​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃនេះ​បាន​ចែករំលែក​នូវ​គុណ​តម្លៃ និង ដំណាំ​បន្លែ​ប៉េងប៉ោះ ។

​លោក​រដ្ឋមន្ត្រី​បាន​ចែករំលែក​ថា បន្លែ​ប៉េងប៉ោះ​មិន​គ្រាន់តែ​ជា​ដំណាំ​បន្លែ​ដែល​ផ្តល់​អាហារូបត្ថម្ភ និង​ប្រភព​វីតាមីន​ស៊ី​យ៉ាង​ល្អប្រសើរ​សម្រាប់​រា​ង្គ​កាយ​មនុស្ស ប៉ុន្តែ​ថែមទាំង​ជា​បន្លែ​ដែលជា​ប្រភព​ផ្តល់​ប្រាក់ចំណូល​ច្រើន​ដល់​កសិករ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ថែមទៀត​ផង​។

​លោក​បាន​បន្តទៀតថា បន្លែ​ដែលមាន​គុណប្រយោជន៍​មួយ​នេះ កសិករ​នៅ​ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និង​ខេត្តកំពត និយម​ដាំ​ដុះ​យ៉ាងច្រើន ជាពិសេស​នៅ​រដូវ​ក្រោយពេល​ប្រមូល​ផល​ស្រូវ ។

​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃទី​០១ ខែមីនា បាន​បន្តថា ពូជ​គឺជា​កត្តា​សំខាន់​ដំបូង​ដែល​កសិករ​ត្រូវ​គិតគូ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុន​សម្រេចចិត្ត​ដាំ​បន្លែ​ប៉េងប៉ោះ ហើយ​ជា​បច្ចេកទេស ការប្រើប្រាស់​គ្រាប់ពូជ​បន្លែ​ដែលមាន​គុណភាព​ល្អ មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅនឹង​ការបំផ្លាញ​ពី​សត្វល្អិត ជំងឺ និង​អាកាសធាតុ រួមជាមួយ​ការមើល​ថែ​រទាំ​ឲ្យ​បាន​ដិតដល់ គឺជា​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​កសិករ​ទទួលបាន​ទិន្នផល​ខ្ពស់ គុណភាព​ផលិតផល​ល្អ ស្របតាម​តម្រូវការ​ទីផ្សារ​។

​ប្រភព​ដដែល​បាន​បន្តថា ផ្ទុយ​មកវិញ កន្លងមក​យើង​សង្កេតឃើញថា​ការ ពិសោធន៍​ស្រាវជ្រាវ​ពូជ​បន្លែ​ថ្មីៗ​ដែល​ធន់​នឹង​សមាសភាព​ចង្រៃ និង​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ដាំ​ដុះ​តាម​តំបន់​ទាំងនោះ​នៅមានកម្រិត​នៅឡើយ​។ មួយវិញទៀត កសិករ​មួយចំនួនធំ​ប្រើប្រាស់​ពូជ​បន្លែ​ប៉េងប៉ោះ​ដែល​នាំចូល​ពី​ប្រទេសជិតខាង ភាគច្រើន​គឺជា​ពូជ​អ៊ីប្រ៊ីត​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ប៉ុន្តែ​មិនអាច​ឱ្យ​កសិករ​រក្សាទុក​ពូជ​ដើម្បី​ប្រើប្រាស់​សម្រាប់​វដ្ត​ផលិតកម្ម​បន្ទាប់​បានទេ ហើយ​ត្រូវ​ប្រើប្រាស់​ជី​ច្រើន​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​។

​នាយកដ្ឋាន​បានបញ្ជាក់​ថា ពូជ​បន្លែ​ក្នុងស្រុក ឬ​ពូជ OPV (Open Pollinated Variety) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ ជាពិសេស​ចំពោះ​កសិករ​ក្រីក្រ ឬ​កសិករ​ខ្នាតតូច​ដែល​ដាំ​ដុះ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ ព្រោះ​ពួកគាត់​អាច​រក្សាទុក​ពូជ​បន្លែ​សម្រាប់​ដាំ​ដុះ​នៅ​វដ្ត​ផលិតកម្ម​បន្ទាប់​។​

ស្ថានីយ​ពិសោធន៍​ពូជ​បន្លែ​ក្បាលកោះ បាននិងកំពុង​ពិសោធន៍ ស្រាវជ្រាវ និង​បន្សុទ្ធ​ពូជ​បន្លែ​មួយចំនួន ហើយ​បាន​បញ្ចេញ​ឱ្យ​កសិករ​ប្រើប្រាស់​ជា​បន្តបន្ទាប់​។ ពូជ​ទាំងនោះ​រួម​មានពូជ​ក្នុងស្រុក OPV និង​ពូជ​មាន​ប្រភព​មកពី AVRDC ដែល​អាច​រក្សាទុក​ពូជ​បាន ផ្តល់​ទិន្នផល​ខ្ពស់ ធន់​ទ្រាំ​នឹង​លក្ខខណ្ឌ​អាកាសធាតុ​នៅ​កម្ពុជា​។ ក្នុងចំណោម​ពូជ​ទាំងនោះ មានពូជ​ប៉េងប៉ោះ​ចំនួន​១៣​ពូជ (KK1, KK2, KK3, KK4, KK5, KK6 KK7, KK8, KK9, SKK1, SKK2, SKK3, និង SKK4) ដែល​ត្រូវបានធ្វើ​ពិសោធន៍​ដើម្បី​តាមដាន​ទិន្នផល ពិសោធន៍​ជម្រើស​ទិន្នផល​បឋម ពិសោធន៍​ប្រៀបធៀប​ទិន្នផល និង​ប​ន្សុំ​ា​លើ​ចម្ការ​កសិករ ចាប់តាំងពី​ឆ្នាំ​១៩៩៥​។ ពូជ​ខាងលើ​ផ្តល់​ទិន្នផល​ជា​មធ្យម​ប្រមាណ ៥០-៦០​តោន​/​ហ​.​ត លើកលែងតែ​ពូជ KK1 (​ពូជ​ក្នុងស្រុក​) ដែល​ផ្តល់​ទិន្នផល​ជា​មធ្យម​ប្រមាណ ៤០-៤៥ តោន​/​ហ​.​ត​។​​ពូជ​ប៉េងប៉ោះ OPV ត្រូវបាន​បន្សុទ្ធ ដាំ​ដុះ និង​អភិរក្ស​នៅ​ស្ថានីយ​ពិសោធន៍​ពូជ​បន្លែ​ក្បាលកោះ​ជាច្រើន​ឆ្នាំ​។​

​កន្លងមក ពូជ​ទាំងនេះ​ត្រូវបាន​ផលិត​សម្រាប់​បញ្ចេញ​ឱ្យ​កសិករ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​តាមរយៈ​គម្រោង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប​.​ស​.​ប​.​ក​) ដែល​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាក់ស្តែង នៅ​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ចែក​គ្រាប់ពូជ​បន្លែ​ចំនួន ៣១,៨៨ តោន ស្មើនឹង ៥២៤.៨៣៨​កញ្ចប់ ជូន​ដល់​កសិករ​ចំនួន ១០៤.៤៧៨ គ្រួសារ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១៧ រួមមាន​បាត់ដំបង បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ព្រៃវែង តាកែវ កណ្តាល ស្ទឹងត្រែង ប៉ៃលិន កំពត កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង និង​ខេត្តកំពង់ស្ពឺ​៕​