ប្រែសម្រួលៈវាសនា/បាងកក៖ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃអង្គារទី០២មីនា បានទទូចអោយយោធាមីយ៉ាន់ម៉ាឈប់ប្រើអំពើហិង្សានិងគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ានៅពេលរបបសឹកបន្តបង្ក្រាបលើការតវ៉ាប្រឆាំងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។
សារនេះត្រូវបានបញ្ជូនក្នុងអំឡុងកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃអង្គារ ដែលក៏មានវត្តមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកវុនណា មួង ល្វីន ដែលត្រូវបានតែងតាំងឡើងដោយយោធាជំនួស លោកស្រី អ៊ុង សាន ស៊ូ ជី ដែលកំពុងជាប់ឃុំ។
ជំនួបតាមអនឡាញផ្សាយបន្តផ្ទាល់នេះកើតឡើង២ថ្ងៃក្រោយពីកម្លាំងសន្តិសុខនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ ក្នុងការបង្ក្រាបបង្ហូរឈាមបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃ០១កុម្ភៈ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានប្រាប់សារព័ត៌មានក្រោយជំនួបថា «អាស៊ានចង់បន្តចូលរួមពាក់ព័ន្ធ ជួយដោយស្ថាបនា។តែនៅទីបំផុត ដំណោះស្រាយស្ថិតនៅលើមីយ៉ាន់ម៉ាខ្លួនឯង។ផ្លូវតែមួយដែលអ្នកត្រូវធ្វើដំណើរដើម្បីទទួលបានដំណោះស្រាយឋិតថេរយូរអង្វែងមួយ គឺសំរាប់ការផ្សះផ្សារជាតិនិងនិយាយដោយឡែកយើងអំពាវនាវនាវអោយដោះលែងប្រធានាធិបតី វីន មីយីនត៍ និងក្រុមប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូ ជី រួមទាំងអ្នកនយោបាយដែលត្រូវចាប់ខ្លួនដទៃទៀត»។
អ្នកទាំង២កំពុងស្ថិតក្នុងការឃុំឃាំងរង់ចាំសវនាការតុលាការ។លោកស្រីស៊ូជី ប្រឈមការចោទប្រកាន់ចំនួន៤ ពាក់ព័ន្ធនឹងការប្រើវិទ្យុទាក់ទងខុសច្បាប់ រំលោភវិធានការគ្រប់គ្រងជំងឺឆ្លងនិងផ្សាយព័ត៌មានដែលអាចបង្ក«ការភ័យខ្លាចនិងការប្រកាសអាសន្ន»។បើសិនជាត្រូវដាក់ទោស លោកស្រីអាចនឹងបាត់បង់ឳកាសឈរឈ្មោះបោះឆ្នោតនាពេលអនាគត។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបញ្ជាក់ថា សិង្ហបុរីមិនទទួលស្គាល់របបយោធានៅមីយ៉ាន់ម៉ាទេ។
សូមបញ្ជាក់ថា អាស៊ានដែលធ្វើការក្រោមគោលការណ៍កុងសង់ស៊ី មិនបានថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ាដែលជាសមាជិករបស់ខ្លួនទេ មិនដូចសហរដ្ឋអាម៉េរិកនិងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។កិច្ចការទូតលើកនេះ បានរក្សាទុកទ្វារនៅចំហសំរាប់ពិភាក្សាជាមួយយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងបង្កើតការចរចាខ្លះរវាងតួអង្គនយោបាយសំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា។
តែកិច្ចពិភាក្សានិងកិច្ចការទូតកន្លងមកបានបង្កការមន្ទិលសង្ស័យពីចលនាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដែលកំពុងតស៊ូស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញនិងប្រឆាំងការទទួលស្គាល់របបយោធាសំណាក់អន្តរជាតិ។
ចំណែករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយក្រោយប្រជុំថា «ឥណ្ឌូនេស៊ីបញ្ជាក់ថា ឆន្ទៈ ផលប្រយោជន៍និងសម្លេងរបស់ប្រជាជនមីយ៉ាន់ម៉ា ត្រូវតែគោរព។អាស៊ានត្រៀមជួយអោយមានការចរចានៅពេលត្រូវការ។តែក្តីសង្ឃឹមនិងបំណងល្អរបស់អាស៊ាននឹងមិនចេញជារូបរាងបានទេ បើសិនជាមីយ៉ាន់ម៉ាមិនបើកទ្វាររបស់ខ្លួនសំរាប់អាស៊ាន»៕
កិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃអង្គារ អំពាវនាវអោយយោធាមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សា