ដោយ: ពៅនិមល/ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថារយៈពេលពីរខែដើមឆ្នាំនេះការនាំចេញអង្ករមានបរិមាណសរុបចំនួន ៧៦ ២២២តោន។ចំនួននេះមានការធ្លាក់ចុះ ៤៤,១៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០ ។ការថយចុះនេះមូលហេតុដោយសារកង្វះកុងតឺន័រ។
(អង្កររបស់កម្ពុជាៈរូបថតឯកសារ)
ប្រភពដដែលបន្តថា ចំពោះទិសដៅទីផ្សារនៃការនាំចេញអង្កររបស់កម្ពុជាចំពោះប្រទេសចិនដែលរួមទាំងហុងកុង និងម៉ាកាវផងនោះ នៅតែជាទីផ្សារធំជាងគេ ដែលមានចំណែកដល់ទៅ ៤៩,៣៧ភាគរយ ស្មើនឹងបរិមាណសរុប ៣៧.៦៣០តោន។ ចំណែកឯទីផ្សារធំទី២ ខាងប៉ែកសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤,៩១ភាគរយគិតជាបរិមាណចំនួន ១៨.៩៩៦តោន ក្នុងនោះទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំងដែលមានចំនួន ៨..៨៥០តោន។ រីឯទីផ្សារបន្ទាប់ ដែលមានចំណែក ៨ភាគរយ គឺជាទីផ្សារអាស៊ាន រួមមាន ម៉ាឡេស៊ី និងសិង្ហបុរី ដែលមានចំនួន ៦.២២៩ តោន និងចំណែក ១៨ភាគរយផ្សេងទៀត ជាទីផ្សារប្រទេសផ្សេងៗគិតជាបរិមាណគឺមាន ១៣.៣៦៧តោន ក្នុងនោះរួមមាន ហ្កាបុង អូស្ត្រាលី អង់គ្លេស និង ញូហ្សេឡេនជាដើម។
សូមបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជាបាននាំចេញក្នុងរយៈពេលខាងលើនេះ ចំណែកធំជាងគេ គឺ៨៥,៧៧ភាគរយ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ និងសែនក្រអូបជាដើមនោះ ដែលមានបរិមាណសរុបចំនួន ៦៥.៣៧៤តោន។ ក្នុងនោះ អង្ករសត្រូវបាននាំចេញ ១០.១១៦តោន និងអង្ករចំហុយចំនួន ៧៣២តោន៕សរន