងមុខ។
ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់អេកូទេសចរណ៍ធម្មជាតិ បម្រើដល់វិស័យទេសចរណ៍កម្សាន្ត ដោយមានតំបន់ទេសចរណ៍ជាច្រើនមានទាំងបាន កែច្នៃ និងមិនទាន់កែច្នៃបានល្អនៅឡើយទេ។ ម្យ៉ាងទៀត ខេត្តនេះកំពុងត្រូវបានអ្នក វិនិយោគ ចាប់អារម្មណ៍ទៅការអភិវឌ្ឍ គម្រោងធំៗ ក្រោមការអនុញ្ញាតពី រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិផងដែរ៕/V-PC-R