Home ព័ត៌មានអន្តរជាតិ អតីត​អ្នកនាំព...

អតីត​អ្នកនាំពាក្យ​របស់​លោក​ត្រាំ​ចូលធ្វើការ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បណ្តាញ​ទូរទស្សន៍ Fox News បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​មីនា​ថា អតីត​អ្នកនាំពាក្យ​សេត​វិមាន​របស់​លោក​ដូណាល់ ត្រាំ ត្រូវបាន​ក្រុមហ៊ុន​សារព័ត៌មាន​Fox News ជួល​ឱ្យ​ធ្វើជា​អ្នក​អត្ថាធិប្បាយ​ផ្សាយ​ផ្ទាល់​។​

​នាង ខាយ​លី​ច ម៉ាក​អ៊ី​ណា​នី អាយុ ៣២ ឆ្នាំ​បាន​បង្ហាញខ្លួន​ដំបូង​ក្នុង​កម្មវិធី​ទូរទស្សន៍​ក្នុង​ឆ្នាំ ២០១៦ ឱ្យ​ប៉ុស្តិ៍ CNN មុន​ពេល​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក​ត្រាំ​នៅ​ឆ្នាំ​បន្ទាប់​។​

​នាង​ម៉ាក​អ៊ី​ណា​នី​ត្រូវបានតែងតាំង​ជា​អ្នកនាំពាក្យ​សេត​វិមាន​នៅ​ខែ​មេសា​ឆ្នាំ ២០២០ ជា​តំណែង​ដែល​នាង​បាន​រក្សា​រហូតដល់​លោក​ត្រាំ​ចាក​ចេញពី​តំណែង​នៅ​ខែ​មករា​។​

​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​មក​នាង​ម៉ាក​អ៊ី​ណា​នី​បាន​រង​នូវ​ការរិះគន់​ចំពោះ​ការគាំទ្រ​សម្តី​អះអាង​គ្មាន​មូលដ្ឋាន​របស់​លោក​ត្រាំ​ដែល​ថា​ការបោះឆ្នោត​គឺជា​ការ​ក្លែង​​បន្លំ​។​

​បណ្តាញ​ទូរទស្សន៍ Fox News បាន​ក្លាយជា​កន្លែងធ្វើកា​រ​ថ្មី​សម្រាប់​អតីត​មន្ត្រីរដ្ឋបាល​ត្រាំ​ជាច្រើន​នាក់​។ លោកស្រី សា​រ៉ា ហាក់​កាប៊ី សាន់ឌ័​រ ដែល​ធ្វើការ​ជា​អ្នកនាំពាក្យ​សេត​វិមាន​ចាប់ពី​ខែ​ឧសភា​ឆ្នាំ ២០១៧ ដល់​ខែ​មិថុនា​ឆ្នាំ ២០១៩ ត្រូវបាន​ជ្រើសរើស​ដោយ Fox News ជា​អ្នក​អត្ថាធិប្បាយ​។​

​ក្រោយមក​លោក​ស្រី​បាន​ចាកចេញ​ពី​មុខ​តំណែង​នៅ Fox News បន្ទាប់​ពី​បាន​ប្រកាស​កាលពី​ចុង​ខែ​មករា​ថា លោក​ស្រី​នឹង​ឈរ​ឈ្មោះ​ធ្វើ​ជា​អភិបាលរដ្ឋ​អា​កាន់​សាស​។​

​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ត្រាំ លោក ឡា​រី ឃូដ​ឡូ​វ ក៏​បាន​ចូលរួម​ជាមួយ Fox ផងដែរ​។ ចាប់តាំងពី​ខែ​កុម្ភៈ​មក​គាត់​បាន​ធ្វើ​ជា​ពិធីករ​កម្មវិធី​ប្រចាំ​សប្តាហ៍​នៅ​លើ​ប៉ុស្តិ៍ Fox Business​ដែល​ជា​ប៉ុស្តិ៍​ប្អូន​​របស់​ប៉ុស្តិ៍ Fox News ដែល​មាន​ជំហរ​អភិរក្ស​និយម​៕

​នាង ខាយ​លី​ច ម៉ាក​អ៊ី​ណា​នី ក្លាយជា​អ្នក​អត្ថាធិប្បាយ​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular