Home ព័ត៌មានជាតិ សេដ្ឋកិច្ច ដំណាំ​ស្ពៃជើង...

ដំណាំ​ស្ពៃជើងទា មាន​ហាងឆេង​ឡើងវិញ ធ្វើ​ឲ្យ​កសិករ មាន​ទឹកចិត្ត​ក្នុង​ការដាំដុះ

ដោយៈ គ្រញូង / បាត់ដំបងៈ ដំណាំ​ស្ពៃជើងទា ចាប់ផ្តើម​មាន​ហាងឆេង​ឡើងវិញ ធ្វើ​ឲ្យ​កសិករ មាន​ទឹកចិត្ត​ក្នុង​ការដាំដុះ​ឡើងវិញ ជាហេតុ​ធ្វើ​ឲ្យ​ជីវភាព របស់​ពួកគាត់ មាន​ភាព​ធូរធា​ច្រើនជាង​ឆ្នាំមុន ហើយ​អាចធ្វើ​ឲ្យ​កូនចៅ​គាត់ លែង​នាំគ្នា​ចំណាកស្រុក ទៅធ្វើ​ពលករ​ស៊ីឈ្នួល នៅ​ប្រទេស​ថៃ តទៅទៀត​។​

​លោក យឹម ពុ​យ អាយុ​ជាង ៥០​ឆ្នាំ ដែលជា​ម្ចាស់​ចំការ​ស្ពៃជើងទា បាន​ឲ្យ​ដឹងថាៈ គាត់​មាន​ដី ជិត​កន្លះ​ហិកតា ស្ថិតក្នុង​ភូមិ​អំពិល ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ហើយ​បច្ចុប្បន្ន ដល់​រដូវ​ប្រមូល​ផល​ស្ពៃជើងទា មួយកន្លែង​សិន ដែលមាន​ទំហំ ២០ រ៉ៃ ដែល​អាច​ប្រមូល​ផល បាន​ជាង ១០០ តោន ។​

​លោក​បាន​បន្តថាៈ ក្នុង​១​សប្តាហ៍ មកនេះ ស្ពៃជើងទា បាន​ហក់​ឡើង មួយ​គីឡូ ៥០០ រៀល​វិញ​ហើយ ខណៈ​កន្លងទៅ បានតែ ២០០ ទៅ ៣០០ រៀល​ប៉ុណ្ណោះ​។ លោក​បាន បន្តថាៈ តម្លៃ ៥០០ រៀល មួយ​គីឡូក្រាម អាច​ផ្តល់​ផលចំណេញ បាន​គួរសម បន្ទាប់ពី ទូទាត់​ចំណាយ លើក​ម្មករ ដែល​ធ្វើការ​ជាប្រចាំ ក្នុង​ចំការ​របស់គាត់ ជិត ២០ នាក់ ដែល​ភាគច្រើន ទើប​ត្រឡប់​មកពី​ថៃ ក្នុងនោះ មាន​ទាំង​កូនចៅ​របស់គាត់ ផងដែរ​។ លោក យឹម ពុ​យ បានបញ្ជាក់​ថាៈ ស្ពៃជើងទា ដែល​ប្រជាជន​ខ្មែរ​យើង និយម​យកទៅ​ធ្វើ​ជ្រក់ស្ពៃ ឬ ស្លម្ជូរ​នោះ ចាប់ផ្តើម​មាន​ហាងឆេង ឡើងវិញ​ហើយ​។

​ចំណែក​កម្មករ ដែល​កំពុង​ស៊ីឈ្នួល ប្រមូល​ផល​ស្ពៃជើងទា បាន​និយាយថាៈ បើសិនជា មានការ​ងារ ក្នុងស្រុក ធ្វើ​រាល់ថ្ងៃ ពួកគាត់​មិន​ត្រឡប់ ទៅ​ប្រទេស​ថៃ វិញ​នោះទេ ដូច្នេះ​ពួកគាត់ សំណូមពរ ដល់​រាជរដ្ឋាភិបាល ជំរុញ​ទីផ្សារ​បន្លែ​ក្នុងស្រុក អោយមាន​តម្លៃ​ថ្លៃ គួរសម ដើម្បីអោយ​ម្ចាស់​ចំការ បន្ត​ដាំ​កាន់តែច្រើន និង​ផ្តល់​ការងារ ច្រើន​ថែមទៀត ដល់​ពួកគាត់ ដែល​ទើប​ត្រឡប់ មកពី​ប្រទេស​ថៃ បានធ្វើការ ដើម្បី​ចិញ្ចឹមជីវិត​៕/V-PC

ម្ចាស់​និង​ចម្ការ​កំពុង​មមាញឹក​ប្រមូល​ផល​ស្ពៃជើងទា​

ម្ចាស់​និង​ចម្ការ​កំពុង​មមាញឹក​ប្រមូល​ផល​ស្ពៃជើងទា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular